វិភាគ៖ បើគ្មានបក្សប្រឆាំងចូលរួមបោះឆ្នោត តើអាច​ឆ្លុះបញ្ចាំងពីឆន្ទះពលរដ្ឋបាន​ដែរឬទេ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

ទោះ​បី​ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ថ្មី​នេះ​នៅ​តែ​ជាង ៣​ខែ​ទៀត​ក៏​ដោយ ក៏​គេ​នៅ​មិន​ទាន់​ដឹង​ជា​សាធារណៈ​ថា ​តើបក្ស​ប្រឆាំង ដែល​តុលាការ​រំលាយ​ទៅ​ហើយ​នោះ បាន​ចូល​រួម​ការ​បោះឆ្នោត​ឡើង​វិញ ឬ​ក៏​យ៉ាង​ណា​ទេ ក្រោម​សម្ពាធ​នៃ​ក្រុម​ប្រទេស​លោក​សេរី​នោះ។

ប្រទេសលោកសេរីច្រើនលើសលប់ រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង បានថ្កោលទោស​រដ្ឋាភិបាលកម្ពុជា ដែ​ល​បាន​ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិជាដើម ព្រមទាំងគំរាមដាក់​ទ​ណ្ឌ​កម្ម​ផង​ដែរ បើ​មិនធ្វើឲ្យស្ថានការណ៍នយោបាយវិលទៅរកស្ថានភាពដើមវិញ ដើម្បីស្តាលទ្ធិប្រជាធិបតេយ្យ ។

ជ្រុងមួយនៃសង្គមប្រជាធិបតេយ្យ គេតម្រូវឲ្យមានគណបក្សលើសពី ១ និងចាំបាច់​ត្រូវមានគណបក្សប្រឆាំ​ងដែល​សកម្ម និ​ង​​មា​ន​​ឥ​ទ្ធិព​ល ជំរុញអភិបាលកិច្ច តាមឃ្លាំមើលការអនុវត្តច្បាប់​ធា​នា​​ដល់ប្រយោជន៍សង្គម។

បើគេពិនិត្យពីរបត់នយោបាយនៅកម្ពុជាវិញ គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនោះ ត្រូវបានតុលាការ​កំពូ​លប្រ​​កា​​ស​​រំលាយតាំងពីចុងឆ្នាំ២០១៧ ពោលគឺមុនការបោះឆ្នោតមកដល់ តាមបណ្តឹងរបស់រដ្ឋាភិបាល ដោយចោទថា មេដឹកនាំគ​ណប​ក្សនេះបាន​ប្រព្រឹ​ត្តទង្វើ​«ក្បត់​ជាតិ»។

ប៉ុន្តែ ​​ចំណាត់ការនេះ ត្រូវបានសហគមន៍អន្តរជា​តិ ចាត់​ទុកថា ជាចេ​​តនានយោ​បាយ​រប​​ស់បក្សកាន់​អំ​ណា​​ច ចង់ផាត់សំ​ឡេង​ប្រ​​ឆាំង​ចេ​ញពីឆាកនយោបាយ មុនការប្រកួតចូលមកដល់ បើទោះបី​ជា​បក្សកាន់អំណាចវិញអះអាងថា ជាវិធានការច្បាប់​ក៏​ដោយ។

ភា​ពចម្រូងចម្រាសនៃការប្រែប្រួលផ្នែកនយោបាយនេះ ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា​ បើការបោះឆ្នោតខាងមុខគ្មានវត្តមានបក្សប្រឆាំ តើលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​អាច​ឆ្លុះ​​ញ្ចាំ​​ពី​​​ន្ទះម្ចាស់ឆ្នោតបាន​ដែរឬទេ ?

អ្នកសម្របសម្រួលផ្នែកអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន​ សាវាង្ស ពន្យល់ថា ក្នុងសង្គមប្រជា​ធិ​ប​​តេយ្យ គេតម្រូ​វឲ្យមានគណបក្សនយោបាយ​លើសពី១ ដើម្បីឲ្យគណបក្សទាំងនោះ បានប្រកួតប្រជែងតាមរយៈ​គោលនយោ​បាយរបស់ខ្លួន។​

មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​រូប​នេះ ពន្យល់ទៀត​​​ថា​ គោ​លនយោបាយគណបក្សណា ដែល​ពលរដ្ឋមើលឃើញថាល្អ ហើយពួកគេបោះ​ឆ្នោត​​ឲ្យ​​បា​​​ននាំមុខគេក្នុងសភា គណបក្សនោះនឹងដឹកនាំរដ្ឋាភិបាល ហើយគណបក្ស ដែលមានសំឡេងបន្ទាប់ នឹងធ្វើជាគណ​បក្ស​ឃ្លាំ​​​​​មើលការអនុវត្តច្បាប់ ឬហៅថា​គ​ណ​បក្ស​ប្រ​​ឆាំង។

មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះពន្យល់ទៀតថា សង្គមប្រជាធិបតេយ្យ បក្សប្រឆាំងបានដើរតួនាទីសំខាន់ ក្នុងការជំរុញ​អភិបា​លកិ​ច្ចផង ជំរុញការអនុវត្តផង ដើម្បីតម្រង់ទិសក្បាលម៉ាស៊ីនដឹ​កនាំរដ្ឋ ជំរុញឲ្យបម្រើប្រយោ​ជន៍ពលរដ្ឋ​គ្រប់និន្នាការ ដែលរស់​ក្រោ​​​​​ម​​​​ដំបូ​​លរដ្ឋាភិបាល។

លោក កន សាវាង្ស វិភាគថា បើការបោះឆ្នោតខាងមុខ​គ្មានវត្តមានបក្សប្រឆាំងចូលរួមដូ​ចស្ថានការណ៍ន​​យោបា​យបច្ចុប្ប​ន្ន លោ​​កថា ​​ពិ​តជាធ្វើឲ្យប៉ះអារម្មណ៍ ម្ចាស់ឆ្នោត ៣លាននាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។

លោក កន សាវាង្ស ជំរុញឲ្យអ្នកនយោបាយខ្មែរ គួរគិតពីប្រយោជន៍ជាតិ ហើយវិលទៅរកតុចរចា ស្វែងរកដំណោះ​ស្រាយនយោ​បា​​​​យ ដើម្បីឈានទៅរៀបចំការបោះឆ្នោតអាណត្តិទីថ្មីនេះ ឲ្យមានលក្ខណៈ​សេរី​ត្រឹមត្រូវ និងយុត្តិធម៌ ទទួល​ស្គា​ល់​ពីអន្តរជាតិ។

លោកថា៖ «យើងក៏ចង់ឃើញដំណើរការហ្នឹង មានការប្រកួតប្រជែងគ្នាមួយដោយស្មើភាពគ្នា ហើយក៏ចង់ឃើញស្ថានភាពរបស់អ្ន​​​​​​​​យោបាយខ្មែរហ្នឹងចេះជជែកគ្នា ចេះដោះស្រាយគ្នា។ ជាពិសេស ចេះ​ចូលអង្គុយចូលរួមតុចរចា ដើម្បីស្វែងរកដោះស្រា​​ញ្ហា​​​ ឲ្យបានល្អប្រសើរឡើងវិញ»

ការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨​អាសនៈ ខណៈ​ដែល​គណប​ក្សសង្គ្រោះ​​ជាតិ​បា​​ន ៥៥​អាសនៈ ក្នុង​ចំ​​ណោ​មអា​សនៈ​សរុប ១២៣ នៅ​ក្នុងសភា ពោលគឺបក្សប្រឆាំងបានកើនអាសនៈ ចំណែកគណប​ក្សកា​​ន់អំណា​ចបាន​ថយ​អស់​ចំនួ​ន ​២២​អាសនៈ។

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី វិភាគថា ក្នុងវិស័យនយោបាយ គណបក្សប្រឆាំងបានដើរតួនាទីសំខាន់ ជាអ្ន​កដុ​ស​ក្អែ​លរដ្ឋាភិបាល ឬជាអ្ន​ក​ជួយ​តម្រ​ង់ទិសមន្ត្រីខិលខូច​ក្នុងជួយរដ្ឋាភិបាល។ លោ​កថា ដូចនេះក្នុងសង្គមប្រ​ជាធិ​បតេយ្យ បក្ស​ប្រ​ឆាំ​​ងបាន​ជួយជំរុញនីតិរដ្ឋ។

ប៉ុន្តែ លោក មាស នី វិភាគថា បើការបោះឆ្នោតខាងមុខ ត្រូវបានគេផាត់គណបក្សប្រឆាំងចេញ​ពីទីលានប្រកួតមែន លោកថា នឹ​ងធ្វើ​ឲ្យ​​​ប៉ះពា​ល់​​​ដល់ឆន្ទៈពលរដ្ឋប្រមាណជា ៣លាននាក់ និងបង្ហាញថា មេដឹកនាំកំពុងនាំកម្ពុជាទៅរករបបផ្តាច់ការ។

លោកថា៖ «យើងដឹងស្រាប់ហើយថាឆន្ទៈរបស់ប្រជាពលរដ្ឋយើងប្រមាណជា៣លាននាក់ហ្នឹង ត្រូវបានគេរំលាយរួចស្រេ​​ចទៅហើ អញ្ចឹងនៅក្នុងលក្ខខណ្ឌបែបនឹង វាអាចធ្វើឲ្យ [ម្ចាស់ឆ្នោត៣លាននាក់ហ្នឹង] មិនសប្បាយចិត្តរួចទៅហើយ។ បើសិនជាមិនមា​​​​កា​​​​​រចូលរួមពីគណបក្សប្រឆាំងទេនោះ វានឹងមានអំណាចកាន់កាប់ដោយបក្សតែមួយ។ អញ្ចឹងយើងអាចនិយាយបានថា ជារបបផ្តាច់ការ»

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ​លោក យង់ គិអេង យល់ថា បើការបោះឆ្នោតខាងមុខ បក្ស​​ប្រ​​​​​​​ឆាំ​​ងដ៏ធំនេះ​ត្រូវបានគេផាត់ចេញពីឆាកនយោបាយមែន លោកវិភាគថា ម្ចាស់ឆ្នោតមួយចំនួ​ន នឹងបាត់​ជម្រើ​ស។​ លោ​កថា បើពលរដ្ឋបាត់ជម្រើស ស្ថានការណ៍នយោបាយទៅថ្ងៃអនាគតជំរុញឲ្យជាតិបែកបាក់។ ប៉ុន្តែ លោក យង់ គិមអេង វិភាគថា បើ​​អ្ន​ក​​នយោបាយខ្មែរ​គិតពីប្រយោជន៍ជាតិ ការផ្សះផ្សា​ជាតិនឹងរកច្រកចេញរួច។

លោកថា៖ «កាលណាកម្រិតនៃការមិនទុកចិត្តគ្នាកាន់តែឡើងខ្ពស់ គឺធ្វើឲ្យលទ្ធភាពនៃការរួបរួមវាកាន់តែតិច។បើសិនជាយើងបង្រួអាកម្រិតនៃការមិនទុកចិត្តគ្នាឲ្យវានៅកាន់តែតូចដូច្នេះហើយលំហនៃការរួបរួមជាតិហ្នឹងវាកាន់តែធំទៅវិញ»

របត់នយោបាយនៅកម្ពុជា ជំរុញឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ​ចំនួន ៤៥​ប្រទេស ក្នុង​ចំ​ណោ​ម ៤៧ កាលពីថ្ងៃទី២១ ខែមិនា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់​ចាត់​វិធានការ ធានាបញ្ឈប់​ធ្វើ​ទុក្ខបុក​ម្នេ​​ញ​ដល់​គ​​ណប​​ក្ស​ប្រ​​​ឆាំ​​ង និងអង្គការសង្គមស៊ីវិល ដើម្បីកសាង​លទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយពីគ​ណបក្ស​ប្រឆាំង​​ដ៏ធំ​​មួ​យ​​​​ត្រូ​វបា​នរំលាយ។

​ក្រោ​យមកទៀត ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយធំជាងគេ​បន្ទាប់ពី​ប្រទេស​ចិន ​បានជំរុញមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ថា ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ គួរតែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ត្រឹម​ត្រូវ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ និងបានរំឭកថា ជប៉ុន​ជាមិត្ត​យូរ​អង្វែង​ជាមួយ​កម្ពុជា ​មិន​ចង់​ឃើញ​ប្រទេស​មួយ​នេះ​ ប្រឈម​មុខ​នឹង​ការ​រិះគ​ន់​នោះ​ឡើយ។

នេះ​មិនទាន់គិតពីប្រតិកម្មរបស់សហរដ្ឋអាមេរិក និងសហភាពរ៉ុប ដែលធ្លាប់គំរាមដាក់ទណ្ឌក​ម្មសេដ្ឋកិច្ចដ​ល់កម្ពុជា​បើមិ​នស្តារ​​ប្រ​ជាធិ​បតេយ្យឡើងវិញនោះ។

សរុ​បជារួម បើការបោះឆ្នោតខាងមុខ គណបក្សប្រឆាំងត្រូវបានផាត់ចោលពីទីលានប្រកួតមែន ក្រុម​អ្នក​វិភាគ​យល់​ថា ស្ថាប័នរដ្ឋ​ស​ភា​​នឹ​ងត្រូ​វគ្រប់គ្រងដោយបក្សតែមួយ ដូចស្ថាប័នព្រឹទ្ធសភាដែរ ពេលនោះ រដ្ឋាភិបាលថ្មីនឹងដឹកនាំបែបឯកបក្ស ចំណែក​ក្បា​ល​​​ម៉ាស៊ីនដឹកនាំ ប្រឈមនឹងបញ្ហាផ្ទៃក្នុង ​និ​ង​ប្រឈមនឹងការ​ហ៊ុំព័ទ្ធ​​សេដ្ឋ​កិច្ចពីក្រុមប្រទេសលោកសេរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ