លោក ហ៊ុន សែន ស្តីបន្ទោសមន្រ្តីក្រោមឱវាទជុំវិញរឿងបូបខ្សាច់នៅកោះកុង

ការបូមខ្សាច់ (FB: Mother Nature Cambodia)

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាស្ដីបន្ទោសទៅមន្រ្តី និងក្រសួងពាក់ព័ន្ធដែលលោកថា បានបណ្តែតបណ្តោយឲ្យ មានការបូមខ្សាច់ និងចាក់ដីលុបលើតំបន់ការពារក្នុងខេត្តកោះកុងយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាស្ដីបន្ទោសទៅមន្រ្តី និងក្រសួងពាក់ព័ន្ធដែលលោកថា បានបណ្តែតបណ្តោយឲ្យ មានការបូមខ្សាច់ និងចាក់ដីលុបលើតំបន់ការពារក្នុងខេត្តកោះកុងយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន។

ក្នុងពិធីបិទសន្និសីទជាតិស្តីពីប្រតិភូកម្មអំណាចកាលពីថ្ងៃទី២២កុម្ភៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅ រដ្ឋមន្រ្តីក្រសួងដែន លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអភិបាលខេត្តកោះ កុង លោកស្រី មិថុនា ភូថង ចុះពិនិត្យនៅតំបន់ការពារមួយចំនួនក្នុងខេត្តកោះកុង ដែលលោកថា កំពុងលិច លឺមានការបូមខ្សាច់ និងចាក់ដីលុបចូលតំបន់ព្រៃកោងកាង ដើម្បីបង្កើតជាទីក្រុង។

លោកបន្ថែមថា «នៅខេត្តកោះកុងមានបញ្ហាហើយ ឥឡូវលឺថាគេបូមខ្សាច់ដាក់សមុទ្រ​បង្កើតទៅជាស្ថានភាពចង់ធ្វើទីក្រុង អាហ្នឹង​អ្នកណាឲ្យធ្វើ សួរមួយអត់ដឹង ពីរអត់ដឹង ចឹងអស់លោកទៅធ្វើអី នេះជាចំណុចដែលយើងត្រូវនិយាយ។ ខ្ញុំមិនដឹងថាប្រាកដ ឬមិនប្រាកដនោះទេ ព្រោះមានការផ្សាយតាមទូរទស្សន៍ការផ្សាយតាមកាសែតហើយ ក៏ប៉ុន្ដែមិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ។ អាហ្នឹងបើនិយាយពីស្ថាប័ន គឺភារកិច្ចរបស់ ​ជា សុផារ៉ា ភារកិច្ចរបស់ សាយ សំអាល់។ មើលៗអាហ្នឹងវាយ៉ាងម៉េច បានជាហ៊ានទន្ទ្រានយកដីរដ្ឋក្នុង តំបន់ព្រៃកោងកាងដែលត្រូវការពារ»។

លោក ហ៊ុន សែន ស្តីបន្ទោសទៅមន្រ្តីក្រោមឱវាទរបស់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយ កាលពីថ្ងៃទី២២កុម្ភៈថា ដីតំបន់ឆ្នេរ និងសហគមន៍ទំហំជាង ១៣ ហិកតាក្នុងដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានគេលក់ឲ្យឧកញ៉ាម្នាក់ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកចុះហត្ថទទួលស្គាល់។

មន្រ្តីសម្របសម្រួសសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ញ៉េប សំអឿន មានប្រសាសន៍ថា តាមការ ចុះអង្កេត និងសេចក្តីរាយការណ៍ពីសហគមន៍ គឺមានករណីបូមខ្សាច់ និងរំលោភយកដីតំបន់ការពារពិតមែន និងថា រឿងនេះបានកើតឡើងយូរឆ្នាំហើយ ដូចនៅតំបន់ព្រៃកោះស្នេហ៍ ជម្រកសត្វព្រៃពាមក្រសោប និងតំបន់ផ្សេងៗទៀត។

លោកបន្តថា កន្លងមកសកម្មជនបរិស្ថាន និងសហគមន៍តែងតែរាយការណ៍បញ្ហានេះទៅអាជ្ញាធរពាក់ព័ន្ធឲ្យចុះទប់ស្កាត់ ប៉ុន្តែលោកថា អាជ្ញាធរទាំងនោះមិនមានវិធានការទៅជនដែលប្រព្រឹត្តនោះទេ បែរជាមកចាត់ការទៅលើអ្នករាយការណ៍ទៅវិញ។

លោកបន្ថែមថា «យើងមិនដែលឃើញអាជ្ញាធរខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធហ្នឹងចាប់ជនល្មើសមកដាក់ពន្ធនាគារឬអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវទេផ្ទុយទៅវិញមានតែចាប់អ្នកដែលរាយការណ៍ អ្នកដែលបញ្ជូនព័ត៌មាន ហ្នឹងទៅឲ្យអាជ្ញាធរហ្នឹងបានដឹងមានតែចាប់ពួកគាត់ដើម្បីបំបាក់ស្មារតីបំបាក់ទឹកចិត្តពួកគាត់ទៀតដែលផ្ទុះពី ប្រសាសន៍របស់រដ្ឋាភិបាលដែលទទូចឲ្យពលរដ្ឋហ្នឹងចូលរួចថែរក្សាបរិស្ថាននៅមូលដ្ឋានហ្នឹង។ អញ្ចឹងយើង សង្ឃឹមថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីពេលនេះ មន្រ្តីជំនាញពាក់ព័ន្ធគួរអនុវត្ត និងមានចំណាត់ការឲ្យបានត្រឹមត្រូវ»។

យោងតាម លោក​លោក ញ៉េប សំអឿន ​កាលពីឆ្នាំមុនសកម្មជនបរិស្ថាន និងសហគមន៍ប្រមាណ៦នាក់ត្រូវអាជ្ញាធរខេត្តកោះកុងចាប់ និងឃុំខ្លួនក្នុង ពន្ធធនាគារ បន្ទាប់ពីសកម្មជនទាំងនោះចុះថតរូបភាព និងរាយការណ៍អំពីសកម្មភាពបទល្មើលបូមខ្សាច់ និង ទន្រ្ទានយកដីរដ្ឋខុសច្បាប់ពីសំណាក់មន្រ្តី និងឧកញ៉ាខិលខូចមួយចំនួន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។