អាមេរិកថា អាជ្ញាធរកម្ពុជាចាប់ខ្លួនអ្នកដឹងរឿងឃាតកម្មលោក កែម ឡី

ប្រធានាធិបតីអាមេរិក លោក ត្រាំ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ (រូបថតបណ្តាញសង្គម)

រដ្ឋាភិបាល​អាមេរិក បាន​អះ​អាង​នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សជាច្រើនករណី និងថា ឃាតកម្មអ្នកវិភាគ លោកបណ្ឌិត កែម ឡី គឺមានហេតុផលនយោបាយនៅពីក្រោយ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាច្រានចោលរបាយការណ៍នេះ។

ក្នុងរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ឆ្នាំ២០១៧ ដែលមានកម្រាស់ដល់ទៅ ៣៩ទំព័រ ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងការបរទេសអាមេរិកលើកឡើងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាច្រើនករណី ដូចជា ការសម្លាប់ជីវិតមនុស្សក្រៅប្រព័ន្ធច្បាប់ ការរំលោភសិទ្ធិអ្នកទោសក្នុងពន្ធនាគារ ការចាប់ចងមនុស្សទាំងខុសច្បាប់ពីសំណាក់រដ្ឋាភិបាល ​ការចាប់ខ្លួនប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទាំងកណ្ដាលយប់ដោយគ្មានដីកាតុលាការ ការរំលាយគណបក្សប្រឆាំង ការរឹតត្បិតសិទ្ធិបញ្ចេញមតិ ការប្រមូលផ្ដុំ និងជួបជុំគ្នាដោយសេរី អំពើពុករលួយ និងការរំលោភច្បាប់ការងារជាដើម។​

អ្នកវិភាគនយោបាយល្បីឈ្មោះ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅស្ដារម៉ាតមួយកន្លែងក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំ២០១៦។ អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត។

ក្នុងរបាយការណ៍​នោះ ក្រសួងការបរទេសអាមេរិកហៅករណីឃាតកម្មនេះថា ធ្វើឡើងក្រោមហេតុផលនយោបាយ និងមានជាប់ពាក់ព័ន្ធនឹងអាជ្ញាធរកម្ពុជា។ ក្រសួងការបរទេសអាមេរិកបន្ដថា ក្រោយកើតឃាតកម្មលោក កែម ឡី មន្ដ្រីសន្ដិសុខនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានចាប់ខ្លួនព្រះសង្ឃមួយអង្គព្រះនាម «មាស វិចិត្រ»និងតាអាចារ្យម្នាក់ កាលពីថ្ងៃទី១៨ ខែ​មិថុនាឆ្នាំមុន ហើយ​​នៅតែបាត់ខ្លួននៅឡើយមកទល់ពេលនេះ បន្ទាប់ពីព្រះសង្ឃអង្គនេះ បានដឹងព័ត៌មានរឿងឃាតកម្មលោក កែម ឡី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ VOD បាន​ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ​របស់​ក្រសួង​ការបរទេស​អាមេរិក ដោយ​ថា អាជ្ញាធរកម្ពុជា បានរកឃើញឃាតករសម្លាប់លោក កែម ឡី រួចហើយ ដែលមានឈ្មោះ «ជួប សម្លាប់»។

លោកថា៖ «ឃាតកម្មនេះ គេមិនធ្វើអញ្ចឹងទេ គេមិនថោកទាបរបៀបហ្នឹងទេ ទៅសម្លាប់មនុស្សម្នាក់។ តើបានប្រយោជន៍អី​តាំងពីងាប់ កែម​ ឡី ទៅ មានបានអី ​គេចោទប្រកាន់តែរហូតហ្នឹង មិនមែនទេ មានបាតដៃទី៣មួយទៀត តែមិនដឹងអ្នកណា ហើយយើងកំពុងធ្វើកិច្ចការហ្នឹង ហើយបើតាមតែនេះ គឺស្ដាប់ប្រសាសន៍សម្ដេចតេជោទៅ»

ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី១៦មីនាកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បែរជាដាក់ការសង្ស័យថា ករណីឃាតកម្ម លោក កែម ឡី កាលពី២ឆ្នាំមុននោះ អាចមានជាប់ពាក់ព័ន្ធចារកម្មរបស់អាមេរិក។

ថ្លែងពីខេត្តកំពង់ធំ កាលពីថ្ងៃទី១៨មីនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt បានប្រកាសច្រានចោល ដោយថា ជាការចោទប្រកាន់ដ៏ឆ្កួតលីលា និងជាការវាយប្រហារលើរដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះ។

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីខែមករាឆ្នាំ២០១៧ បានបង្ហាញថា ប្រភព និង​សាក្សី​ជាច្រើនក្នុងខេត្តសៀមរាប បានរៀបរាប់ឲ្យដឹងថា បុរសឈ្មោះ «អឿត អាង» ត្រូវ​បាន​គេ​ហៅ​ទៅ​ជួប​ប្រជុំ​ជាមួយ​មន្ដ្រី​ថ្នាក់​ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន ពោលគឺប្រហែលមួយសប្ដាហ៍ មុនកើតឃាតកម្មលើលោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ