សារ៉ាយ សក្ខណា ​​​រំលេចរឿង​បើក​ឆាក​​​​​​​​​​​​​​ «​សង្សារ​ខ្ញុំ​ក្រមុំ​កូន១»

អ្នក​នាង​ សារ៉ាយ សក្ខណា (ដោយ វង្ស សុម៉ាលីន)

នៅទីបំផុតខ្សែរឿង «សង្សារខ្ញុំក្រមុំកូន១» សម្ដែងដោយអ្នកនាង សារ៉ាយ សក្ខណា ក្រោយពីនាងសម្រេចចិត្តរៀបការ ហើយចេញទៅរស់ទៅសហរដ្ឋអាមេរិកនោះ ត្រូវបានប្រកាសចេញហើយ ដោយគ្រោងនឹងដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី២៤ខែសីហានេះ។ អ្នកនាងក៏នឹងបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធមួយថ្ងៃ មុនដាក់បញ្ចាំងផងដែរ ដោយអ្នកនាងបញ្ជាក់ថា សុខចិត្តពន្យារពេលឡើងទៅអាមេរិក ដើម្បីបាននៅទស្សនាខ្សែរឿងដែលខ្លួនបើកឆាកសម្ដែងក្រោយពេលរៀបការ។

អ្នកនាង សារ៉ាយ សក្ខណា បានថ្លែងថា តាំងពីអ្នកនាងរៀបការនិងចុះមកលេងប្រទេសកម្ពុជា គឺនាងទទួលសម្ដែងរឿង «សង្សារខ្ញុំក្រមុំកូន១» មុនគេ ដោយនាងបានចាត់ទុកថារឿងនេះក៏ជារឿងដែលនាងនឹងអ៊ុតទីផ្សារ ដើម្បីអោយច្បាស់ថាតើសន្ទុះគាំទ្រមានការប្រែប្រួលខុសពីពេលនៅលីវឬយ៉ាងណា។ ប៉ុន្តែនាងថាកម្រិតនៃការទទួលបានការងារសិល្បៈគឺល្អជាងមុន ទើបនាងចេះតែបន្តពន្យារពេលមិនទាន់សម្រេចចិត្តឡើងទៅកាន់អាមេរិកវិញ។

នាងថាខ្សែរឿង «សង្សារខ្ញុំក្រមុំកូន១» ជាស្នាដៃដំបូងដែលនាងថតឲ្យផលិតកម្ម Red Picture ដោយសុខចិត្តចំណាយលុយជិះយន្តហោះពីអាមេរិកមកថតតែម្ដង ដោយសារខាងផលិតកម្មផ្ដល់លក្ខខណ្ឌឲ្យខ្ពស់។

នៅក្នុងរឿងនេះនាងថាផលិតករឲ្យសម្ដែងជាតួក្រមុំកូនមួយ ដែលក្រៅពីលេងបែបកំប្លុកកំប្លែង ក៏មានឈុតឆាកស្នេហាជាមួយតួអង្គប្រុសខ្លះដែរ។ នាងរំពឹងយ៉ាងខ្លាំងថារឿងបើកទំព័ររបស់ខ្លួនក្រោយពេលរៀបការ នឹងបានជោគជ័យ។

សារ៉ាយ សក្ខណា បញ្ជាក់ថាក្រោយពីថ្ងៃបើកសម្ពោធរឿង នាងក៏មិនទាន់សម្រេចចិត្តឡើងទៅកាន់អាមេរិកវិញដែរ ដោយនាងសម្រេចនៅយ៉ាងហោច១ខែទៀត ដើម្បីសម្ដែងរឿងថ្មីនិងនៅចូលរួមកម្មវិធីសប្បុរសធម៌មួយជួយដល់មន្ទីរពេទ្យគន្ធបុប្ផានាថ្ងៃទី១៧ ខែកញ្ញា។

លោក ឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្ម Red Picture បានថ្លែងប្រាប់តាមទូរសព្ទថា ខ្សែរឿង «សង្សារខ្ញុំក្រមុំកូន១» គឺជារៀងទី៣ របស់ផលិតកម្ម បន្ទាប់ពីលោកបើកឆាកផលិតរឿងកាលពីដើមឆ្នាំ២០១៥ ហើយទទួលបានជោគជ័យក្នុងរឿង «ភូមិអត់មនុស្ស» និងរឿង «ទង់ព្រលឹង»។

លោកថាភាពយន្ត២រឿងកន្លងមកទទួលបានប្រាក់ចំណូលរហូតដល់៣០ម៉ឺនដុល្លារហួសពីការរំពឹងក្នុងមួយរឿង និងមានអ្នកទស្សនាច្រើនជាង៥០ម៉ឺននាក់ សម្រាប់ដាក់បញ្ចាំងរឿងនីមួយៗ ទើបលោកយល់ថាខ្សែរឿងដែលសម្ដែងដោយ សារ៉ាយ សក្ខណា នាពេលនេះនឹងមានលទ្ធផលមិនខុសពីរឿង២មុន។

លោកថា សារាយ សក្ខណា មិនស្រកចុះទីផ្សារ ព្រោះតែរឿងរៀបការនោះទេ ដោយក្រោយបញ្ចប់ការដាក់បញ្ចាំងរឿង «សង្សារខ្ញុំក្រមុំកូន១» លោកក៏នឹងត្រៀមរឿងថ្មីឲ្យនាងសម្ដែងបន្តទៀត។

លោកចាត់ទុកថាជាការបោះជំហរល្អប្រសើរដែលត្រឹមរយៈពេលមិនដល់២ឆ្នាំ លោកអាចផលិតរឿងបានដល់ទៅ៣គឺរឿង «ភូមិអត់មនុស្ស» និងរឿង «ទង់ព្រលឹង» ដែលបានក្លាយជាភាពយន្តទទួលចំណូលខ្ពស់ប្រចាំឆ្នាំ ខណៈរឿងទី៣ដែលត្រៀមនឹងដាក់បញ្ចាំងនាពេលនេះ ក៏នឹងពិតជាធ្វើឲ្យ សារ៉ាយ សក្ខណា លេចធ្លោក្នុងពិភពភាពយន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ