មន្ដ្រីមូលដ្ឋាននៅខេត្ដសៀមរាប រងការរិះគន់ថា បង្ខំពលរដ្ឋឲ្យចូលបក្សកាន់អំណាច

មន្រ្តីអាជ្ញាធរមូលដ្ឋាននៅខេត្តសៀមរាប រងការរិះគន់ថា បាន​បង្ខំ​ពល​រដ្ឋឲ្យ​ផ្ដិតមេដៃចូលជាសកម្មជនគណបក្សកាន់អំណាច នៅក្រោមហេតុផលថា ដើម្បី​ងា​យ​​​​ស្រួលដោះស្រាយបញ្ហាកើតឡើង។

ជំទប់ទី២នៃឃុំជប់តាត្រាវ មកពីគណបក្ស សម រង្ស៊ី លោក ព្រឹក ញ៉ាន ឲ្យវីអូឌីដឹង​នៅ​ថ្ងនេះថា ជំទប់ទី១លោក ឆេង ឆុង និងអនុភូមិម្នាក់ទៀត មកពីគណបក្សប្រជាជនកម្ពុជា បានបង្ខំ​ពល​រដ្ឋចំនួន​៥នាក់ ឲ្យផ្ដិតមេដៃចូលជា​សមាជិកបក្សកាន់អំណាច ដោយលើកហេតុផលថា ងាយស្រួលដោះ​ស្រាយ​ជម្លោះ និងបញ្ហាកើតឡើង​។ លោកបន្ដថា ការបង្ខិតបង្ខំនេះ មានរយៈពេលបីថ្ងៃមកហើយ ដែល ធ្វើឲ្យ​អ្នកភូមិមានការព្រួយបារម្ភនិង​ភ័យខ្លាច និងបង្កជម្លោះជាមួយអនុភូមិផងដែរ។​លោកចាត់ទុក​ករណី​នេះជាការគម្រាមកំហែង​ដល់ពលរដ្ឋ ខណៈដែលតំបន់នោះ​ស្ថិត​នៅឆ្ងាយពីទីប្រជុំជន។ លោកបន្ដ​ថា«គណបក្សប្រជាជនជំទប់ទី១និងអនុភូមិម្នាក់ប្រមូលប្រជាពលរដ្ឋយកអត្ដសញ្ញាណប័ណ្ណហើយឲ្យផ្ដិតមេដៃហៅមកយប់ម៉ោង៨ប្រជាពលរដ្ឋគាត់រកាំរកូសគាត់ឈ្លោះប្រកែកឈ្លោះនិងអនុភូមិ។អនុភូមិគាត់ថាប្ដឹងអ្នកណាប្ដឹងទៅគេហៅមកហ្នឹងឲ្យចូលក្រុមគេបើមិនចូលក្រុមគេទេគេមានរឿងរ៉ាវអីគេមិនដោះស្រាយឲ្យគាត់ឆ្លល់»។

​អ្នកភូមិម្នាក់ក្នុងចំណោម៥នាក់ នៅភូមិទ័ពស្វាយ ក្នុងខេត្តសៀមរាប លោក សៀ សី ឲ្យដឹងថា ពួកគាត់​៥នាក់ ត្រូវបានអនុភូមិឈ្មោះ​ខាន់ និងជំទប់ទី១លោក ឆេង ឆុង កត់យកលេខ​កូដ​អត្ដ​សញ្ញាណ​ប័ណ្ណ និង​ឲ្យ​ផ្ដិត​មេ​​ដៃ​ចូលជា​ក្រុម​គណ​បក្សប្រជាជន នៅម៉ៅង៨យប់ ដោយប្រាប់ថា បើមិន​ចូល​ក្រុមនេះទេ ពួកគាត់គ្មានអ្នកជួយ​ដោះ​ស្រាយជម្លោះកើតឡើងនៅក្នុងភូមិទេ។លោកបន្ដថា ការហៅពួកគេ​នេះ ជាអ្នក​ខ្វះចំ​ណេះ​ដឹង ដែលលោកថា ពួកគាត់មានការភ័យខ្លាច ខណៈ​ដែលហៅពួកគាត់ទៅចូលជា​ក្រុមធ្វើឡើង​នៅ​ពេល​យប់ និងលួចលាក់។លោកបន្ដថា«មកដេកគិតម្ដងទៀតខ្ញុំគិតថាម៉េចមិនធ្វើដោយបើកចំហរហេតុអីធ្វើនៅពេលយប់ហើយនាំតែអ្នកអត់ចេះអក្សរ។ខ្ញុំអានមើលឯកសារគេត្រួសសូមថ្លែងអំណរគុណស្អីៗទេចូលជាក្រុមបើសិនមានបញ្ហាអីមួយដូចជាជម្លោះក្នុងភូមិរកគេជួយដោះស្រាយងាយស្រួលគេនិយាយអញ្ចឹង។ឪខ្ញុំទៅសួរដល់សួរទៅមិនដឹងចន្លោះពាក្យយ៉ាងម៉េចទេឲ្យឪខ្ញុំប្ដឹងទីណាទៅចុះ»។

ករណីនេះ ជំទប់ទី១នៃឃុំជប់តាត្រាវ លោក ឆេង ឆុង មានប្រ​សាសន៍ថា ​លោកមិនបា​នបង្ខំឲ្យពលរដ្ឋផ្ដិតមេដៃនោះទេ ប៉ុន្ដែលោកទទួលស្គាល់​ បានហៅពលដ្ឋ​ឲ្យចូល​ជាក្រុមគណបក្សកាន់​អំណា​ច ​ដែលលោកថា ជាគោលការណ៍ គណបក្សរបស់លោកឲ្យកសាង​សមាជិកជា​​អ្នកដែលទើបមានឈ្មោះចុះឈ្មោះបោះឆ្នោតដំបូង។​លោកបញ្ជាក់ថា«គោលការណ៍នៃការងារគណបក្សរបស់ខ្ញុំត្រូវការកសាងប៉ុន្ដែយើងធ្វើតាមគោលការណ៍មិនបានធ្វើអ្វីធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ដល់ពួកគាត់ទេហើយក៍មិនបានបង្ខិតបង្ខំពួកគាត់ដែរចឹងបបើគាត់ទៅចូលគឺយើងបញ្ចូលពួកគាត់»

ទោះជាយ៉ាងណា អ្នកសម្របសម្រួលអង្គការពារសិទ្ធិមនុស្សលីកាដូខេត្ដសៀមរាបលោក នូ ពុទ្ធិ មានប្រសាសន៍ថា​ គណបក្សនយោបាយនីមួយៗ​គួរផ្ញើសារឲ្យម្ចាស់ឆ្នោតពិ​ចារណាលើគោល​នយោ​បាយ​របស់ខ្លួន ខណៈដែល​ការបោះឆ្នោតជិតមកដល់។លោកបន្ដថា ​ការបង្ខិត​​បង្ខំ ឬទិញទឹកចិត្ដ​ពលរដ្ឋឲ្យ​ចូលរូមជា​មួយ​គណបក្សនយោបាយណាមួយ ​លោកថា​​ ជាទង្វើខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ