មេ​បក្ស​ប្រឆាំង​អះ​អាង​ថា គ្មាន​សង្គ្រាម​បើ​បក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត

លោក​កឹម សុខា​ ក្នុង​ពិធី​ចុះ​ជួប​សកម្មជន នៅ​ខេត្ត​ពោធិ៍សាត់ នា​ព្រឹក​ថ្ងៃទី​២០​ខែ​មីនា​នេះ​(រូបថតពី​ហ្វេស​ប៊ុក​លោក​ កឹម សុខា)

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ បាន​លើក​ឡើង​ថា គណបក្ស​របស់​លោក​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ដោះ​ស្រាយ​បញ្ហា​ដោយ​អហិង្សា និង​គ្មាន​សង្គ្រាម​នោះ​ឡើយ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​អំពី​ការ​កើត​ឡើង​សង្គ្រាម​ឡើង​វិញ ប្រសិន​បើ​បក្ស​កាន់​អំណាច​ចាញ់​ឆ្នោត។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ជា​ថ្មី​ទៀត​ថា កម្ពុជា​អាច​នឹង​ផ្ទុះ​សង្គ្រាម ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក មិន​អាច​បន្ត​កាន់​អំណាច​ទៀត​នោះ។

លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​សន្តិភាព​នៅ​កម្ពុជា​អាច​ត្រូវ​បាន​ធានាឬ​ទេ ដោយ​លោក​ថា បើ​ការ​ជេរ​ប្រទេច ការ​លាប​ពណ៌​គ្នា និង​ការ​ប្រមាថ​មាក់​ងាយ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ចំណោម​មេដឹកនាំ​នយោបាយ និង​អ្នក​គាំ​ទ្រ​របស់​គេ។

ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​នៅ​ឯ​ខេត្ត​តាកែវ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក កឹម សុខា បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​យក​គោល​ការណ៍​អហិង្សា តាម​​យន្តការ​ប្រជាធិបតេយ្យ អាស្រ័យ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ។

លោក កឹម សុខា បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​ថា គ្មាន​សង្គ្រាម​នោះ​ឡើយ ដោយ​ថា នៅ​ពេល​គណបក្ស​ប្រឆាំង​​ឈ្នះ ខ្មែរ​ទាំង​អស់​ជា​អ្នក​ឈ្នះ មិន​គុំ​គួន​សង​សឹក​គ្នា និង​មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ