លោក ហ៊ុន សែន ព្រមានដកតំណែងរដ្ឋមន្ត្រីអសកម្ម​មួយចំនួន​នៅអាណត្តិក្រោយ​

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានដកតំណែង​រដ្ឋមន្ត្រីអសកម្មមួយចំនួនចេញពីជួររដ្ឋាភិបាល​នៅអាណត្តិក្រោយនេះ ដោយថា បើ​រដ្ឋ​មន្ត្រី​ទាំងនោះ​នៅ​តែនាំទុក្ខ​​លំបាក​ដល់​រូប​លោក និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន​។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ ថ្មី​មួយ​ នៅ​លើ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ។

លោកថ្លែងថា៖ «បើដំឡូងក្តៅ គាត់អត់បោះឲ្យយើងទេ គាត់សុខចិត្តដាក់នៅ[ជិតខ្លួន​]ហ្នឹង ព្រោះគាត់ស៊ីបានប៉ុន្តែ បើដុំថ្មក្តៅ អត់ទេ គាត់បោះទៅនាយករដ្ឋមន្ត្រី ឲ្យនាយករដ្ឋមន្ត្រីកាន់ ឥឡូវចាំទៅអត់ទេ លោកឯងបោះមកខ្ញុំបោះទៅ ហើយមិនត្រឹមតែបោះទៅទេ រៀបចំរដ្ឋាភិបាលក្រោយ​​គ្មានវត្តមានរបស់អស់លោកទេ ព្រោះជាសិទ្ធិរបស់ខ្ញុំក្នុងការរៀបចំ។ បើអ្វីៗទុកឲ្យនាយករដ្ឋមន្ត្រីដោះស្រាយវាមិនងាប់នាយករដ្ឋមន្ត្រី ហើយចាំបាច់មានក្រសួង​…តែប៉ុន្មាននាក់នៅជុំវិញវិមានឯករាជ្យ វាចប់រឿងហើយ អត់ចាំបាច់មានមនុស្ស​​ច្រើនទេ»

ទោះជាយ៉ាងណា ការថ្លែងរបស់លោក ហ៊ុន សែន ក្នុងពិធីនេះ លោកមិនបាន​បញ្ជាក់ថា តើរ​ដ្ឋា​ភិបា​លនឹ​ងចា​ត់វិធា​ន​កា​​រទៅលើ​រដ្ឋ​មន្ត្រី​ណា​ខ្លះ ដែរលោក​ចាត់​ទុក​ថា នាំទុក្ខលំបាកដល់រូបលោកនៅក្នុងក្រសួងណាមួយនោះទេ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មានប្រសាសន៍ថា បើរដ្ឋាភិបាលមិនធ្វើបានតាមការសន្យាទេ នឹងធ្វើ​ឲ្យប៉ះពាល់ដល់មុខ​មាត់​រដ្ឋាភិ​បាល​បន្តទៀត​។

លោកថ្លែងថា៖ «ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីក៏ដោយ ឬក៏របស់ថ្នាក់ដឹកនាំកំពូលក៏ដោយប្រសិនបើអត់មានឆន្ទៈច្បាស់លាស់ ហើយគ្រាន់​​តែសន្យាចោល ហើយគ្រាន់តែធ្វើដើម្បី​​ប្រជាប្រិយភាពមុនពេលបោះឆ្នោតទេ ខ្ញុំយល់ឃើញថា លទ្ធផលវាមិនខុសពីមុនទេ វានៅតែពុករលួយ នៅតែយឺតយ៉ាវ នៅតែអសកម្មហើយប្រជាពលរដ្ឋនៅតែរងទុកដោយសារមន្ត្រីអាជ្ញាធរឬមួយក៏អ្នកមុខ អ្នកការដែលមានតួនាទីជាមន្ត្រីរាជការដដែល»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមេសានេះ ក៏បាន​ព្រមានជាថ្មីដែរ​ថា លោកនឹងបន្តវះកាត់មន្ត្រីអសកម្ម​ចេញពីជួររដ្ឋាភិបាល ដោយ​លោក​ថា ដើម្បី​កុំឲ្យ​អ្នក​ទាំ​​ង​​នោះ​​បង្ក​ជាដំបៅមហារីក ខណៈ​លោក​រំឭកថា គណៈកម្មាធិការដឹកនាំធ្វើកំណែទម្រង់ត្រូវបន្តអនុវត្តគោលការណ៍ «ឆ្លុះកញ្ចក់ ងូតទឹ​​   ដុសក្អែព្យាបាល និងវះកាត់» ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់។

បើគ្មានអ្វីប្រែប្រួលទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដា ពោលគឺនៅ​ស​​ល់​​តែ​ជាង ២​ខែទៀតប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ