បទយកការណ៍៖ កម្មករ​សម្រុកទៅព្យាបាលជំងឺ ពេលមានប័ណ្ណ​របប​សន្តិ​សុខ​សង្គម​

រៀងរាល់ថ្ងៃកម្មកររាប់សិបនាក់បានឈរតំរាបជួរគ្នា ខ្លះទៀតអង្គុយរង់ចំា​ការ​ផ្តល់​យោប​ល់ ពិនិត្យ និង​ព្យា​បាល​​​​ជំងឺ​​ពី​គ្រូ​ពេទ្យឯក​ជន​​ ​មួយកន្លែងស្ថិតនៅរាជធានីភ្នំពេញ។

មន្ទីរសម្រាកព្យាបាល និងសម្ភព មូលមិត្ត ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធ៍សែន​ជ័យ រាជធានីភ្នំ​ពេញ។ មន្ទីរពេទ្យនេះ មានផ្តល់សេវាព្យាបាលជំងឺ​ទូទៅ សម្រាប់កម្មករ កម្មការិនី ដែលគ្រោះ​ថ្នាក់​ក្នុង​ម៉ោង​ការងារ និងក្រៅម៉ោងការងារ ដោយមិនគិតថ្លៃ ពោលឲ្យតែពួកគេមាន កាត​បេឡាជាតិ​របប​សន្តិ​សុខ​សង្គម​ ឬហៅថា (ប.ស.ស)។

សេវាដែលផ្តល់នោះរួមមាន គ្រោះថ្នាក់ក្នុងម៉ោងការងារ និងការថែទំាជំងឺទូទៅ។ គ្រោះថ្នាក់ក្នុង​ម៉ោង​ការ​ងារ​​ដូចជា មុត​ម្ជុល​​ដេរ ម្ជុល​ម៉ាស៊ីនផុង រលូតកូន និងគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរមកធ្វើ​ការ​ងារ​ជា​ដើម​។ រីឯការថែទំាជំងឺទូទៅ ដូចជា​ ជំងឺផ្តាសាយ ក្តៅខ្លួន វិលមុខ រាក រលាកក្រពះ ពោះវៀន និងសុខភាពចុះខ្សោយរហូតដល់សម្លប់​ជា​ដើម។

ដៃបណ្តោងសឺរ៉ូម ដេកលើគ្រែអ្នកជំងឺ អ្នកស្រី កង គន្ធា កម្មការនៅរោងចក្រស៊ីនតាយ ផ្តុំផ្លូវវេងស្រេង បាន​រៀប​រាប់ប្រាប់អ្នកយកព័ត៌មានថា គាត់គ្រោះថ្នាក់ចរាចរណ៍ របួសជើង ហើយ​ត្រូវបាន​រោង​ចក្រ​បញ្ជូន​ឲ្យ​មកព្យាបាលជំងឺនៅមន្ទីរពេទ្យឯក​ជននេះ​ ដោយសារគាត់មានកាត ប.ស.ស។ អ្នកស្រីនិយាយថា «ខាងក្រុមហ៊ុនខ្ញុំ គេបញ្ជូនមក​ឲ្យតែមាន នៅរ៉ោងចក្រក៏ដោយ ឈឺនៅផ្ទះយើងក៏ដោយ ក៏មក​អត់អស់សេវាដែរ ឲ្យតែមានកាត ប.ស.ស»។

តាមអ្នកសារព័ត៌មានសាកសួរទៅកាន់កម្មករមិនតិចជាង២០នាក់នោះទេ ពួកគេដែលមក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរពេទ្យឯកជនមូលមិត្ត សុទ្ធតែមានប័ណ្ណ (ប.ស.ស) ដែលចេញដោយ​បេឡាជាតិ​របប​សន្តិ​សុខ​សង្គម។ ពួក​គេ​ថា មុននឹងបានប័ណ្ណនេះយកមកប្រើប្រាស់ លុះត្រាតែកម្មករបង់លុយ២ទៅ៣ដុល្លារ ក្នុង​មួយ​ខែ ជាថ្នូរនឹងការព្យាបាលជំងឺ ដោយមិនបង់លុយ។

ទឹកមុខស្លេកស្លំាង អង្គុយលើកៅអីរង់ចំាគ្រូពេទ្យ កម្មការិនីនៅរោងកច្រ​កាត់​ដេរ​សំលៀក​បំពាក់​ផ្តុំ​ផ្លូវវែងស្រេង សុំមិនបញ្ចេញឈ្មោះ​ បានរៀប​រាប់ថា គាត់វិលមុខ ចុកពោះ ទើបធ្វើដំណើរមក​មន្ទីរ​ពេទ្យ​ឯក​ជន​នេះឲ្យជួយពិនិត្យសុខភាពនិង​ផ្តល់ថ្នាំសម្រាប់ព្យាបាលជម្ងឺ។ កញ្ញាថា មូលហេតុ​ដែល​ធ្វើឲ្យ​សុខ​ភាព​គាត់​ចុះខ្សោ​យបែបនេះ ដោយសារថៅកែរោងចក្របង្ខំឲ្យ​ធ្វើការ​លើស​​ម៉ោង និង​បរិភោគ​អាហារ​មិនមាន​ជាតិ​វីតាមីន​គ្រប់គ្រាន់ជាដើម​។ កញ្ញារូបនេះនិយាយថា «រោងចក្រខ្ញុំថែម៉ោង៨ដែរ[ម៉ោង៨យប់] ម៉ោង​៨មួយ​ខែ ថ្ងៃបុណ្យ​ធ្វើរហូត ថ្ងៃ​បុណ្យ ថ្ងៃអាទិត្យអត់មានសម្រាកផង មិត្តភ័ក្តិខ្ញុំសន្លប់​ម្សិលមិញ​គ្នា​ឈឺចុក​ពោះ​សុំចេញម៉ោង៤ អត់ឲ្យ​ចេញ​ទេ ហើយសុំច្បាប់ចេញកន្លះថ្ងៃក៏អត់ឲ្យចេញដែរថាខោអាវគេប្រញ៉ាប់ ព្រោះ​​ប្រធាន​​ខ្លាចចិនដែរ បើចិន​មិ​នឲ្យចេញ ប្រធានក៏មិនឲ្យកម្មករចេញដូចគ្នា ទាល់តែសន្លប់នៅ​នឹង​ម៉ាស៊ីន​បាននាំគ្នាមក​ពេទ្យហ្នឹង​ដែរ[ពេទ្យមូល មិត្ត]»។

កម្មកររោងចក្រខ្វាងទុង ឃ្លុយស៊ី សង្កាត់ចោមចៅ រាជធានីភ្នំពេញ អ្នកនាង នី នន់  ឈរតម្រង់ជួ ឈចំាគ្រូពេទ្យពិនិត្យសុខភាពនៅមុខ​ច្រកចូល សម្ភព មូលមិត្ត បានឲ្យដឹងថា គាត់និង​គ្រួសារមិន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យរដ្ឋ ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​និង​កន្លែងធ្វើការនោះទេ។  អ្នកនាងថា ពួកគាត់​តែងតែ​មក​ព្យា​​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ឯកជនមូលមិត្តនេះ ដោយ​ថា​នៅជិតផ្ទះនិងកន្លែងធ្វើការរបស់គាត់​។

អ្នកនាង នី នន់ បានបញ្ជាក់ថា គាត់ចំណាយថវិកាបង់ឲ្យ ប.ស.ស ក្នុង​១ខែ៣ដុល្លារ អាចជួយឲ្យពួកគេ ទទួលបានផលវិជ្ជមានច្រើនពីសេវានេះ។ អ្នកនាងនិយាយថា «ពេលយើងឈឺទៅអត់លុយមើល​យើង​បានពេទ្យ យើងបង់សេវាហើយ ជួយសម្រួលលុយយើងខ្លះដែរ ពេលយើងឈឺ ដោយសារថ្លៃ​ផ្ទះ​ជួលផង ថ្លៃហូបផង​»។

ដើរចេញពីកន្លែង​បើកថ្នំាព្យាបាលសុខភាព លោក ជុំ វុត្ថា កម្មករនៅ​រោងចក្រស្បែកជើង​ ហូសីនតាយ ស្ថិត​នៅ​សង្កាត់ចោមចៅ ខ័ណ្ឌពោធិ៍សែនជ័យ ដែល​ទើប​តែ​​មក​ព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជននេះជាលើក​ដំបូង បានលើកឡើងថា​ សេវានៅ​មន្ទីរពេទ្យមូលមិត្ត​​ល្អ​គួ​រ​​សម​ដែរ។

លោក ជុំ វុត្ថា បានឲ្យដឹងថា នៅពេលពួកគេទៅព្យាបាលជំងឺនោះ ត្រូវ​ចំណាយ​ពេល​១០​​​ទៅ​៣០នាទី ជាពិសេសចាប់ពីម៉ោង៤រសៀលដល់ម៉ោង៨យប់ ដោយ​សារមាន​កម្ម​ករ​​ច្រើន​សំរាក​​ពី​ការ​ងារ​ ទៅ​ពិនិត្យ​និង​ព្យាបាលជំងឺនៅទីនោះ​។ ប៉ុន្តែលោកប្រាប់ទៅកម្មករដែលមានបំណង​​ចង់​ទៅ​​​​រក​​សេវា​​​សុ​ខភាពនៅមន្ទីរពេទ្យមូលមិត្ត ត្រូវ​រង់​ចំា​ដោយ​ភាព​អត់ធ្មត់។ លោកអំពាវនាវ​ថា «ខ្ញុំសំណូម​ពរ​ឲ្យបងប្អូនកម្មករ​ទំាំងអស់ឲ្យគាត់រត់មករកសេវា[សឮប.ស.ស]​ដោយសារយើងបានបង់វិភាគទាន​ខាង​ពេទ្យហើយ គួរតែព្យាយាមមក​រក​សេវានេះ យើងព្យាយាមអត់ធ្មត់បន្តិច ព្រោះដោយសារមនុស្សច្រើន​ បងខ្លះគាត់គិតថា ពេទ្យនេះយូរដូចជារាងយឺតបន្តិច អត់សូវមានការអត់ធ្មត់គាត់រត់ទៅកន្លែងផ្សេង អស់លុយគាត់ផ្សេងទៀត»។

យ៉ាងណាក៏ដោយ កម្មករដែលមកព្យាបាលជំងឺទំាងនោះបាននិយាយប្រហាក់ប្រហែលគ្នាថា ពួកគេ​មក​ព្យា​ល​ជំងឺនៅ​ក្នុង​ម៉ោងការងារ ថៅកែរោងចក្រមិនកាត់ប្រាក់ខែនោះទេ ប៉ុន្តែត្រូវមានឯកសារ​ពិនិត្យ​សុខ​ភាពនិងព្យាបាលជំងឺ​ ​ចេញ​ពី​ពេទ្យ​រដ្ឋ និងពេទ្យឯកជន មូលមិត្ត នេះ។

ប្រធានរដ្ឋបាលនៅមន្ទីរពេទ្យមូលមិត្ត លោ​ក សម សុវិសាល បានឲ្យដឹងថា មន្ទីរ​ពេទ្យ​នេះ​ផ្តល់​សេវា​មិន​គិត​ថ្លៃដល់កម្មករ កម្មការិនីចាប់ពីចុងឆ្នាំ២០១៦ ដោយសហការជា​មួយបេឡាជាតិ​របប​សន្តិ​​សុខ​សង្គម (ប.ស.ស) និងរោងចក្រជាង៣០០រោងចក្រ។ ប៉ុន្តែលោកថា កម្មករដែលមកពិនិត្យ និង​ព្យាបាល​ជំងឺ​ទៀងទាត់ ​មានប្រមាណ៦០រោងចក្រតែប៉ុណ្ណោះ​​​​។

របាយការណ៍ពេទ្យ មូល មិត្ត បានឲ្យដឹងថា ការព្យាបាលជំងឺដល់កម្មករ កម្មការិនី ដែលបង់សេវាឲ្យ ប.ស.ស មានពីរករណី គឺករណីទីមួយ គ្រោះថ្នាក់ក្នុង​ម៉ោងការងារ និងទីពីរ ការថែទំាសុខភាពទូទៅ។

លោ​ក សម សុវិសាល បានបញ្ជាក់​​ថា ចាប់ពីថ្ងៃ​ចន្ទដល់ថ្ងៃសៅរិ៍ កម្ម​ករ កម្មការិនី បាន​នាំគ្នា​ស្រុក​មក​ព្យា​បាល​ជំងឺ​នៅមន្ទីរពេទ្យមូលមិត្តនេះក្នុងមួយថ្ងៃចន្លោះពី៦០​ទៅ​១០០​នាក់​ ខណៈ​ថ្ងៃ​អាទិត្យ​ អ្នកទៅ​ព្យា​បាល​​ជំងឺមានចន្លោះពី១៥០នាក់ទៅ២០០នាក់​។ លោកសង្កេតឃើញ​ថា អ្នកជំងឺគ្រោះ​ថ្នាក់​​ក្នុងម៉ោង​កា​រ​ងារ​ មានតិចជាងអ្នកជំងឺថែទំាសុខភាពទូទៅ។ លោកបញ្ជាក់ថា «យើងនិយាយទិន្នន័យខែមួយ គ្រោះ    ថ្នា​ក់​ការងារ អាចបានជាង៥០០នាក់​ក្នុងមួយខែ តែសម្រាប់ថែទំាសុខភាព​ទូទៅ​បាន​ជាង៤០០០នាក់ក្នុង​មួយ​ខែ បើយើងគិតទៅខុសគ្នាច្រើន អត់ថេរទេគឺឡើងរហូត»។

ចំណែក​ ករណីដែលកម្មករ កម្មការិនីមួយចំនួនបានត្អូញត្អែរថា គ្រូពេទ្យមូលមិត្តមិនបានផ្តល់​សេវា​ទាន់​ពេល​​វេលា​នោះ? លោក សម សុវិសាល ទទួលស្គាល់ថា ពិតជាមានការផ្តល់សេវាយឺតយ៉ាវខ្លះមែន ដោយសារគ្រូពេទ្យមានមិនទាន់គ្រប់តាមតម្រូវការនៅឡើយ និងកំពុង​ជូនដំណឹង​ជ្រើសរើស៤រូប​បន្ថែម​ទៀត។

ទោះជាបែបនេះក្តី លោក សុវិសាល ស្នើ​សុំឲ្យអ្នកដែលមកទទួលសេវាពីស្ថាប័ននេះ មានការអត់ធ្មត់ និង​​ប្រើសី​​លធម៌ឲ្យល្អទៅកាន់គ្រូពេទ្យ។ លោកបន្ថែមថា «សូមណូមពរថា បើសិនជាពេទ្យរវល់​ មិនមែន​ថាគេទុកយើងចោលទេ ជួនកាលគេរវល់ដោយសារអ្នកជំងឺមួយទៀត ដែលគាត់គ្រោះថ្នាក់ជាងយើងទៀង គេទៅមើលអ្នកធ្ងន់មុន បន្ទាប់មក​បានគេមក​មើលយើង តែក៏គេអត់ទុកយើង​ចោលដែរគេនៅតែមក​មើល យើង ចង់ឲ្យគាត់បើអាចឲ្យគាត់ចំាទៅ ឬមួយក៏បើសិនជាពេទ្យយូគាត់អាចទៅទឿនទៅ តែសុំឲ្យពាក្យសម្តី ឲ្យថាគាត់សមរម្យជាមួយពេទ្យតិចទៅ តែករណីនេះតិចណាស់មិនសូវជាមានទេ​»។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ យល់ថា ការផ្តល់សេវាថែទំាសុខភាពទូទៅ​ដល់កម្មករ​ដោយ​ឥត​គិត​ថ្លៃនេះជារឿង​ល្អ ដោយថាកម្មករភាគច្រើនក្រីក្រ និងជួបបញ្ហាសុខភាព​ជំងឺទូទៅ។ លោកថា សហជីពលោកនឹងតាមដានពីការផ្តល់សេវារបស់ពេទ្យរដ្ឋនិងឯកជន​មួយចំនួនដែលបាន​ចុះ​កុងត្រាជាមួយ ប.ស.ស ដោយលោកថា មន្ទីរពេទ្យមួយចំនួនមិនទាន់ផ្តល់​សេវាឲ្យបានល្អ​នៅឡើយ​ដល់​កម្មករ។ លោកមានប្រសាសន៍ថា «ក្រសួងសុខាភិបាលត្រូវតែពង្រឹងនូវ​សមត្ថិភាពនិងគុណភាពរបស់ពេទ្យទំាងអស់ ដើម្បីផ្តល់សេវាឲ្យទៅខាងអ្នកដែលជាសមាជិករបស់ ប.ស.ស ទទួលបានល្អ ហើយបើ​សិនក្នុង​ករណី​អនុវត្តមិនបានល្អអាចពិន័យ ហើយបើចំាបាច់ទេ គឺថាដាក់ទណ្ឌកម្ម​មន្ត្រីពេទ្យនោះ ធ្វើម៉េចឲ្យពួកគាត់ប្រឹង​ផ្តល់​សេវា ហើយបើមិនដូច្នេះទៀត ខ្ញុំគិតថាបញ្ហាហ្នឹងវាអត់ជោគជ័យទេ ហើយចំពោះ ប.ស.ស ធ្វើយ៉ាង​ណា ពង្រីកទៅដល់កម្មករទំាងអស់ ហើយបង្កើតកន្លែងមន្ទីរពេទ្យ ទៅដល់កន្លែង​កម្មកររស់​នៅ​កន្លែង​នោះ​តែម្តង»។

កាលពីខែតុលា ឆ្នាំ២០១៦ បេឡាជាតិ (ប.ស.ស) បានកុងត្រាជាមួយពេទ្យរដ្ឋនិងឯកជនធំៗមួយចំនួន សម្រាប់​ថែទំាសុខភាពទូទៅ​ដល់កម្មករ២៤ម៉ោងលើ២៤ម៉ោង​ ដោយឥតគិតថ្លៃ។

វែបសាយរបស់បេឡាជាតិរបបសន្តិសុខសង្គមចុះផ្សាយថារបបសន្តិសុខសង្គមនេះកើតមានឡើងតាំងពីឆ្នាំ១៩៥៥ តែត្រូវបានបំផ្លាញទៅវិញនៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយកា​រ​ដួលរលំរបបខ្មែរក្រហមជិត៣០ឆ្នាំទើបអនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមត្រូវបានអនុម័តគឺនៅឆ្នាំ២០០៧ ហើយដាក់ឲ្យអនុវត្តនៅឆ្នាំ២០០៨។ បើគិត​ចាប់ពីឆ្នាំ២០០៨ រហូតដល់១១ខែ ឆ្នាំ២០១៦ ប.ស.ស បានចុះបញ្ជី រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានជាង​៨ពាន់ ដែលមាន​កម្មករ​និយោ​ជិត​ជាង១លាននាក់ ដើម្បីជួយទំនុកបំរុងពេលកម្មករមានគ្រោះថ្នាក់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ