គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៦លាន ១២ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងរយៈពេល ៥១ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៦លាន ១២ម៉ឺន ៤ពាន់នាក់ ឬស្មើនឹងជាង ៦៣ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស។
បើធៀបទៅថ្ងៃទី២០ខែតុលា ចំនួនអ្នកចុះឈ្មោះបោះឆ្នោតនេះ បានកើនឡើងជាង ៦ម៉ឺន ៣ពាន់នាក់ កាលពីថ្ងៃម្សិលមិញនេះ៕