អាជ្ញាធរឧតុនិយមកម្ពុជា បានព្រមានទៅដល់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តចំនួន ១២ នៅតំបន់ទំនាបកណ្ដាល និងឆ្នេរសមុទ្រ ឲ្យប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមាន ចាប់ពីថ្ងៃនេះ រហូតដល់បំណាច់ខែតុលានេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃនេះរហូតដល់ដាច់ខែតុលានេះ ខេត្តកំពង់ស្ពឺ កណ្ដាល កំពត តាកែវ ស្វាយរៀង កំពង់ឆ្នាំង ត្បូងឃ្មុំ ក្រចេះ កំពង់ចាម និងខេត្តព្រៃវែង នឹងមានភ្លៀងធ្លាក់ក្នុងបរិមាណបង្គួរទៅច្រើន ខណៈដែលខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ច្រើន។ ក្រសួងបន្ថែមថា នេះក៏ដោយសារតែប្រទេសកម្ពុជាទទួលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់ VOD កាលពីថ្ងៃទី២០ ខែតុលាថា ជំនន់ទឹកភ្លៀងរយៈពេលជិត ១ខែកន្លងមកនេះ បានបង្កការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ និងប៉ះពាល់ដំណាំស្រូវរាប់ពាន់ហិចតា នៅខេត្តស្វាយរៀង កំពង់ស្ពឹ កណ្ដាល និងខណ្ឌដង្កោ នៅភាគខាងត្បូងរាជធានីភ្នំពេញ៕