ពលរដ្ឋតវ៉ាឲ្យតុលាការដោះលែងតំណាងសហគមន៍ដីធ្លីនៅសៀមរាប

អ្នកមានជម្លោះដីធ្លីប្រមូលផ្ដុំគ្នានៅខាងមុខ​តុលាការខេត្តសៀមរាប (បូ សាវី)

អ្នកមានជម្លោះដីធ្លីប្រមាណ៦០នាក់នៅខេត្ដសៀមរាបនាព្រឹកថ្ងៃចន្ទនេះ ប្រមូលផ្ដុំគ្នានៅខាងមុខ​តុលាការ ទាមទារឲ្យស្ថាប័ននេះដោះលែងតំណាងពួកគេ ដោយ​អះអាងថាការចាប់ខ្លួនតំណាងរូបនោះជារឿងអយុត្ដិធម៌។

តំណាងសហគមន៍ដីធ្លីម្នាក់នៅនៅភូមិត្បែងលិច ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក ចាន់ រិទ្ធ ត្រូវបា​ន​សមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកតុលាការ កាលពីថ្ងៃទី២០ ខែមករានេះ ដោ​យចោទ​ពីបទឆ​បោក​​​​​ទឹកប្រាក់ជិត៣ម៉ឺនដុល្លារពីឈ្មួញទិញដីឈ្មោះ យឹម សារីន។

ប៉ុន្តែតំណាងសហគមន៍ដីធ្លីមកពីស្រុកស្វាយលើ លោក ពៅ រី ប្រាប់VODនៅខាងមុខតុលា​ការនៅថ្ងៃនេះថា ការចាប់ខ្លួនលោក ចាន់ រិទ្ធិ ជារឿងអយុត្ដិធម៌ ដែលលោកថាតំណាងសហគមន៍រូបនោះធ្លាប់តវ៉ាស្វែងរកយុត្ដិធម៌ក្នុងជម្លោះដីធ្លីជូនពួកគេជាច្រើនលើកមកហើយ ដោយលោកថាមិនអាចជាប់ពាក់ព័ន្ធពីបទ​ឆបោកលុយរាប់ម៉ឺនដុល្លារនោះទេ។ លោកថា​លោក ចាន់ រិទ្ធ មានជីវភាពក្រីក្រនិងជាជនរងគ្រោះម្នាក់ដែរក្នុងករណីជម្លោះដីធ្លី។លោកបន្ដថា៖ «ដូចថា ចាន់ រិទ្ធ កាលពី​គាត់មិនទាន់ជាប់ឃុំឃាំងគាត់ធ្លាប់ជួយប្រជាពលរដ្ឋរកយុត្ដិធម៌ច្រើនដូច្នេះហើយប្រជាពលរដ្ឋ​គ្រប់សហគមន៍នេះជួយគាំទ្រគាត់ឲ្យតុលាការដោះលែងគាត់»។

សមាជិកសហគមន៍នៅភូមិត្បែងលិច ស្រុកបន្ទាយស្រី អ្នកស្រី​ ម៉ាប់ ផឹប ឲ្យដឹងថា ការឃុំខ្លួនលោក ចាន់ រិទ្ធ អ្នកស្រីថាជារឿងអយុត្ដិធម៌ ព្រោះលោក ចាន់ រិទ្ធ ជាជនរងគ្រោះធ្លាប់ត្រូវជនមិនស្គាល់មុខបាញ់គម្រាមទៅលើគេជាច្រើនគ្រាប់ ប៉ុន្ដែសមត្ថកិច្ចមិនទាន់រកដំណោះស្រាយនៅ បែរជាចាប់ខ្លួនតំណាងពួកគេទៅវិញ។ ពួកគេទាមទារឲ្យតុលាការខេត្ដនេះ ទម្លាក់​បទចោទនិងផ្ដល់យុត្ដិធម៌ដល់តំណាងសហគមន៍រូបនោះ។

ភរិយាលោក ចាន់ រិទ្ធី អ្នកស្រី ឃី ភារម្យ អះអាងបន្ទាប់ពីចេញពីតុលាការថា ព្រះរាជ្ញារ​បានឲ្យអ្នកស្រីនិងអ្នកចូលរួមតវ៉ាពីររូបទៀត បង្ហាញឯកសារពីការទិញលក់ដី ប៉ុន្ដែអ្នកស្រីថា​ស្វាមីអ្នកស្រីមិនបានទិញលក់ដីឲ្យឈ្មួញឈ្មោះ យឹម សារីន នោះទេ។ អ្នកស្រីបន្ថែមថា ​ឈ្មួញទិញដីរូបនោះបានឲ្យ​ឈ្មួញ​កណ្ដាលរកទិញដីពីពលរដ្ឋ ដោយគម្រាមថា ដីនោះបើមិនលក់ រដ្ឋនឹងដកយកវិញ ទើបពួកគាត់៥គ្រួសារ ដែលមានដី៥ហិកតាសម្រេចចិត្ដលក់ឲ្យមេឈ្មួញឈ្មោះ យឹម​ សារីន នោះ។ អ្នកស្រីព្រមានថា ពួកគាត់នឹងដេកតវ៉ានៅខាងមុខសាលាខេត្ដ​បន្តទៀត បើតុលាការមិនដោះលែងប្ដីអ្នកស្រី។ អ្នកស្រីបន្ដថា៖ «អ្នកនៅក្នុងសហគមន៍ហ្នឹងអត់​ត្រូវជាមួយអ្នកគួកជេរក៏អោយ ចាន់ រិទ្ធិ ហ្នឹងយកសាលាប័ត្របួនយកទៅឲ្យថៅកែហ្នឹងផ្ដិតមេ​ដៃចាន់ រិទ្ធហ្នឹងឯងអ្នកទទួលលុយពីថៅកែហ្នឹងមួយហិកតា២ពាន់ដុល្លាវា៥នាក់៥ហិកតាសរុប​ទឹកលុយមួយម៉ឺនដុល្លាប៉ុន្ដែចាន់ រិទ្ធិ មិនបានយកលុយហ្នឹងមកចាយទេ ប៉ុន្ដែមានមេដៃតំណាង​ឲ្យឈ្មោះអ្នកនៅក្នុងសហគមន៍»។

ករណីនេះ លោក យឹម សារីន ជាឈ្មួញទិញដីបានបដិសេធពីការចោទនេះ ដោយលោកថា លោក ចាន់ រិទ្ធិ បានទទួលលុយផ្ទាល់ពីរូបលោក ដោយមានឯកសារនិងសាក្សីទិញលក់​ដីច្បាស់លាស់និងមិនជាប់ពាក់​ព័ន្ធនឹងដីសហគមន៍។ លោកបញ្ជាក់ថា លោកបានហៅលោក​ ចាន់ រិទ្ធិ មកសម្របសម្រួលជាច្រើនដងមកហើយ ប៉ុន្ដែតំណាងសហគមន៍រូបនោះគេចវេសមិនចូលខ្លួនដោះស្រាយ។ លោកបន្ដថា៖ «ខ្ញុំមានភស្ដុតាងសាក្សីគ្រប់គ្រាន់ឡើងមកយកលុយ។ ឯកសារ​ហ្នឹងខ្ញុំយកទៅដាក់នៅសមាគមអាដហុកលីកាដូ។ ខ្ញុំមានឯកសារតាមផ្លូវច្បាប់ដែលមានស្នាមមេដៃគាត់ឡើ​ង​​មកយកលុយ»។

VODមិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ដសៀមរាប លោក កើត វណ្ណារ៉េត បានទេ ខណៈអ្នកនាំពាក្យតុលាការនេះលោក យិន ស្រាង មិនលើកទូរសព្ទ។

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូខេត្ដសៀមរាបលោក ចៅ ល័ក្ខវណ្ណា ដែលឃ្លាំមើលការតវ៉ានេះ លោកថា លោក ចាន់ រិទ្ធិ ជាប់ពាក់ព័ន្ធនឹងរឿងបុគ្គលច្រើនជាងជម្លោះដីធ្លីសហគមន៍ ដែលអង្គការនេះមិនអាចផ្ដល់មេធាវីការពារឲ្យបាននោះទេ។

ដោយឡែកមន្ត្រី​ស៊ើប​អង្កេតនិង​ចង​ក្រង​សហគមន៍​នៃ​សមាគន៍​សិទ្ធិ​មនុស្ស​អាដហុក លោក សួស ណារិន ឱ្យ​ដឹង​ថា ​​លោក​បាន​ទទួល​លិខិត​លក់​ដូ​ដី​របស់​លោក ចាន់ រិទ្ធ និងលោក យឹម សារីន ដោយ​លោក​បញ្ជាក់​ថា ​លោក ចាន់ ​រិទ្ធ ​ពិត​ជា​បាន​ទទួល​លុយ​ពី​ការ​លក់​ដី​ឱ្យ​លោក យឹម សារីន ​ដែល​ជា​ឈ្មួញ​ទិញ​ដី​នៅ​ក្នុង​សហគមន៍​ត្បែង​លិច​ពិត​មែន។ លោកបន្ដ​ថា​ នៅ​ពេល​ដែល​ទទួល​លុយ​កក់​ពី​ឈ្មួញ​បាន​ប្រហែល​១​ខែ​ លោក ​យឹម សារីន បាន​ទៅ​មើល​ដី​នោះ​ ប៉ុន្តែ លោក​មិន​បាន​ឃើញ​ដី​នោះ​ទេ ទើបលោក យឹម សារីន បាន​ដាក់​ពាក្យបណ្តឹង​ទារលុយ​ទាំង​នោះ ​​ប៉ុន្តែលោក​ ចាន់ រិទ្ធិ​ បដិសេធ​ថា​មិន​បាន​ទទួល​លុយ​ទៅ​វិញ។

ទោះជាយ៉ាងណាលោក ចាន់ រិទ្ធិ ធ្លាប់បានដាក់បណ្ដឹងទៅតុលាការ បន្ទាប់ពីផ្ទះរបស់លោក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បាញ់កាំភ្លើង​រះទៅលើជាច្រើនគ្រាប់ ​កាលពីពាក់កណ្ដាលខែ​កញ្ញា​ ឆ្នាំ២០១៦ ​​ក្រោយ​ឈ្មួញ​ដី​ធ្លី លោក យឹម សារីន គំរាម​សម្លាប់​លោក កាល​ពី​ថ្ងៃ​ទី​១៣ ខែសីហាឆ្នាំ ២០១៦ បន្ទាប់​ពី​លោក​បដិសេធ​លក់​ដី​​សហគមន៍​ដែល​កំពុង​មាន​ជម្លោះ​នៅ​តំបន់ឧទ្យានជាតិ​ភ្នំ​គូលេន។ នេះបើតាមការអះអាងរបស់លោក ចាន់ រិទ្ធិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ