អភិបាលខេត្តគ្រោងស្នើសុំលោក ស ខេង ប្តូរទីតំាងរដ្ឋបាលទៅ​ជាយក្រុងព្រះសីហនុ​

ទីតាំងសាលាខេត្តនិងទីតាំង​ស្ថាប័ន​រដ្ឋជាង៣០កន្លែងនៅខេត្តព្រះសីហនុ ត្រូវបានគេស្នើសុំឲ្យផ្លាស់ចេញ ទៅកាន់ជាយក្រុងព្រះសីហនុ ​ នៅពេលខាងមុខ ក្រោម​​គម្រោង​​អភិវឌ្ឍន៍របស់​ក្រុមហ៊ុន ​ពិភពអេស៊ា ត្រេឌីញ​។​ ​នេះបើតាមកំណត់ហេតុនៃកិច្ចប្រជុំមួយរបស់អភិបាលរងខេត្តព្រះសីហនុជាមួយនឹង​ប្រធាន​មន្ទីរមួយ​ចំនួននៅខេត្តតំបន់​ទេសចរណ៍មាត់សមុទ្រនេះ។

ក្នុងកំណត់ហេតុកិច្ចប្រជុំក្រុមការងារចុះពិនិត្យសិក្សា ស្តីពីការស្នើសុំដោះដូរទីតំាងដីរដ្ឋ​បាលមួយចំនួនក្នុង ក្រុងព្រះសីហនុ ដើម្បីបង្កើតតំបន់រដ្ឋបាលប្រមូលផ្តុំ ដែលចុះហត្ថលេខាដោយអភិបាលខេត្ត លោក យន្ត មីន កាលពីពេលកន្លងទៅដែលទើប​ធ្លាក់​ដល់​ដៃអ្នកសារព័ត៌មានថ្មីៗនេះ មានខ្លឹមសារថា ទីតំាងរដ្ឋបាលសាលាខេត្ត និង​​ស្ថាប័នរដ្ឋជាង៣០​កន្លែងដែលមានទំហំដីសរុប ១៧៨,៧១១ម៉ែត្រការ៉េ នឹងត្រូវប្ដូរទៅទីតាំងថ្មី ដែលមានផ្ទៃដីទំហំ ២៣៣,២០០ម៉ែត្រការ៉េ ស្មើនឹង២៥ហិកតា ស្ថិតនៅជាយក្រុងព្រះសីហនុវិញ​។

ស្ថាប័នដែលគ្រោងប្តូរទៅទីតំាងថ្មី រួមមាន ស្នងការនគរបាល, អធិការដ្ឋាននគរបាល, អធិការដ្ឋានរដ្ឋបាល​ព្រៃឈើ ឈូង  សមុទ្រ, រតនាគារ, អគារពន្ធដារថ្មី, សាលាដំបូង, មន្ទីរពាណិជ្ជកម្ម, មន្ទីរទេសចរណ៍, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីរព័ត៌មាន, មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, គណៈកម្មការជាតិរៀបចំការបោះឆ្នោត, មន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរបរិស្ថានចាស់, មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរសុខាភិបាល, មន្ទីរអប់រំ យុវជន និងកីឡា, និងសាខាគយ និងរដ្ឋករខេត្ត ជាដើម។

VOD បានទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ដែរ តែលោកថា ជាប់រវល់ប្រជុំ​។

យ៉ាងណាក៏ដោយ កាលពីថ្ងៃពុធម្សិលមិញ​ ព័ត៌មានក្នុងស្រុកបានដក់ស្រង់សម្តីលោក ខៀវ សុភ័គ ថា ក្រសួង​មិនមានគម្រោងប្តូរទីតំាងរដ្ឋបាលខេត្តព្រះសីហនុ ទៅជាយក្រុងនោះទេ។

អ្នកប្រឹក្សាឯករាជ្យ ផ្នែកអភិបាលកិច្ចលោក សួន​ ប៊ុនស័ក្តិ យល់ថា បើមានការផ្លាស់​ប្តូរទី​តំាង​រដ្ឋ​បាល​របស់​រ​ដ្ឋ​ពី​កណ្តាលក្រុង ទៅជាយក្រុង លោកថានឹងបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុង​ការផ្តល់ និង​ទទួល​បាន​សេវាពីស្ថាប័នរដ្ឋ៖«ចំណុចនេះ ខ្ញុំគិតថា ជាការលំបាកទៅវិញ ព្រោះកន្លែងស្ថាប័នរដ្ឋ គួរ​តែនៅកន្លែងជួបជុំ ដើម្បីសាធារណៈជនប្រើប្រាស់សេវាកម្ម​របស់រដ្ឋ រួចមន្ត្រីរបស់រដ្ឋក៏ពិបាក​នៅក្នុង​ការ​ជួយ​​ដល់​ប្រជាពលរដ្ឋ ជាពិសេសគឺទទួលព័ត៌មានពីប្រជាពលរដ្ឋ​»។

កាលពី លោក ស៊ូ ភិរិន្ទ ធ្វើជាអភិបាលខេត្តសៀមរាប លោកក៏បាន​ដូរសាលាខេត្ត ទៅជាយក្រុង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រផង​ដែរ។ នៅពេលនោះ​ធ្វើឲ្យក្រុមមន្ត្រីរាជការរាប់សិប​នាក់​ មិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំង ដោយថា ចម្ងាយផ្លូវធ្វើដំណើរទៅធ្វើការងារឆ្ងាយពេក។​ ក្រោយមក អភិបាលខេត្តថ្មីលោក ឃឹម ប៊ុនសុង ដែលឡើងជំនួស​លោក ស៊ូ ភិរិន្ទ បានសម្រេចយកសាលាខេត្ត​សៀមរាប មកដាក់នៅកណ្ដាលក្រុងវិញ។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ