ព្រះ​មហា​ក្សត្រ​​អំពាវ​នាវ​​ឲ្យ​មានឯក​ភាព​ជាតិ ខណៈ​វិវាទ​នយោបាយបន្ត​គ្មាន​ដំណោះស្រាយ

ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ និង​មន្ត្រីជាន់ខ្ពស់ក្នុង​ការ​ធ្វើដំណើរតាមរថភ្លើងទៅឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ​កាលពីពេលកន្លងទៅ។ (រូបថត៖ ហួត វុទ្ធី)

ព្រះ​មហា​ក្សត្រ​បានអំពាវ​នាវ​​ឲ្យ​មាន​ឯក​ភាព​ជាតិ ខណៈ​ដែល​វិវាទ​​នយោបាយនៅ​កម្ពុជា​ ត្រូវ​បាន​គេ​មើល​ឃើញថា នៅ​តែ​មិនទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ បន្ទាប់​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ត្រូវ​រំលាយ​​ ហើយ​អន្តរជាតិ​គំរាម​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​។

ព្រះ​បាទ​បរម​នាថ ​នរោត្តម​ សីហមុនី បាន​អំពាវ​នាវ​បែប​នេះ អំឡុង​ពេល​ព្រះ​ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ដំបូង​របស់​ព្រឹទ្ធ​សភា​អាណត្តិ​ទី​៤ នៅ​ព្រឹក​ថ្ងៃ​នេះ។

ព្រះ​អង្គ​មាន​បន្ទូល​ថា​៖ «លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់យើង ត្រូវបានអនុវត្តន៍ប្រកបដោយវិចារណញាណ ឈរលើឧត្តមប្រយោជន៍ជាតិ និងការពង្រឹងពង្រីក​​ស្មារតីបង្រួបបង្រួមផ្សះផ្សារជាតិ។ ក្នុងន័យនេះ ការថែរក្សាឲ្យបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចេរភាពមានតម្លៃថ្លៃថ្លាបំផុត»។ ​

​កាលពី​ថ្ងៃ​ទី​១២ មេសា មេដឹក​នាំ​អតី​ត​បក្ស​ប្រឆាំង ​លោក ​កឹម​ សុខា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ បាន​​បង្ហោះសារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា តម្លៃនៃ​គុណធម៌​កម្ពុជា​បាន​ធ្លាក់​ចុះនៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដែល​លោក​ថា បញ្ហា​នេះ​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ និង​អ្នក​នយោបាយឈឺ​ចាប់។ លោក​បន្ត​ថា បញ្ហា​នេះ​ក៏​ជំរុញ​ឲ្យ​អ្នក​នយោបាយ​កម្ពុជា​បាត់​បង់​ជំនឿ​ទុក​ចិត្ត​គ្នា និង​នាំ​ឲ្យ​ជាតិ​បែក​បាក់។

លោក​បាន​អំពាវនាវ​ទៅ​ដៃ​គូ​ប្រកួត​របស់​ខ្លួន​ថា ឆ្នាំ​ថ្មី​នេះ លោក​ចង់​ឲ្យ​ខ្មែរ​គ្រប់​ភាគី​នឹង​លុបជម្រះ​ឲ្យ​អស់​នូវ​អពមង្គល ការគុំកួន និង​អំពើ​បាប​ក្នុង​ឆ្នាំ​ចាស់ ហើយ​វិល​ទៅ​រកការដោះ​ស្រាយ​ដោយ​សន្តិ​វិធី ដោយ​មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវ។

ទោះ​ជា​យ៉ាង​ណា​ ​អ្នក​នាំ​ពាក្យ​គណបក្សប្រជា​ជន​កម្ពុជា លោក សុខ ឥសាន  អះ​អាង​ថា គណបក្ស​លោក​នៅ​តែ​រក្សា​ជំហរ​មិន​ចរចា​ជាមួយ​អ្នក​នយោបាយ ដែល​លោក​ហៅ​ថា «អ្នក​ទោស»​នោះ​ឡើយ។

លោក​ថា៖ «ចង់បានការដោះស្រាយរវាងខ្មែរ និងខ្មែរដោយហិង្សាហ្នឹង វាល្អហើយ បញ្ហាសំខាន់ដូចចិត្តខ្ញុំយល់ឃើញ ធ្វើម៉េចកុំឲ្យមានបញ្ហា។ កុំឲ្យមានបញ្ហា គឺកុំល្មើសច្បាប់ តែល្មើសច្បាប់ហើយ ដោះស្រាយអត់ចេញដែរ។ អ្នកល្មើសច្បាប់ វាត្រូវជាប់បញ្ហា ជាប់ពិរុទ្ធភាពចំពោះមុខច្បាប់ ហើយទៅដោះស្រាយទៅនឹងការចរចាគ្នាម៉េចកើត អត់ទៅរួច កាលណាខុសច្បាប់ វាត្រូវតែដោះស្រាយជាមួយច្បាប់អញ្ចឹង រកការចចារគ្នាមិនកើតអញ្ចឹង វាខ្វះត្រង់ហ្នឹង»

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត ​មាស នី កាល​ពី​ថ្ងៃ​ទី១២ ខែ​មេសា​កន្លង​មក​នេះ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ ឲ្យ​ពិចារណា​លើ​ការ​ចរចា​ឡើង​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ។

លោក​រំឭកថា អ្នក​នយោបាយ​ទាំង​​អស់​ បាន​នាំ​ប្រទេស​ខ្មែរ​ចូល​ក្នុង​ស្ថានភាព​បង្ក​ឲ្យ​មាន​ការលាប​ពណ៌​​គ្នា​តាំង​ពីលើ​ដល់​ក្រោម ។ លោក​ថា នេះ​ជាវិបត្តិ ដែល​ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​ខ្វះការទុក​ចិត្ត​គ្នា​ទំនាស់​ផ្ទៃ​ក្នុង​កាន់​តែ​រីក​ធំ​ៗ​ឡើង​។

វិវាទ​នយោបាយ​កម្ពុជា នៅ​តែ​បន្ត​គ្មាន​ដំណោះ​ស្រាយ​ដដែល បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​ថា «ក្បត់​ជាតិ» ហើយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ