សាច់ញាតិបារម្ភក្រោយមានការផ្សព្វផ្សាយថាអ្នកស្រីទេព វន្នីធ្វើអត្តឃាត​

អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ

សាច់ញាតិ និងសកម្មជនដីធ្លីតំបន់បឹងកក់បានសម្តែងការព្រួយបារម្ភថា អាចប៉ះពាល់ដល់ផ្លូវចិត្ត និងកិត្តិយសអ្នកស្រីទេព វន្នីក្រោយមានការផ្សព្វផ្សាយព័ត៌មានថា សកម្មជនដីធ្លីរូបនេះធ្វើអត្តឃាតក្នុងពន្ធនាគារ។​

រូបភាពបង្ហោះលើបណ្តាញសង្គម​កាលពីម្សិលមិញ មាន​រូបភាពអ្នកស្រីទេព វន្នី អង្គុយផ្តល់បទសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកនិងរូបភាពមួយ​ទៀត គឺមាន​ស្ត្រីម្នាក់​យក​ដៃ​កាន់​​ខ្សែចងនៅមាត់បង្អួចរួមទាំងសរសេរ​ខ្លឹមសារថា អ្នកស្រី ទេពវន្នី ធ្វើអត្តឃាតក្នុងគុគ​ «ដំណឹងក្តៅៗ អ្នកស្រី ទេពវន្នី ធ្វើអត្តឃាតក្នុងគុគ»

ដោយក្តីបារម្ភនៅថ្ងៃនេះ សកម្មជនដីធ្លីនៅបឹងមួយបានទៅសួរសុខទុក្ខនៅពន្ធនាគារពេលព្រឹក និង មួយក្រុមទៀតសួរសុខទុក្ខនៅពេលថ្ងៃ។

សកម្មជនដីធ្លីដែលស្និទ្ធជាមួយអ្នកស្រី ទេព វន្នីគឺ លោក ចាន់ ពុទ្ធិស័ក្តិ សរសេរលើហ្វេសប៊ុករបស់លោកដោយបង្ហាញក្តីបារម្ភថា ព័ត៌មានក្លែងក្លាយនេះអាចជំរុញឲ្យអ្នកស្រី ទេព វន្នីសម្រេចធ្វើអត្តឃាតមែន៖«មិនប្រាកដ្ឋថាអ្នកស្រីទេពវន្នី គ្មានអារម្មហ៍ បែបនេះនោះទេ អ្នកស្រីធ្លាប់យំសោកបោកខ្លួននៅក្នងពន្ធនាគារជាច្រើនដងដោយសារភាពអយុត្តិធម៌ដែលអ្នកស្រីមិនអាចទទួលយកបាន។មិនដឹងថាអ្នកបំភ្លៃព័ត៌មាននេះមានគោលបំណងអីទេ តែរដ្ឋាភិបាល ត្រូវតែទទួលខុសត្រូវពីសុវត្ថិភាពអ្នកស្រី ទេព វន្នី»។  ​

អ្នកស្រី ហួត ច័ន្ទសុវណ្ណ ត្រូវជា​បងស្រីបង្កើតអ្នកស្រី ទេព វន្នី អះអាងប្រាប់VODនៅថ្ងៃនេះថា ព័ត៌មានដែលជនអនាមិកបង្ហោះផ្សព្វផ្សាយនោះមិនពិតទេ ដោយថាបច្ចុប្បន្ន​នេះប្អូនស្រីគាត់កំពុង​រស់នៅដូចអ្នកជាប់ឃុំ​ដទៃទៀត​ដែរ​។ករណីនេះ អ្នកស្រីថាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ក្នុងគ្រួសារ។

អ្នកស្រីមានប្រសាសន៍ថា«ប៉ះពាល់អារម្មណ៍ក្នុងគ្រួសារ ហើយធ្វើឲ្យក្រុមគ្រួសារតក់ស្លុតភិតភ័យ៉ាងខ្លាំង កូនចៅឮគាត់ពិបាកក្នុងចិត្តក្នុងការរៀន ហើយម៉ាក់ខ្ញុំចាស់ គាត់ដឹងចឹងគាត់ពិបាកណាស់គាត់យំស្រែក»

តំណាងសហគមន៍បឹងកក់អ្នកស្រី បូវ សោភា ដែលចុះទៅសួរសុខទុក្ខអ្នកស្រី ទេព វន្នី នៅពន្ធនាគារនាព្រឹកថ្ងៃនេះ បានឲ្យដឹងថា អ្នកស្រី ទេព វន្នី មានសភាពធម្មតា ហើយបាន​ផ្តាំផ្ញើទៅអ្នក​ដែលរងភាពអយុត្តិធម៌សង្គម​ទាំងអស់ ត្រូវ​រឹងប៉ឹង និង​តស៊ូមតិដោយអហិង្សា ទើបទទួលបានជោគជ័យ។

ពាក់ព័ន្ធករណីនេះ អ្នកស្រី បូវ សោភា ជំរុញទៅ​រដ្ឋាភិបាល​ជាពិសេសស្ថាប័នគ្រប់គ្រងហ្វេសប៊ុក ត្រូវ​ធ្វើការស្រាវជ្រាវចាប់ជនដែលបង្ហោះរូបអ្នកស្រី ទេព វន្នី ផ្សព្វផ្សាយមិនពិត​ ដើម្បីផ្តន្ទាទោស​តាមច្បាប់ ដោយថាកុំឲ្យប៉ះពាល់ដល់ សង្គម និងគ្រួសារអ្នកស្រី​ ទេព វន្នី។

VOD ព្យាយាមសុំការពន្យល់ពីចំណាត់ការផ្លូវច្បាប់ករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌និង ក្រសួងមហាផ្ទៃ ប៉ុន្តែអ្នកខ្លះមិនលើក និងខ្លះប្រាប់ថារវល់។​

អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា អ្នកបង្ហោះព័ត៌មានប្រមាថអាយុជីវិតអ្នកដទៃលើបណ្តាញសង្គមអាចប្រឈមនឹងទោស ដោយថាធ្វើឲ្យប៉ះពាល់ដល់​សិទ្ធិអ្នកដទៃ។ លោកជំរុញឲ្យស្ថាប័នពាក់ព័នមានចំណាត់ការលើករណីនេះ ដោយថាកុំឲ្យមានភាពវឹកវរដល់សង្គមជាតិនៅថ្ងៃអនាគត។

លោកមានប្រសាសន៍ថា«ក្នុងស្ថានភាពរបៀបនេះ ហើយបើយើងមើលទៅគួរតែមានវិធានការដែរ ទាក់ទងបញ្ហាទាំងអស់នេះ ដើម្បកុំឲ្យការប្រើប្រាស់សិទ្ធិ និងការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់គាត់ ធ្វើឲ្យមានភាពវឹកវរ ឬក៏ប៉ះពាល់ដល់អ្នកដទៃ នេះគឺប្រមាថដល់អាយុជីវិតគេទៅទៀត»

អ្នកស្រី ទេព វន្នី ជាសកម្មជនដីធ្លីលេចធ្លោរមួយរូប ដែល​ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយនៅពេលដែលសកម្មជនដីធ្លីរូបនោះចូលរួមតវ៉ាប្រឆាំងនឹងការបណ្តេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម។

ការចាប់ឃុំខ្លួនលើកចុងក្រោយនេះធ្វើឡើងនៅពេល​ស្ត្រីរូ​ប​​នោះ​​​​ចូ​លរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គជប រួមទាំ​ង​​​ជំរុ​ញឲ្យរ​ដ្ឋាភិបា​ល​​​វែ​​ក​​មុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី។  តុលាការចោទថា អ្នកស្រីប្រើហិង្សាលើសន្តិសុខខណ្ឌដូចពេញកាលពី៦ឆ្នាំមុន ហើយបានតាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ  រហូតមកដល់ថ្ងៃនេះអ្នកស្រី អនុវត្តទោសបាន១ឆ្នាំ៧ខែហើយ ដោយសល់តែ១១ខែទៀតប៉ុណ្ណោះនឹងចប់៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ