លោក ហេង សំរិន មិនឲ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចូលឆ្លើយបំភ្លឺករណីឃាតកម្មលោក កែម ឡី

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

ប្រធានរដ្ឋសភាបានសម្រេចច្រានចោលសំណើរបស់គណបក្សប្រឆាំង ដោយពុំអនុញ្ញាតឲ្យរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចូលឆ្លើយបំភ្លឺជុំវិញករណីឃាតកម្មអ្នកវិភាគសង្គម លោក កែម ឡី។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី២២ធ្នូ នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានសម្រេចបដិសេធសំណើរបស់លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដោយជំទាស់មិនឲ្យលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី ឡើយ។

នៅក្នុងសេចក្ដីប្រកាស បានលើកឡើងហេតុផលថា ករណីឃាតកម្មលោក កែម ឡី បានធ្លាក់ទៅក្នុងសមត្ថកិច្ចតុលាការតាំងពីដំណាក់កាលដំបូង និងយូរមកហើយ ដោយថា «ទាំងរដ្ឋសភា និងទាំងរាជរដ្ឋាភិបាលសុទ្ធតែពុំមានសិទ្ធិអ្វីជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការឡើយ»

លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានឲ្យ VOD ដឹងថា លោកមានការភ្ញាក់ផ្អើលចំពោះការច្រាលចោលនេះ ដោយលោកថារដ្ឋសភាពុំមានសិទ្ធិសម្រេចចំពោះការស្នើសុំនោះឡើយ។​ លោកបន្ថែមថាការសម្រេចនេះ គឺមិនមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងរដ្ឋធម្មនុញ្ញទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលនឹងការសម្រេចហ្នឹង ព្រោះយើងដឹងហើយថាអំណាចរបស់រដ្ឋសភា គឺមិនមែនជាអ្នកឆ្លើយទេ ជាអ្នកតាំងសំណួរ និងកោះអញ្ជើញរាជរដ្ឋាភិបាលឲ្យមកបំភ្លឺ។ ប៉ុន្ដែឥឡូវនេះ ករណីដែលគណៈកម្មការទី១ សុំកោះអញ្ជើញរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃមកបំភ្លឺ បែរជារដ្ឋសភាខ្លួនឯងឆ្លើយជំនួសទៅវិញ»

ទោះមិនអាចកោះអញ្ជើញរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតាមការស្នើសុំក៏ដោយ លោក អេង ឆៃអ៊ាង និយាយថានឹងបន្ដកោះហៅរដ្ឋមន្ដ្រីពាក់ព័ន្ធផ្សេងទៀតមកឆ្លើយបំភ្លឺនាពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ