ពលរដ្ឋនៅខេត្តព្រះសីហនុបិទផ្លូវជាតិ៤បន្ទាប់ពីអាជ្ញាធររុះរើផ្ទះរបស់ពួកគេ

ប្រភពរូបភាពពី ហ្វេស ប៊ុក លោក គង់ ជី

ពលរដ្ឋមូយចំនួនក្នុងខេត្តព្រះសីហនុនៅថ្ងៃព្រហស្បតិ៍នេះបាននាំគ្នាបិទផ្លូវជាតិលេខ៤មួយរយៈ បន្ទាប់ពីអាជ្ញាធរខេត្តចុះរុះរើផ្ទះរបស់ពួកគេ។

តំណាងពលរដ្ឋលោក ហេង សុខុម ប្រាប់វីអូឌីថាអាជ្ញាធរខេត្តបានដាក់កំលាំងសមត្ថកិច្ចប្រមាណជិត១០០នាក់ ចុះរុះរើផ្ទះរបស់ពលរដ្ឋនៅភូមិ១សង្កាត់១ក្នុងខេត្តព្រះសីហនុអស់ចំនូន ប្រហែល៦០ខ្នងដោយមិនបានជូនដំណឹងដល់ពលរដ្ឋមុននោះទេ។

លោកថាក្រោយការរុះរើប្រជាពលរដ្ឋប្រមាណ៥០នាក់បាននាំគ្នាបិទផ្លូវជិត១ម៉ោងប្រឆាំងនឹង ចំណាត់ការរបស់អាជ្ញាធរនេះ ប៉ុន្តែត្រូវបានបើកវិញបន្ទាប់ពីមានការសម្របសម្រួសពីអាជ្ញាធរ។

លោកបន្ថែមថា៖ ព្រោះថាប៉េអឹមទាហានដាក់គ្រប់កន្លែងទាំងអស់មិនឲ្យប្រជាជនចួល បិទគ្រប់កន្លែង ចង់ចាប់ចង់ចង ចង់វៃខ្នោះធ្វើឲ្យប្រជាជនខ្លាច ៨០នាក់ដាក់គ្រប់កន្លែងទាំងអស់

ពលរដ្ឋម្នាក់អ្នកស្រី សឿន សាវី ឲ្យដឹងថា ពលរដ្ឋដែលអាជ្ញាធររុះរើផ្ទះនេះភាគច្រើនជាគ្រួសារអតីតទាហ៊ានជើងទឹកប្រចាំនៅខេត្តព្រះសីហនុដែលអ្នកស្រីថាពួកគេមិនមានដីជាកម្មសិទ្ឋសម្រាប់សង់ផ្ទះនៅនោះទេ គឺជួលផ្ទះគេនៅបណ្តោះអាសន្នច្រើនឆ្នាំមកហើយ។

អ្នកស្រីថា ដោយសារតែមិនចង់ជួលផ្ទះគេនៅបន្តទៀតគ្រួសារអ្នកស្រី និងពលរដ្ឋអតីតទាហាន ផ្សេងទៀតបាននាំគ្នាមកសង់ផ្ទះលើដីរដ្ឋមួយកន្លែងស្ថិតក្នុងភូមិ១ សង្កាត់១ ខេត្តព្រះសីហនុនេះរយៈ២ទៅ៣ឆ្នាំហើយដោយមិនមានបញ្ហាអ្វីនោះទេ ទើបតែពេលនេះអាជ្ញាធរចុះរុះរើដោយ មិនបានជូនដំណឹងមុនឡើយ។

អ្នកស្រីបន្ថែមថាប្តីខ្ញុំជាទាហ៊ានជើងទឹក ពេលដែលប្តីខ្ញុំស្លាប់ទៅគ្រួសារគ្មានដីនៅទេ អញ្ចឹងខ្ញុំចេះតែដើរនៅទៅដោយសារកូនធ្វើការរោងចក្រក្បែរនោះ ហើយបើគេ[អាជ្ញាធរ]មិនឲ្យនៅប្រាប់ប្រជាពលរដ្ឋមុនទៅថាកន្លែងនេះនៅមិនបានទេប៉ះពាល់ដីរដ្ឋអញ្ចឹងពួកខ្ញុំទៅហើយ បើចុះមករុះប្រាវៗអស់ទ្រព្យសម្បិត្តិពលរដ្ឋអញ្ចឹង អាណាមិនខឹង

អ្នកស្រីបន្ថែមថា ក្រោយការរុះរើនេះពួកគាត់មិនដឹងទៅរស់នៅកន្លែងណានោះទេ។ អ្នកស្រី សឿន សាវី អំពាវនាវ ឲ្យអាជ្ញាធរ និងលោកនាយករដ្ឋមន្រ្តីហ៊ុនសែនជួយរកន្លែងសម្រាប់ពួកគាត់រស់នៅបានសមរម្យ។

អភិបាលខេត្តព្រះសីហានុ លោក យន្ត មីន មានប្រសាសន៍ថាមូលហេតុដែលអាជ្ញាធររុះផ្ទះពលរដ្ឋនោះដោយសារពលរដ្ឋទាំងនោះនាំគ្នាមករស់នៅលើដីហាមឃាត់របស់រដ្ឋ ។ ហើយ អាជ្ញាធរមិនមានការដោះស្រាយអ្វីឲ្យនោះទេ។

លោកបន្ថែមថា៖ គាត់នាំគ្នាទៅកាប់ព្រៃនៅតំបន់ហាមដើម្បីសង់ខ្ទមធ្វើផ្ទះ អញ្ចឹងយើងមិន អនុញ្ញាតិ្តទេ ព្រោះដីនឹងជាដីការពារដាច់ខាតម៉ងហាស បើគាត់អត់ដីគាត់អាចស្នើមកខេត្ត បានព្រោះអីខេត្តបានកាត់ដីសម្រាប់សង្គមកិច្ចច្រើនណាស់

មន្រ្តីសម្របសម្រួសនៃសហគមអាដហុក អ្នកស្រី ឈាប សុធារី មានប្រសាសន៍ថា អាជ្ញាធរមិនគួរចុះរុះរើទាំងបង្ខំដូចនេះ ហើយគួរជូនដំណឹងមុនដោយអ្នកស្រីថា ពលរដ្ឋទាំង នោះភាគច្រើនជាពលរដ្ឋក្រីក្រមិនមានដីសម្រាប់សង់ផ្ទះនោះទេ។

អ្នកស្រី ឈាប សុធារី ស្នើឲ្យអាជ្ញាធរគួរស្រង់ឈ្មោះពលរដ្ឋទាំងនោះដើម្បីដឹងពីចំនួនពលរដ្ឋ ពិតប្រាកដើម្បីធ្វើការផ្តល់ដីសង្គមកិច្ចជូនពួកគេតាមនីតិវិធី ជាជាងប្រើកំលាំងមករុះភ្លាមៗដូចនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ