អ្នក​ជំនាញ​ថា ចំនួន​ផ្សោត​កើន​ឡើង ប៉ុន្តែប្រឈម​នឹង​ការ​គំរាម​កំហែង

ក្រុមអ្នកអភិរក្សសត្វផ្សោត

ក្រុមអ្នកអភិរក្សសត្វផ្សោត អះអាងថា ចំនួនសត្វផ្សោតនៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង កើនឡើង ប៉ុន្តែ កំពុងសិ្ថតនៅក្នុងការគំរាមកំហែងដោយសារសកម្មភាពមនុស្ស។

ក្នុងសន្និសីទសារព័ត៌មាន​ស្ដី​ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៅ​រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​នេះ អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ផៃ សុម៉ានី ឲ្យដឹងថា សត្វ​ផ្សោត ត្រូវ​បាន​វាយ​តម្លៃ​ថា មាន​ចំនួន ៨០​ក្បាល​កាល​ពី​ឆ្នាំ​២០១៥​កន្លង​មក ហើយ​កើន​ឡើង​ដល់​ចំនួន ៩២​ក្បាល​នៅ​ឆ្នាំ​២០១៧។

បើទោះបី​ជា​ចំនួន​ផ្សោត​កើន​ឡើង​ក្ដី ប៉ុន្តែ លោក សុម៉ានី បាន​ព្រមាន​ថា សត្វ​ផ្សោត​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ពី​សំណាក់​សកម្មភាព​មនុស្ស ដូច​ជា ការ​នេសាទ​របស់​ប្រជា​ពលរដ្ឋ គម្រោង​អភិវឌ្ឍន៍​កំពុង​ដំណើរការ និង​គម្រោង​អភិវឌ្ឍន៍​ខាង​មុខ។

លោកមានប្រសាសន៍ថា៖ «ដែនជម្រករបស់វា មានរហូតទៅដល់ចំណុចព្រំប្រទល់ឡាវ ក៏ប៉ុន្តែ បើសិនជាពិនិត្យជាក់ស្តែង យើងឃើញថាវត្តមានមងមានជាច្រើន មាននៅចំណុចនោះ ហើយយើងចាំបាច់ធ្វើការជាមួយភាគីឡាវក្នុងគោលបំណងការពារដែលមានវត្តមាននៅទីនោះ។ យើងចាំបាច់ត្រូវធានាថា ទន្លេមេគង្គគួរតែ Free Flow River មានន័យថា គឺជាទន្លេដែលមិនត្រូវបន្ទុចបង្អាក់ ឬរាំងស្ទះ ឬខណ្ឌដោយទំនប់វារីអគ្គិសនីទេ គឺយើងចង់ឲ្យទន្លេនេះ គឺជាទន្លេមួយដែលមានចរន្តទឹកហូរតាមធម្មជាតិរបស់វា ដែលវាអាចជួយដល់ការរស់នៅរបស់ជីវៈចំរុះជលផលជាទូទៅ ពិសេសសត្វផ្សោតទន្លេមេគង្គ»

នាយកអង្គការ WWF កម្ពុជា លោក សេង ទៀក លើកឡើងថា បើទោះជាការកើនឡើងចំនួនសត្វផ្សោតនេះ បង្ហាញពីចំណុចវិជ្ជមាន ប៉ុន្តែនៅមិនទាន់ដល់កម្រិតដែលចង់បាននៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «ចំនួនដែលចង់បាន គឺកាន់តែច្រើនកាន់តែល្អ។ នៅក្នុងហ្នឹងជាផលិតផលទេសចរណ៍មួយ ហើយទីជម្រកចាស់របស់វា គួរតែឲ្យវានៅហ្នឹងវិញ អាហ្នឹងជាការចង់បាន។ ឥឡូវ ចំនួនផ្សោតមានតែនៅពីក្រចេះរហូតទៅដល់ស្ទឹងត្រែង នៅទល់ដែនឡាវតែប៉ុណ្ណឹងទេ។ កាលមុន មាននៅជុំវិញទាំងអស់​នៅក្នុងបឹងទន្លេសាប នៅក្នុងទន្លេមេគង្គយើងជាដើម»

ផ្សោត​ទន្លេ​មេគង្គ ជា​ប្រភេទ​សត្វ​ដ៏​កម្រស្ថិត​ក្នុង​ចំណោម​ផ្សោត​ទឹក​សាប ៧​ប្រភេទ​នៅ​លើ​ពិភព​លោក និង​ប្រឈម​មុខ​នឹង​ការ​ផុត​ពូជ​។

របាយការណ៍​អង្គការ​អភិរក្ស​សត្វ​ព្រៃ WWF បាន​ឲ្យ​ដឹង​ថា ផ្សោត​មាន​ចំនួន​រាប់​ពាន់​ក្បាល រស់​នៅ​តាមដង​ទន្លេ​មេគង្គ និង​ដៃទន្លេ​នេះ និង​បឹង​ទន្លេសាប​ផង​ដែរ។

បច្ចុប្បន្ន ពួកវារស់នៅតាមដងទន្លេមេគង្គក្នុងចន្លោះចម្ងាយ១៩០គីឡូម៉ែត្រ ចាប់ពីអន្លង់កាំពីខេត្តក្រចេះ បន្តឡើងដល់ល្បាក់ទឹកខោនប្រទេសឡាវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ