ពល​រដ្ឋ​មាន​ជម្លោះ​ដី​ធ្លីនៅ​ខេត្ត​ក្រចេះ​បន្ត​ឡើង​មកតវ៉ា​ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​​ជុំ​វិញ​ជម្លោះ​ដី​ធ្លី

ពល​រដ្ឋ​មាន​ជម្លោះ​ដី​ធ្លីនៅ​ខេត្ត​ក្រចេះ​

ក្រុម​អ្នក​ភូមិ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ត​​ស្វែង​រក​អន្តាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​ពាក់​ព័ន្ធ នៅ​រាជ​ធានី​ភ្នំពេញ​ ក្រោយ​ពី​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ។

ក្រុម​អ្នក​ភូមិ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ត​​ស្វែង​រក​អន្តាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អាជ្ញាធរ​ពាក់​ព័ន្ធ នៅ​រាជ​ធានី​ភ្នំពេញ​ ក្រោយ​ពី​ផ្ទុះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​អ្នក​ភូមិ និង​សមត្ថកិច្ច​ចម្រុះ។

​ពលរដ្ឋប្រមាណជាង ២០០នាក់ មកពីឃុំ ២ធ្នូ ស្រុកស្នួល បានប្រមូលផ្តុំគ្នានៅខុទ្ធកាល័យ​លោក​នាយករដ្ឋមន្ត្រីនៅ​ល្ងាច​ថ្ងៃ​២៣​ ខែ​មេសា​នេះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​ជុំ​វិញ​វិវាទដីធ្លីរបស់ពួកគេ។

តំណាង​ពល​រដ្ឋ​ដែល​ឡើង​មក​ដាក់​ញាត្តិ​នៅថ្ងៃ​នេះ​ លោក ស៊ីហ្វាត បាន​ឲ្យ​អ្នកសារព័ត៌មាន​វីអូ​ឌី​ដឹង​ថា​ មូល​ហេតុ​ដែល​ពល​រដ្ឋ​ឡើង​មក​តវ៉ា​នៅ​ថ្ងៃ​នេះ​ ព្រោះ​ចង់​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​សម​ស្រប​ណា​មួយ​ជូន​ពួកគេ ដោយ​ថា​ ពួក​គេ​ជួប​ការ​លំ​បាក​ជា​ខ្លាំង ​បន្ទាប់​ពី​ក្រុម​ហ៊ុន​ចុះ​រុះរើផ្ទះ​សម្បែង និង​បំផ្លាញ​ដំណាំរបស់​ខ្លួន។

លោក​ថា៖ «ដី​ហ្នឹង​គឺ​ពួក​ខ្ញុំ​កាន់​កាប់​ម្នាក់៤ហិចតា ៥​ហិចតា​អី​អញ្ចឹង​ណា​បង! ធ្វើ​ផ្ទះ​ធ្វើ​អី​គេ​ដុត​ផ្ទះសំបែង​ដុត​ចោល​អស់​អញ្វឹង​ណា​បង។ ខ្លះ​អត់​មាន​អី​ហូប​ទេ​បង​បង(បន្ទាប់ពីគេ​បណ្តេញចេញ) ដើរ​ស៊ី​ឈ្នួល​គេ​ដូចថា​មួយ​ថ្ងៃ​១ម៉ឺន ឬ​៥​ពាន់អីហ្នឹង »។

បើ​តាម​ពល​រដ្ឋ​ដែល​មក​តវ៉ា​នោះ ​បាន​ឲ្យ​ដឹងថា ​ដី​ទាំង​នោះ​មាន​ទំហំ​ជាង ​៩ពាន់​ហិចតា និង​ត្រូវ​បាន​ពល​រដ្ឋជិត​ ១ពាន់គ្រសារ​កាប់​ទន្ទ្រាន​យក​តាំង​ពី​ឆ្នាំ​២០១៤ ដោយ​គ្មាន​អាជ្ញាធរ​ភូមិ​ឃុំមក​រារាំង​ឡើយ ទើប​តែ​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ ទើបត្រូវ​បាន​ក្រុម​ហ៊ុនចេញ​មក​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ ហើយ​បាន​បណ្តេញ​ពល​រដ្ឋ​ទាំង​នោះ​ចេញ​។

ពល​រដ្ឋ​ម្នាក់​ទៀត​ដែល​ឡើង​មក​តវ៉ាអ្នក​ស្រី ស្រី ធួក អាយុ ៥៥​ឆ្នាំ បាន​អះ​អាង​ថា ក្រុម​គ្រួសារ​អ្នក​ស្រី​មកពីខេត្ត​ព្រៃ​វែង​ និង​បានចាប់​កាប់​ទន្ទ្រាន​ដីនេះ​នៅ​ឆ្នាំ​២០១៥ ដោយ​សារ​ទី​ទ័ល​ក្រ​អស់​ដី​ធ្វើ​ស្រែ និង​ចាប់​ផ្តើ​ម​រៀប​ចំដាំ​ដំណាំ​ហើយនៅ​ឆ្នា​២០១៨​នេះ តែ​ត្រូវ​បានក្រុម​ហ៊ុន​បណ្តេញចេញ​តែ​ម្តង។

ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រីស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ក្នុង​ការ​ផ្តល់​ដីដែល​បាត់​បង់​នេះ​​ដល់​អ្នក​ស្រីខ្លះ​​ផង​ដោយ​ថា​ ក្រុមគ្រួសារ​អ្នក​ស្រី​ជួប​ការ​លំបាក​ជា​ខ្លាំង​។

អ្នក​ស្រី​ថា៖  «ចង់​បាន​សំដីសម្តេច​ដែលនិយាយ​មួយ​ម៉ាត់​ថា​ឲ្យ​ដី​ប្រជា​ពល​រដ្ឋ​ដែល​បាន​កាន់​កាប់​ទៅ តែ​ប៉ុហ្នឹង​ទៅ​សុំ​តែ​ប៉ុហ្នឹង​ទេ! អត់​ចង់​បាន​សំណង​អី​ផ្សេង​ទេ»

មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្រ្តី គឺលោក គង់ ចំរើន បានទទួល​ញាត្តិ​ដែល​ពល​រដ្ឋតវ៉ា និង​បាន​សន្យាថា​ នឹងជួយ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ ដោយ​ស្នើ​ឲ្យ​ពល​រដ្ឋ​ត្រលប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។

លោក​ថា៖ «ការចាត់​ចែង​នេះ​ គឺ​អាច​មិន​បាន​តាម​ចិត្ត​បងប្អូនចង់​ពេល​ខ្លី​ពេល​ឆាប់​ ឬ​ក៏​យ៉ាង​មិចដែរ។ ​វា​មាន​ពេល​វេលា​ត្រូវ​ធ្វើការ​ ហើយ​គេ​ឲ្យ​ជំនាញ​ទៅ​ធ្វើ​ការ​។ ប្រសិន​បើ​បង​ប្អូន​​មាន​ជំនាញ​គេ​កោះ​ហៅ​ សូម​ទៅ​បង្ហាញ​ខ្លួន ដើម្បី​គេ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​អត្តសញ្ញាណ ហើយ​នឹង​ទៅពិនិត្យ​តាម​ទីកន្លែង​ជាក់ស្តែងថា​ យើងទៅកាន់​កាប់មែន ឬ​ក៏​យ៉ាង​ម៉េច ​ឬ​ក៏​គេ​ឲ្យ ​ឬ​មិន​ឲ្យ​យ៉ាង​ម៉េច​ឲ្យ​វាបាន​ច្បាស់»

ទោះ​ជា​យ៉ាង​ណា ​បើ​តាម​តំណាង​ពល​រដ្ឋ ​លោក ស៊ីហ្វាត ថា​ បើ​សិន​ជាគ្មាន​ដំណោះស្រាយ​ជូនពួកគេក្នុង​រយៈពេល ​២សប្តាហ៍​ទៀត ​ពួកគេ​នឹង​ឡើង​មកតវ៉ា​សាជាថ្មី។

ការ​ឡើង​មក​ដាក់​ញាត្តិ​នៅ​ថ្ងៃនេះ ​គឺ​បន្ទាប់​ពី​ពល​រដ្ឋក្រុម​ផ្សេង​ទៀតដែល​មាន​ទំនាស់​ដូចគ្នា​ ដែល​​តំណាង​ឲ្យជាង​ ៦០០គ្រួសារ​បាន​​​ដាក់​ញាត្តិ​រួច​ហើយ​កាលពីខែ​មីនាកន្លង​ទៅ។

​ក្រុម​អ្នក​ភូមិ​បាន​​ប៉ះ​ទង្គិច​ជា​មួយ​​ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​កាំភ្លើង​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មីនា​កន្លង​មក ក្រោយ​ពី​អ្នក​ភូមិ​បាន​បិទ​ផ្លូវ​ជាតិ​លេខ ៧៦A ដើម្បី​តវ៉ា​។

ការ​ប៉ះ​ទង្គិច​គ្នា​នោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​រង​របួស ក្នុង​នោះ​មាន​ទាំង​​សមាជិក​នៃ​ក្រុម​សមត្ថកិច្ច​ប្រដាប់​អាវុធ​ផង​ដែរ។

​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី និង​ដែល​បាន​នាំ​គ្នា​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ ៧៦A នោះ បាន​ចោទ​​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ថា បាន​រំលោភ​យក​ដី​ធ្លី​ទំហំ​ពី ៣ ទៅ ៤​ហិកតា​ក្នុង​មួយ​គ្រួសារ និង​បំផ្លាញ​ដំណាំ ផ្ទះ​សម្បែង ព្រម​ទាំង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ផងដែរ៕

 

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។