ក្រសួងដោះស្រាយបញ្ចប់ជម្លោះដីធ្លីពលរដ្ឋ និង ​ក្រុមហ៊ុន​ស្ករសចំនួន​៤ខេត្ត​

ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ សហការជាមួយក្រសួងពាក់ព័ន្ធ រៀបចំក្រុមការងារដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន​ស្ករសនៅក្នុងខេត្តចំនួន​៤ឲ្យចប់ បន្ទាប់ពីជម្លោះអូសបន្លាយជាង​១០ឆ្នាំមកនេះ។​

ក្នុង​លិខិត​ណែ​នាំ​អនុវត្តចុះ​ថ្ងៃ​ទី ១៨ កញ្ញា​ឆ្នាំ​២០១៧ ដែល​វី​អូ​ឌី​ទើប​ទទួល​បាន​ឲ្យ​ដឹងថា រដ្ឋ​មន្ត្រី​ក្រសួង​​ដែន​ដី និង​​រដ្ឋ​មន្ត្រីក្រសួង​ពាក់​ព័ន្ធផ្សេងទៀត​​បាន​សម្រេច​រៀប​ចំ​ក្រុមការ​ងារចុះ​ត្រួត​ពិនិត្យ​ព័ត៌មាន ប្រមូល​ទិន្និន័យ ផ្ទៀង​ផ្ទាត់​រក​អ្នក​ដែល​រងគ្រោះ​ពិតប្រាកដ​ ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ប្រជា​ពល​រដ្ឋ ដែល​រងផល​ប៉ះ​ពាល់​ពី​គម្រោងសម្បទាន​ដី​សេដ្ឋកិច្ច​សម្រាប់​ឧស្សា​ហ​កម្ម​​ដំណាំផលិត​ស្ករ​ស​នាំ​ចេញ​ក្នុង​ខេត្ត កំពង់​ស្ពឺ កោះ​កុង ខេត្ត​ព្រះ​វិហារ និង​ខេត្តឧត្តរ​មាន​ជ័យ។

ក្នុង​កិច្ច​ការ​ចុះ​វាស់​វែ​ងនេះ​ក្រសួងដែន​ដី​​បញ្ជាក់​ថា អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ត្រូវ​មក​បំពេញ​ព័ត៌មាន​ដោយផ្ទាល់​ ចាប់​ពី​ថ្ងៃ​ទី​​៤ កញ្ញា ដល់​ថ្ងៃ​ទី​៣ តុលា​ ឆ្នាំ​២០១៧ និង​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯក​សារ​ ឬ​ភស្តុតាង​ដែល​ចាំ​បាច់​ទាំងអស់​​មក​ជា​មួយ​ផង។

តំណាង​ពល​រដ្ឋ​រង​គ្រោះ​ដី​ធ្លី​នៅ​ខេត្ត​កោះ​កុងអ្នកស្រី​ ផាវ ញីង មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​ក្រសួង​មាន​ដំណោះ​ស្រាយ​បែប​នេះ​មែន​ តែ​មន្ត្រី​ថ្នាក់​ក្រោមជា​ពិសេស​អាជ្ញា​ធរ​មូល​ដ្ឋាន​ហាក់​មាន​ការ​រើស​អើង​ចំពោះ​ពល​រដ្ឋ​ ដោយ​ថាមេ​ភូមិ​មួយ​ចំនួន​មិន​បាន​ចុះ​ហត្ថលេខា​បញ្ជាក់​ភាព​ត្រឹម​ត្រូវ​លើ​សលាកបត្រ​បញ្ជាក់ឲ្យ​ពួក​គាត់​មួយ​ចំនួន​នោះ​ទេ។

អ្នក​ស្រី​ផាវ ញើង៖ « ខ្ញុំបានចុះរួចរាល់ហើយតាំងពីថ្ងៃទីខែកញ្ញាមកម្លេះ តែមិនបានទទួលលទ្ធផលអីទេរហូតមកដល់ពេលនេះ ដោយសារមានមូលហេតុតែមួយគត់គឺមេភូមិក្នុង១៧៥គ្រួសារខ្ញុំនេះគឺមានមេភូមិព្រែកជីកក៏អត់មានចុះហត្ថលេខា ហើយគាត់បានបដិសេធថាគាត់មិនអាចសញ៉េបានទេគាត់មិនដឹងថាប្រជាជនមានដីអីច្បាស់លាស់ទេទី២មេភូមិជីខ ក្នុងឃុំជីខលើមានមួយចំនួនគេចុះហត្ថលេខាឲ្យតែមានអ្នកមួយចំនួនគឺអត់បានចុះទេ! »

វី​អូ​ឌី​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ណា​ម្នាក់​នៃ​ក្រសួង​ដែន​ដី​ ដើម្បីពន្យល់បញ្ហានេះបាន​នោះ​ទេ ដោយ​ទូរស័ព្ទចូល​តែ​​គ្មាន​អ្នក​ទទួល​។

មន្ត្រីសម្របសម្រួលអង្គការលីការប្រចាំខេត្តកោះកុងលោក អ៊ិន គង់ជិត មានប្រសាសន៍ថាដោយសារកន្លងមកអាជ្ញាធរភូមិតែងតែរងឥទ្ធិពលនយោបាយរបស់បក្សខ្លួន ដូច្នេះហើយរាល់ពលរដ្ឋដែលតវ៉ាចំពោះការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាលធ្វើឲ្យមេភូមិនោះចាត់ទុកជាអ្នកប្រឆាំងខ្លួន ដែលជាមូលហេតុមួយធ្វើឲ្យពួកគេមិនបញ្ចាក់ជូនពលរដ្ឋទាំងនោះ។

លោកថា៖ « ហើយប្រសិនជាគាត់មិនស៊ីញ៉េមិនចុះហត្ថលេខាអាហ្នឹងគាត់មិនអនុវត្តន៍តួនាទីគាត់ ហើយបើមិនអនុវត្តតួនាទី ប្រយ័ត្នពលរដ្ឋគេធ្វើញាត្តិស្នើសុំទៅអាជ្ញាធរខេត្ត ឬក៏ក្រសួងមហាផ្ទៃឲ្យដករូបគាត់ចេញរឿងហ្នឹង ឲ្យតែមិនអនុវត្តន៍តួនាទីឥឡូវដែលថាគាត់ស្រពិចស្រពិតយ៉ាងមិចគាត់គួរតែ ឲ្យម្ចាស់ដីនាំទៅបង្ហាញហើយមានសាក្សីដឹងឮទៅ។ ហើយបើគាត់បដិសេធទាំងស្រុងចឹងមានន័យថាគាត់មិនចូលរួម ដឹងឮការប្រើប្រាស់ដីដឹងប្រជាពលរដ្ឋមានន័យថា គាត់អត់បានចូលការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋទេ»

កាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៧ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង​ក្រសួង​រៀបចំដែនដី បានបើកកិច្ចប្រជុំសំងាត់មួយ ដើម្បី​រក​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ស្ករអំពៅនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងខេត្តព្រះវិហារ។

ក្រោយកិច្ចប្រជុំនេះ ក្រសួង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយដោយបញ្ជា​ឲ្យអាជ្ញាធរ​ថ្នា​ក់​ក្រោម​ជាតិ​ តាមខេត្តនីមួយៗត្រូវបំពេញទម្រង់បែបបទ និងធ្វើអត្តសញ្ញាណកម្មប្រជាពលរដ្ឋ រួមទាំង​ទីតាំង​ដីធ្លី ដើម្បីដោះស្រាយ ដោយទុកឲ្យអាជ្ញាធរទាំងនោះធ្វើការងារនេះរយៈពេល៣០ថ្ងៃ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ