គណៈកម្មការរដ្ឋសភាសម្រេចឲ្យមានការដកដំណែង លោក កឹម សុខា ពីប្រធានក្រុមមតិភាគតិច

លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)

គណៈកម្មការអចិន្រៃ្តយ៍នៃរដ្ឋសភា ដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹក​នេះ​​បាន​ឯក​ភាពឲ្យ​មាន​ការដក​ដំណែង លោក កឹម សុខា ពីប្រធានក្រុមមតិភាគតិច ទៅ​តាមការ​ព្រមាន​របស់​លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ។

អ្នក​នាំពាក្យ​តំណាងរាស្ត្របក្ស​ប្រជាជន​នៅ​ក្នុង​សភាលោក ឈាង​ វុន​ ថ្លែងថា​ តប​តាម​ការ​ស្នើ​របស់តំណាងរាស្ត្រ​បក្សកាន់អំណាច​ដែល​បាន​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ បទបញ្ជាផ្ទៃក្នុង លើ​ប្រការ​៤៨ថ្មី​ (បី)​ លោកថា​រដ្ឋ​សភា​​​នឹង​មាន​ការ​ប្រជុំពេញអង្គនៅ​ថ្ងៃ​ទី​៣១ ខែ​មករា​ខាង​មុខ ​ដើម្បីសម្រេច​លុប​ចោល​តួនាទី​របស់​សំឡេង​ភាគ​តិច​ក្នុង​សភា។ លោក​អះអាង​ថា ការ​សម្រេចលុប​ចោល​តួនាទីនេះ​ ក៏ព្រោះ​តែបក្ស​ប្រជា​ជន​មើល​ឃើញ​ថា​បក្ស​ប្រឆាំង​មិន​មាន​ភាព​ស្មោះ​ត្រង់​ក្នុងការ​ចរចារវាង​បក្ស​ទាំង​ពីរ។

លោក​ថា៖ «យើង​និយាយ​មើល​ទៅ​ច្រើនណាស់​! គ្រាន់​តែ​ធ្វើ​ហើយ​បាន​តួនាទី​ស្មើ​នាយក​រដ្ឋ​មន្ត្រី​គាត់​ទៅ​ដល់​ទីក្រុង​ប៉ារីស ​សម រង្ស៊ី គាត់​ជេរ​សម្តេច​ ហ៊ុន​ សែន​ ថា​ម៉េច? ចាត់​ទុក​គាត់​ [​ហ៊ុន សែន]​ ថា​ជា​មនុស្ស​ក្បត់​ជាតិ​ ដូច​កាដាហ្វីដូច​អី​អញ្ចឹង កូន​របស់​សម្តេច​ទាក់​ទង​ជា​មួយ​កូន​គាត់​ព្រោះចង់​យ៉ាង​ណា​ទៅ​ថ្ងៃ​ក្រោយ​មាន​ទំនាក់​ទំនង​គ្នា​ការ​ពារ​ខ្លួន​។ អី​អញ្ចឹង​អាហ្នឹង​មួយ​ហើយ មាន​រឿង​ច្រើ​ន​ទៀត ហើយឥឡូវ​អ្វី​ដែល​ជាការ​ជជែកគ្នា​មិន​ស្មោះ​ត្រង់​ហ្នឹង​គឺ​គណបក្ស​ខ្ញុំ​ធ្វើ​ផ្តេសផ្តាស​ខុស​ច្បាប់ ជា​ប់​ទោស​ព្រហ្ម​ទណ្ឌហើយ​យក​យន្ត​ការ​ហ្នឹង​ ទៅ​ដោះ​លែង​អ្នក​ទោស​ហ្នឹង​ អាហ្នឹង​មិន​ស្មោះ​ត្រង់​ទេ​​​!»។

ទោះ​ជា​យ៉ាង​ណា​លោក ឈាង​ វុន​ បន្តថា វប្បធម៌​សន្ទនា​នៅ​មាន​នៅ​ឡើយ ​ប្រសិ​ន​ជាសមា​ជិ​ក​បក្ស​ប្រឆាំង​នៅតែ​​ចូល​រួម​ប្រជុំ​សភា។

តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំពាក្យ​បក្សសង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឬទ្ធិ​ បាន​ឲ្យ​ដឹ​ងថា ចំពោះ​ការ​ដែល​ចោទ​ថា​បក្ស​ប្រឆាំង​មិន​ស្មោះ​ត្រង់​ក្នុង​ការ​ចរចា​នោះ លោក​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋជាអ្នក​វិនិច្ឆ័យ តែ​លោក​លើក​ឡើង​ថា មតិភាគ​តិច​គឺ​មិន​មាន​សំឡេង​ឯណា​គ្រប់​គ្រាន់​ដែល​ជម្រុញ​ឲ្យ​មតិភាគ​ច្រើន​ធ្វើ​ខុសច្បាប់​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះក៏​​មិន​មានសកម្មភាព​ណា​មួយ​ដែលថាជាការ​រំលោភ​​បំពាន​អំណាចទាំង​៣នោះ​ទេ។

លោកថា៖ «ជា​ទូ​ទៅ​មុន​នឹង​សរសេរ​បទ​បញ្ជាផ្ទៃ​ក្នុង មុន​នឹង​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ជា​ទូ​ទៅ តែ​ងតែ​មាន​គណៈកម្មការ​ពិសេស​គណៈកម្ម​ការ​ចំពោះ​កិច្ច សិក្សា​ជជែក​វែក​ញែក​មុននឹង​ដាក់​ជូន​សេចក្តី​ស្នើ​នេះ​ដាក់​ជូន​រដ្ឋសភា​សម្រេច តែ​នេះ​វិសោធនកម្ម​គឺ​ចេញ​តែ​ពី​ខាង​គណបក្ស​កាន់​អំណាច។ … ចំពោះ​ការ​លើក​ឡើង​ដែល​ថា​ការ​ជម្រុញ​ឲ្យ​ធ្វើ​ខុស​ច្បាប់ ការ​រំលោភ អំណាច​នីតិ​បញ្ញាត្តិ នីតិប្រតិបត្តិ​នោះ​វា​មិន​ពិត ពី​ព្រោះ​មិន​ដែល​មតិភាគ​តិច​ណា​ដែល​បង្ខំ​ឲ្យ​មតិភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​នោះ​គឺ​វា​មិន​អាច​ទៅ​រួ​ចទេ។ អាច​ធ្វើ​ទៅ​បាន​គឺ​ដោយ​មាន​ការ​ឯក​ភាពគ្នា​ដូច្នេះ​ពេល​នេះ​គឺ​វា​មិន​មានអ្វី​ដែល​គេ​ហៅ​ថា​រំលោភបំពាន​អំណាច​ទាំង​បី​នោះ​ទេ»។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយនិង​អភិបាលកិច្ច ​លោកបណ្ឌិត ចាន់ វិបុល យល់​ថា​ការធ្វើ​វិសោធន​កម្ម​​​លុប​ចោល​តំណែងប្រធានមតិ​សំឡេង​ភាគ​តិច​នេះ​ គឺ​គណបក្ស​កាន់​អំណាច​កំពុង​តែ​ចង់​បង្ហាញ​ពី​កម្លាំង​នៃ​អំណាច​របស់​ខ្លួនដល់​បក្ស​ប្រឆាំងនិង​កំពុង​តែ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​។​ លោក​បន្ថែម​ថា​ អ្នក​ដែល​ត្រូវ​ខាត​បង់​ច្រើ​នក្នុង​ការ​លុប​បំបាត់​សំឡេង​ភាគ​តិច​នេះ​គឺ​បក្ស​ប្រឆាំង ព្រោះ​បន្ទាប់​ពី​ធ្វើ​វិសោធនកម្ម​នេះ​រួច​បក្ស​ប្រឆាំង​លែង​មាន​​តួនាទី​ឬ​ឋានៈណា​មួយ​ដែល​អាច​ធ្វើ​ការ​ចរចារដោយ​ស្នើ​មុខ​មាត់​គ្នា​ជា​មួយ​បក្ស​កាន់​អំណាច​ទៀត​ហើយ ហើយ​ក្តីសង្ឃឹម​សម្រាប់​អ្នក​ដែល​ជាប់​ឃុំ​ទាំង​ប៉ុន្មាន​នោះ​គឺ​កាន់​តែ​តិច​ទៅ​ៗ។

លោក​ថា៖ «នេះ​គឺ​វា​បានបង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​គណបក្ស​ដែល​មា​ន​អំណាច​នៅ​ក្នុង​រដ្ឋសភា ថា​គណបក្ស​កាន់​អំណា​ច​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ទាំង​អស់​ហើយវា​អាច​នឹង​បង្ហាញ​ពី​ភាព​ខ្សោយ​ខ្លាំង​មែន​ទែន​ហើយ​របស់​បក្ស​សង្គ្រោះ​ជាតិ។ … ពេល​ដែល​អ្នក​ទាំង​ពី​រមាន​អំណាច​ស្នើ​គ្នា​ហើយ​មិន​អាច​ចរចារ​គ្នា​បាន​ទៀត ចុះទម្រាំយើង​បំបាត់​តួនាទី​ហ្នឹង​អញ្ចឹង​នាំ​ឲ្យ​បក្ស​ប្រជា​ជន​យល់​ថា​ខ្លួន​នៅ​តែ​ខ្ពស់​អញ្ចឹង​លោក​នៅ​តែ​អត់​មាន​ចេតនា​ ឬ​ក៏​ថា​គណបក្សសង្គ្រោះ​ជាតិ​អត់​មាន​ឋានៈដែល​ស័ក្កិ​សម​ជជែក​ជា​មួយ​គាត់​អញ្ចឹង វិបត្តិ​នយោបាយផ្សេងៗ​វា​នឹង​ជាប់​គាំង​រហូត»។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​អវត្តមាន​ពី​ក្នុងប្រទេស​ជាង​២​ឆ្នាំ និង​ជាប់​បណ្តឹង​ផ្សេងៗ​​នោះ ​តំណែង​របស់​លោក សម រង្ស៊ី ជាប្រធាន​ក្រុម​ភាគ​តិចនៅ​ក្នុង​សភា​ មាន​ឋានៈស្មើ​នាយក​រដ្ឋ​មន្ត្រី​ ត្រូវធ្លាក់​ទៅ​លើ លោក​ កឹម សុខា ដែ​ល​ទើប​តែ​ត្រូវ​បាន​លោក​ ហ៊ុន សែន ស្នើដល់​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​លើក​លែង​​ទោសកាលពី​ចុង​ឆ្នាំ​២០១៦។ប៉ុន្តែលោក ហ៊ុន សែន បានព្រមានដកតំណែងជាប្រធានក្រុមមតិភាគតិចពី​ ​លោក កឹម សុខា ដែលអ្នកវិភាគយល់ថាមកពីលោក កឹម សុខា មិនព្រម​ថ្កោលទោស លោក សម រង្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ