ក្រសួងមហាផ្ទៃថាមិនឃើញឯកសារស្នើសុំជួបសកម្មជនសង្រ្គោះជាតិ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង

លោកឧបនាយករដ្ឋមន្រ្តី ស ខេង

ក្រសួងមហាផ្ទៃអះអាងថាមិនទាន់បានឃើញឯកសារដែលគណបក្សថ្មីមួយស្នើសុំជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះទេខណៈដល់ថ្ងៃកំណត់នៃការសុំសួរសុក្ខទុកនេះហើយ។

ក្រសួងមហាផ្ទៃអះអាងថាមិនទាន់បានឃើញឯកសារដែលគណបក្សថ្មីមួយស្នើសុំជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះទេខណៈដល់ថ្ងៃកំណត់នៃការសុំសួរសុក្ខទុកនេះហើយ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃនៅថ្ងៃព្រឹកថ្ងៃអង្គារនេះថាលោកមិនបានឃើញឯកសាររបស់គណបក្សយុវជនកម្ពុជាដែលសុំជួបស​កម្មជនគណបក្សសង្រ្គោះជាតិនោះនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ ”ក្រែងឯកសារនៅទើរត្រង់ណា ប៉ុន្តែដល់មកខ្ញុំ ខ្ញុំអត់ឃើញទេ។ ប៉ុន្តែគណបក្សនេះជាគណបក្សមួយទើបបង្កើតថ្មី ហើយពេលនោះមិនទាន់ចុះបញ្ជីត្រឹមត្រូវទេគ្រាន់តែគាត់​ស្នើ​បង្កើត​ហើយយើងឯក​ភាពឲ្យគាត់ទៅរៀបចំបែបបទនីតិវិធីបន្ថែមទៀត។ ប៉ុន្តែឯកសារសុំទៅសួរសុខទុក្ខអ្នកទោសអ្នកអីណាខ្ញុំអត់ដឹងទេ”

កាលពីថ្ងៃទី១៨ខែកុម្ភៈប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានស្នើសុំអនុញ្ញាតពីលោក ស ខេង ដើម្បីបានជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិជាង១០រូបរាប់ទាំងលោក មាជ សុវណ្ណរ៉ា និង​លោក ហុង សុខហួរ ជាអតីតសមាជិកព្រឹទ្ធសភា។

ក្នុងលិខិតនោះលោក ពេជ្រ ស្រស់ បានអះអាងប្រាប់លោក ស ខេង ថាមូលហេតុដែលលោកចង់ជួប​សកម្មជនគណបក្សប្រឆាំងព្រោះថ្នាក់ដឹកនាំគណបក្សថ្មីនេះភាគច្រើនជាយុវជនហើយពួកគេចង់បង្ហាញថាពីកម្លាំងខ្លាំងក្លារបស់យុវជនដើម្បីស្វែងយល់ពីទឹកចិត្តអ្នកនយោបាយដូចគ្នា។

ប៉ុន្តែអនុប្រធានគណបក្សយុវជនកម្ពុជាលោក អ៊ុន វិសិទ្ធគុន ប្រាប់VODនៅព្រឹកនេះថាបើទោះបីជាក្រសួងមហា​ផ្ទៃមិនអនុញ្ញាតឲ្យគណបក្សលោកជួបសកម្មជន​សង្រ្គោះជាតិនៅថ្ងៃនេះក៏លោកនៅតែរក្សាជំហរទៅជួបសកម្ម​ជន​គណបក្សប្រឆាំងនៅណាថ្ងៃមួយខាងមុខនេះ។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានស្វាគមន៍ចំពោះគម្រោងជួបសួរសុខទុក្ខ​សកម្មជនគណបក្សរបស់លោកនេះដោយលោកមិនបារម្ភថាគណបក្សថ្មីនេះអាចស្រូបយកសំឡេងពីគណបក្សសង្រ្គោះជាតិបាននោះទេ។

លោកមានប្រសាសន៍ថា៖ យើងសប្បាយរីករាយបើមានបងប្អូនយើងប្រជាពលរដ្ឋណាដែលមានទឹកចិត្តឈឺ​ឆ្អាលស្រលាញ់​យុត្តិធម៌ចង់ទៅ​សួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារទាំងអស់ហ្នឹងគណបក្សសង្រ្គោះជាតិស្វាគមន៍

សូមបញ្ជាក់ថាគណបក្សយុវជនកម្ពុជាទើបតែដាក់ពាក្យសុំបង្កើតគណបក្សថ្មីនេះទៅក្រសួងមហាផ្ទៃ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។