លំនៅឋានពលរដ្ឋនៅសៀមរាបរងការខូចខាតដោយសារពង្រីកផ្លូវ

ពលរដ្ឋនៅស្រុកពួក ខេត្ដសៀមរាប ឲ្យដឹងថា លំនៅឋាននិងរបងផ្ទះពលរដ្ឋជាច្រើនគ្រួសារ នៅឃុំខ្នាត រងការខូចខាត ដោយ​សារពង្រីកផ្លូវតែមិនទទួលបានសំ​ណង​។

ពលរដ្ឋនៅភូមិខ្នាត លោក ម៉ន លាភ ប្រាប់វីអូឌីថា រយៈពេលច្រើនថ្ងៃមកនេះ កងកម្លាំងវិស្វកម្មអគ្គបញ្ជាការ បានឈូសកំទេចចោលរបងផ្ទះនិងវាយកំទេចចោលលំនៅឋានពលរដ្ឋអស់ជាច្រើនគ្រួសារ ដើម្បីពង្រីកផ្លូវនៅក្នុងឃុំខ្នាត ដែលលោកថា ធ្វើឲ្យពួកគាត់ជួបការលំបាកនិងបាត់ទ្រព្យសម្បត្ដិរបស់ពួកគាត់។ លោកបន្ដថា ការឈូសបំផ្លាញនេះ អាជ្ញាធរមិនបានជូនដំណឹងនិងផ្ដល់សំណងសមរម្យដល់ពួកគាត់នោះទេ។ លោកបន្ដថា «បើគ្រាន់តែរបង​ខ្ញុំ មិនក្រោមជាងពីរពាន់ជាងដុល្លាទេ និងសំយ៉ាបមុខពីរពាន់លើស ប៉ុន្ដែឪពុកមាហើយនិងខ្ញុំចូលបីបួនពាន់ដុល្លា ព្រោះគាត់សុទ្ធតែរបងថ្មីដូចគ្នាអ្នកជាប់ៗខ្ញុំច្រើនគ្នាទៀត។ គេដាក់កម្លាំងវិ​ស្វកម្មរបស់អគ្គបញ្ជាការជើងគោក»។

លោកបន្ដថា ពលរដ្ឋដែលរងផលប៉ះពាល់ពីការអភិវឌ្ឍនេះ មានចំនួនបីភូមិ រួមមាន ភូមិខ្នាត ភូមិគោកត្រាច និងភូមិព្រៃឃ្លោក។

មេភូមិខ្នាត លោក ជិន ឲ្យដឹងថា ការអភិវឌ្ឍផ្លូវកៅស៊ូរបស់រដ្ឋាភិបាលនេះ ធ្វើឲ្យព្រទ្យសម្បត្តិពលរដ្ឋរាប់ម៉ឺនដុល្លា ប៉ុន្ដែលោកថា រដ្ឋាភិបាលមិនបានផ្ដល់សំណងនោះទេ ដោយថា ផ្ទះពលរដ្ឋខ្លះសង់លើដីចំណីផ្លូវ។លោកបន្ដថា មានពលរដ្ឋខ្លះមិនពេញចិត្ដនិងមួយ​ចំនួនយល់ស្របឲ្យអភិវឌ្ឍ។ លោកបន្ថែមថា ផ្ទះពលរដ្ឋខ្លះជាប់តំបន់អាជ្ញាធរជាតិអប្សរា ហើយស្នើសុំសង់ផ្ទះឡើងវិញ ដោយគ្មានការហាមឃាត់។ លោកបន្ដថា «របងមានតម្លៃណាស់ផ្ទះមួយប្រហែលខ្ទង់ជាមួយម៉ឺនដុល្លាបាទខាតបង់ច្រើនណាស់។ បើប៉ែកខាងត្បូងផ្ទះចៅហ្វាយស្រុកមួយក៏ប៉ះពាល់ដែរ តែគេមិនទាន់វ៉ៃចោលទេ»។

ករណីនេះ អភិបាលស្រុកពួក លោក ម៉ៅ វិសុទ្ធ មានប្រសាសន៍ថា ពលរដ្ឋដែលរងផលប៉ះពាល់នោះ មិនទាន់មានស្ថិតិច្បាស់លាស់នោះទេ ដោយថាកំពុងធ្វើរបាយការណ៍។ លោកសម្ដែងការសោកស្ដាយពីការខូចខាតលំនៅឋាននិងទ្រព្យសម្បត្ដិពលរដ្ឋនេះ ប៉ុន្ដែលោកថាពលរដ្ឋខ្លះសង់លំនៅឋានលើដីចំណីផ្លូវ។ លោកបន្ដថា ការអភិវឌ្ឍនេះ រដ្ឋាភិបាលបានជូនដំណឹងភ្លាម ហើយអនុវត្ដភ្លាម។ លោកបន្ថែមថា ករណីនេះមិនទាន់មានគម្រោងផ្ដល់សំណងពីផលប៉ះពាល់​នៃការពង្រីកផ្លូវនោះទេ។ លោកបន្ដថា «មិនទាន់មានគម្រោងអីពីផលប៉ះពាល់សូម្បីសំណង់ធំៗមិនទាន់បានរុះរើរបស់គាត់អីទេដូចជាសំណង់ធំៗ។ យើងរើតែតូចតាច ខ្លះគេរើខ្លួនគាត់ដែរ ខ្លះគេសប្បាយចិត្ដដែរ ធម្មតាទេ យើងនៅចំណីផ្លូវ»។

អ្នកឃ្លាំមើលការំលោភសិទ្ធិមនុស្សនៃសមាគមអាដហុកខេត្ដសៀមរាបលោក ច័ន្ទ ចំរើន មានប្រសាសន៍ថា ការអភិវឌ្ឍនៅតំបន់ណាមួយ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ រដ្ឋាភិបាលត្រូវផ្ដល់សំណងសមរម្យតាមភាពជាក់ស្ដែង តាមផ្លូវច្បាប់។ លោកបន្ដថា បើការអភិវឌ្ឍធ្វើឲ្យពលរដ្ឋទឹកភ្នែកនោះ ជាការរំលោភសិទ្ធិពលរដ្ឋ​ និងកាន់តែ​ធ្វើឲ្យពួកគាត់ជំពាក់បំណុលកាន់តែច្រើន។

បើតាមអភិបាលស្រុកពួក ឲ្យដឹងថា ផ្លូវដែលកម្លាំងវិស្វកកម្មពង្រីបន្ថែមនោះ មានទទឹង៦ម៉ែត្រលើផ្លូវចាស់ និងមានបណ្ដោយប្រហែលជាង៣គីឡូម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ