អតីតបក្ស​ប្រឆាំងស្នើព្រះមហាក្សត្រជួយអន្តរាគមន៍ទៅតុលាការកំពូលទម្លាក់​​ចោល​​បម្រាម​​​លើ​​អ្នក​​នយោបាយ​​១១៨​រូប

រូបភាព៖ អ៊ូ ច័ន្ទរ័ត្ន (ហ្វេសប៊ុក)

អតីតតំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ស្នើទៅ​ព្រះមហាក្សត្រ ឲ្យជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បី​លុប​​ចោល​​បម្រាម​​​លើ​​អ្នក​​នយោបាយ​​បក្ស​ប្រឆាំង ​​១១៨​រូប និងឲ្យ​​គណបក្ស​នេះ​ដំណើរការ​​ឡើង​វិញ ខណៈការបោះឆ្នោតជិតមកដល់។

អតីតតំណាងគណបក្សសង្គ្រោះជាតិ លោក  អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូឌីនៅថ្ងៃនេះថា ​​កាលពី​ថ្ងៃ​ទី១២ ​​ខែ​មេសា​​​កន្លងមក មន្រ្តី​​ជាន់​​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន​ ២០​​រូប ​បាន​សរសេរ​លិខិត​មួយ​ថ្វាយ​​ទៅ​ព្រះ​​មហា​​ក្សត្រ ​ដើម្បីស្នើ​សុំ​ព្រះ​អង្គ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​​កំពូល​​ ទម្លាក់​​ចោល​​​​បម្រាម​​​លើមន្ត្រី​​គណបក្ស​ប្រឆាំង​​ទាំង ១១៨​រូប និងឲ្យ​​គណបក្សនេះដំណើរ​​​ឡើង​វិញ​ដូចកាលពីមុនផងដែរ។

លោកបន្តថា ការស្នើសុំព្រះមហាក្សត្រឲ្យជួយអន្តរាគមន៍ ដោយសារ  នេះជម្រើស​ចុង​ក្រោយរបស់​បក្ស​ប្រឆាំង ​ក្នុង​​ការស្វែង​រក​ដំណោះស្រាយ​បញ្ហានយោបាយ​។​

លោកថា៖ «ខ្ញុំយល់ថា លោកអាចនឹងព្រះរាជតម្រិះ​ផ្ដល់សិទ្ធិនយោបាយដល់ ១១៨​រូបវិញ ដើម្បីជៀសវាងនូវការបាក់បែកនៅក្នុងសង្គម ជៀសវាងនូវការរងអយុត្តិធម៌ ព្រោះខ្ញុំទាំងអស់គ្នាសុទ្ធតែជាកូនចៅរបស់ព្រះអង្គ។ ដូច្នេះ នៅតែសង្ឃឹមថា ព្រះអង្គនៅតែផ្ដល់ភាពយុត្តិធម៌​ឲ្យពួកយើងខ្ញុំ»

លោកបន្តថា រហូតមកដល់ថ្ងៃនេះ ខាង​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំងមិនទាន់​​ឆ្លើយតប​ចំពោះ​សំណើ​របស់​លោកនៅឡើយ​ទេ។

ទោះជាយ៉ាងណា ក្នុងពិធីបើកសម័យប្រជុំដំបូងព្រឹទ្ធិសភានីតិកាលទី៤នៅថ្ងៃនេះ ព្រះមហាក្សត្រកម្ពុជា ព្រះបាទ​មរបនាថ នរោត្តម សីហមុនី បានអំពាវនាវឲ្យខ្មែរជំនាន់ក្រោយត្រូវចេះរួបរួមគ្នា ដើម្បីធ្វើអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនដូចប្រទេសនានាលើសកលលោក។

ព្រះអង្គ​មាន​បន្ទូល​ថា៖ «លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​​របស់យើងត្រូវបានអនុវត្ត​ប្រកបដោយវិចារណញ្ញាណ ឈរលើឧត្ដមប្រយោជន៍ជាតិ និងការពង្រឹងពង្រីកស្មារតីបង្រូបបង្រួមជាតិ ផ្សះផ្សាជាតិ»

អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់​ឃើញ​ថា លោក​មិន​រំពឹង​ថា សំណើ​ស្វែង​រក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ ទទួល​បាន​លទ្ធផល​វិជ្ជមាន​នោះ​ឡើយ។

លោកថា៖ «ខ្ញុំគិតថា វាគ្រាន់តែជាកាតព្វកិច្ចមួយរបស់អតីតគណបក្សប្រឆាំង គ្រាន់តែជាការទាមទារដើម្បីយុតិ្តធម៌របស់ខ្លួនទេ ប៉ុន្តែ លទ្ធផល យើងមិនទាន់អាចសម្លឹងឃើញថា វានឹងបានមកជាវិជ្ជមាន យើងអត់ទាន់ដឹងទេ»

គណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣ លាននាក់ កាលពីឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែល​​មេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួន​មកដល់ពេលនេះ ក្រោម​ការ​​ចោទថា «ក្បត់ជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ