ដោយខ្ញុំធ្លាប់ធ្វើការជាមួយអ្នកស្រាវជ្រាវ អ្នកបច្ចេកទេស និង បញ្ញវ័ន្តបស្ចិមប្រទេស និង អឺរ៉ុបជាង ១០ឆ្នាំ ខ្ញុំសូមចែករំលែកបទពិសោធន៍ខ្លះៗ អំពីខួរក្បាល និង ការគិតរបស់ពួកស្បែកស ភ្នែកប្រាក់ ដែលខ្មែរយើងនិយមថា ពួកបារាំងដល់មិត្តអ្នកអាន។
លក្ខណៈពិសេសរបស់ពួកនេះគឺ ១.ធ្វើការប្រកបដោយវិជ្ជាជីវៈ ជាលក្ខណៈសត្យានុម័ត (objective) មិនមែនអត្តនោម័ត (subjective) មិនប្រើគំនុំបុគ្គលក្នុងពេលការងារ ២.ស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់ មុននឹងធ្វើការសន្និដ្ឋាននៅក្នុងរបាយការណ៍របស់ខ្លួន ៣.ធ្វើការដោយសេរី មិនចូលចិត្តសម្ពាធពីឋានានុក្រម មិននិយមបក្សពួក ៤.ចូលចិត្តការផ្សេងព្រេង។ល។និង។ល។
ក្រៅពីនេះ ខ្ញុំនៅសម្គាល់ទៀតថា មិនថាក្នុងការធ្វើដំណើរទៅក្រៅប្រទេស ដើម្បីធ្វើការងារក្តី ឬ បោះទុនវិនិយោគក្តី ឬ ដើរកំសាន្តក្តី ពួកគេតែងធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ និង ស្វះស្វែងសាកសួរយោបល់ពីអ្នកមានបទពិសោធន៍ និងឯកសារស្រាវជ្រាវនានា បើអាចរកបាន។ ហើយរវាងសម្ដីរបស់ម្ចាស់ស្រុក និង ជនជាតិអឺរ៉ុបដូចគ្នា ពួកនេះជឿជាក់លើខ្លួនឯងជាងអ្នកដទៃ។
ប្រហែលជាកត្តាអស់ទាំងនេះហើយ ទើបទ្វីអឺរ៉ុបទាំងមូលមានអត្រាអ្នករៀនសូត្រចេះដឹង មានអ្នកប្រាជ្ញ មានការគោរពច្បាប់ មានគុណធម៌ សីលធម៌ ច្រើនជាង និងខ្ពស់ជាងទ្វីបដទៃ។ ហេតុនេះហើយ ទ្វីបអឺរ៉ុបក្លាយជាទ្វីបគំរូក្នុងការគោរពសិទ្ធិមនុស្ស ប្រជាពលរដ្ឋមានសេរីភាពជាងទ្វីបដទៃ។ ហើយពេលជនជាតិទាំងនេះទៅតាំងទីលំនៅនៅប្រទេស ឬទ្វីបដទៃ ទឹកដីថ្មីមានវិបុលភាពគួរឲ្យកត់សម្គាល់ ដូចជា អូស្រា្តលី សហរដ្ឋអាមេរិក កាណាដា។ល។
ហេតុនេះ ប្រទេសនានាដែលចង់ភ្ជាប់ទំនាក់ទំនងការទូត នយោបាយ និង សេដ្ឋកិច្ចឲ្យបានល្អប្រសើរជាមួយទ្វីបអឺរ៉ុប គេគួរស្វែងយល់ពីលក្ខខណ្ឌនានាដែលទ្វីបនេះចង់ឲ្យមានដូចជា ការគោរពច្បាប់ គោរពសិទ្ធិមនុស្ស សេរីភាពពលរដ្ឋ យុត្តិធម៌ក្នុងការចែករំលែកកំណើនសេដ្ឋកិច្ច លុបបំបាត់អំពើពុករលួយ និងបក្សពួកនិយម។ ប្រហែលប្រទេសថៃបានស្វែងយល់ និង បានអនុវត្តយ៉ាងជោគជ័យក្នុងការទាក់ចិត្តប្រជាជននៅទ្វីបអឺរ៉ុបហើយ បានជាប្រទេសនេះមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ទាក់ទាញការវិនិយោគពីអឺរ៉ុបបានច្រើនជាងប្រទេសផ្សេងទៀតនៅក្នុងភូមិភាគអាស៊ីអគ្នេយ៍។ បច្ចុប្បន្ន ប្រទេសវៀតណាមក៏កំពុងដើរតាមលំអាននេះដែរ។
ខ្ញុំផ្ទាល់គិត រវាងសម្ដីប៉ុន្មានម៉ាត់របស់ថ្នាក់លើយើងដែលបានដៀលត្មេះអង្គការនានាដូចជាគ្លបប៊លវីតណេស (Global Witness) ឬ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ឬ អង្គការតម្លាភាពអន្តរជាតិ (Transparency International) ឬ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សសហប្រជាជាតិ (OHCHR) ថាមានលក្ខណៈឆ្កួតលីលា ថាមានចរិតនយោបាយ ថាលម្អៀងទៅរកក្រុមប្រឆាំង ក្នុងការតបតទៅនឹងរបាយការណ៍រាប់សិបទំព័ររបស់ស្ថាប័នទាំងនេះ ទាំងខ្លួនឯងគ្មានរបាយការណ៍ណាមួយបញ្ជាក់ក្នុងដៃនោះ ប្រាកដជាពួកភ្នែកប្រាក់ទាំងនោះគេជឿគ្នាគេជាងយើងហើយ។
ម្យ៉ាងវិញទៀត គេនឹងវាយតម្លៃទៅលើមេដឹកនាំរូបនោះ ស្រដៀងនឹងពាក្យខ្មែរមួយឃ្លាថា “សម្ដីសជាតិ មាយាទសពូជ” នោះហើយប្រៀបដូចជាស្រាតខោនៅកណ្តាលវាលឲ្យគេមើលអញ្ចឹង។ គេមិនគិតថា ស្ថាប័នទាំងនោះឆ្កួតលីលា ដូចយើងគិតនោះទេ ព្រោះគេបានស្រាវជ្រាវរាប់ខែរាប់ឆ្នាំ ផ្ទុយទៅវិញ គេអាចគិតថា យើងទេជាមនុស្សឆ្កួតលីលា កាន់អំណាចជាង ៣០ឆ្នាំហើយ មិនចូលសង្គមដែលមានអរិយធម៌ខ្ពងខ្ពស់ដូចគេបាន ប្រៀបដូចជា រឿងនិទានស្វាពាក់មកុតដែរ។
វិធីសាស្រ្តដែលថ្នាក់ដឹកនាំយើងបានយកមកប្រើដើម្បីទាក់ទាញអ្នកវិនិយោគអឺរ៉ុប ប្រហែលជាទទួលជោគជ័យក្នុងការទាក់ទាញបានអ្នកវិនិយោគរបៀបលោតឆ័ត្រ ធ្វើនំអត់ម្សៅ ឬរបៀបរកស៊ីបែបពួកម៉ាហ្វីយ៉ានៅអ៊ីតាលី ឬ រុស្ស៊ី ច្រើនបានចំណែកក្រុមហ៊ុនសាជីវកម្មពហុជាតិ (Multi-national Corporation) ធំៗ ប្រហែលជាពិបាកមករកស៊ីនៅស្រុកយើងបន្តិច ព្រោះពួកនេះមានការគោរពច្បាប់តឹងរ៉ឹងជាងក្រុមហ៊ុនតូចតាចទៅទៀត។
កាន់អំណាចជាង៣០ឆ្នាំហើយ ក្រៅពីពង្រឹងអំណាចរបស់ខ្លួន ទាមទារការទទួលស្គាល់ និង ទំនុកចិត្តពីអន្តរជាតិ ជាពិសេសពីទ្វីបអឺរ៉ុប និងបស្ចិមប្រទេសប្រហែលជាកត្តាមួយសំខាន់ដែរ ដើម្បីឲ្យមានអំនួតក្នុងពិភពគុណ និងឆាកអន្តរជាតិនឹងគេ។ ប៉ុន្តែ បទពិសោធន៍ពីមេផ្តាច់ការមួយចំនួនពីអតីតកាលបានបង្រៀនប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំនៅទ្វីបអឺរ៉ុប និង បស្ចិមប្រទេសក្នុងការផ្តល់ទំនាក់ទំនងដល់ប្រទេសតូចតាចដូចយើង។ ប្រហែលជាចំណុចសំខាន់ដែលប្រទេសនៅទ្វីបទាំងនេះចង់បានគឺ ការផ្លាស់ប្តូរមេដឹកនាំជាទៀងទាត់នេះទេដឹង បានជានៅវៀតណាមក្តី ចិនក្តី គេរៀបចំឲ្យការផ្លាស់ប្តូរមេដឹកនាំរវាង ១០ ឆ្នាំម្តងយ៉ាងយូរ។
ចង់ចូលសង្គមស៊ីវិល័យ ការស្លៀកពាក់បែបស៊ីវិល័យមិនទាន់គ្រប់គ្រាន់នៅឡើយទេ គេតោងបង្ហាញនូវចំណេះដឹងខ្ពង់ខ្ពស់ ភាពអត់ធ្មត់ ភាពវៃឆ្លាតផ្នែកការទូត ចេះរៀបប្ញកឲ្យសមជាមេដឹកនាំដែលមានភាពថ្លៃថ្នូរ ទើបអាចប្រដំប្រសងនឹងគេបាន។ បើយើងលីកាំភ្លើងចេញពីព្រៃ ឬ កាន់ដំបងដែលប្រលាក់ដោយឈាម ទៅចូលរួមលើកកែវស្រាសំប៉ាញជាមួយគេ ប្រហែលជាគេមើលលើមើលក្រោមមិនបាន។ បើគេមិនថាអីនាពេលនោះ ក៏គង់គេនឹងនិយាយដើមពីក្រោយខ្នង ឬ កាសែតសរសេរចំអកឲ្យដែរ។
សូមកុំយកទម្លាប់ដែលប្រើនៅស្រុកខ្មែរទៅសម្តែងលើឆាកអន្តរជាតិអី នាំតែខ្មាសគេទេ។ បើថ្នាក់ដឹកនាំមិនខ្មាសគេ ក៏ខ្ញុំជារាស្រ្តតូចតាចនេះខ្មាសគេដែរ!!!