វិភាគ៖ តើ​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​២០១៧​ ឆ្លុះ​បញ្ចាំង​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​២០១៨​ឬទេ?

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ ក្រុម​អ្នក​ឃ្លាំមើល​នយោបាយ​កម្ពុជា និង​អ្នក​ជំនាញ បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​​ឃុំ-សង្កាត់​នៅ​ឆ្នាំ​នេះ នឹង​ក្លាយ​ទៅ​ជា​មូលដ្ឋាន​សម្រាប់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ដំណើរការ​ប្រែ​ប្រួល ឬ​ក៏​មិន​ប្រែ​ប្រួល​នៅ​ក្នុង​នយោបាយ​កម្ពុជា ប៉ុន្តែ ក៏​បាន​ព្រមាន​ទុក​ផង​ដែរ​ថា អ្វីៗ​អាច​នឹងខុស​ការ​រំពឹង​ទុក​ផង​ដែរ។

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី​៤ ត្រូវ​បាន​កំណត់​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​០៤ មិថុនា​ខាង​មុខ​នេះ ពោល​គឺ​នៅ​សល់​មិន​ដល់​ជាង​កន្លះ​ខែ​ទៀត​ទេ ខណៈ​ដែល​ពេល​នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នីមួយៗ  បាន និង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស។

ផ្អែក​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ឲ្យ​ដឹង​ថា គណបក្ស​នយោបាយ​ចំនួន ១២ បាន​ចុះ​បញ្ជី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​​ក្នុង​ឆ្នាំ​២០១៧​នេះ ប៉ុន្តែ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​បាន​ដាក់​បេក្ខជន​របស់​ខ្លួន ឲ្យ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​គ្រប់​ឃុំ​សង្កាត់​​ទាំង​អស់ នៅ​ទូទាំង​ប្រទេស។

បើទោះបី​ជា​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​គណបក្ស​នយោបាយ​ដទៃ​ទៀត​មែន ប៉ុន្តែ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នេះ ហាក់​បី​ដូចជាមាន​ការ​ជជែក​គ្នា​ច្រើន​តែ​ពី​ការ​ប្រកួត​ប្រជែង​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។ គណបក្ស​ទាំង​ពីរ​នេះ សុទ្ធ​តែ​បាន​ប្រមូល​ផ្ដុំ​សកម្មជន និង​អ្នក​គាំ​ទ្រ​របស់​ខ្លួនក្នុង​ចំនួន​រាប់​ពាន់​នាក់ ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​មាន​រយៈ​ពេល​ត្រឹម​តែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។ គណបក្ស​ទាំង​ពីរ​នេះ សុទ្ធ​តែ​អះ​អាង​រៀងៗ​ខ្លួន ឬ​ក៏​រំពឹង​ទុក​ជា​មុន​ពី​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​នា​ពេល​ខាង​មុខ​នេះ។

មិន​ថាគណបក្ស​ណា​មួយ​ទទួល​ជ័យ​ជម្នះ​នោះ​ទេ ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា ចាត់​ទុក​ការបោះ​ឆ្នោត​នៅ​ខែ​ក្រោយ​នេះ ជា​មូលដ្ឋាន​សម្រាប់​ឆ្លុះ​បញ្ចាំង​អំពី​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ដែល​រៀបចំ​ធ្វើ​ឡើង​ខុស​គ្នា​តែ​មួយ​ឆ្នាំ​ក្រោយ​ប៉ុណ្ណោះ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូរ ចន្ថា បាន​ប្រាប់​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាំ​ឃុំ​-សង្កាត់ ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ការ​ប្រកួត​ប្រជែង​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លោក​ថា ពីព្រោះ​ឃុំ​-សង្កាត់​គឺ​ជា​មូលដ្ឋាន​នៃ​ការ​ទ្រាំ​របស់​គណបក្ស​នយោបាយ​នីមួយៗ។ អ្នក​វិភាគ​នយោបាយ​រូប​នេះ យល់​ថា ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​មូលដ្ឋាន នឹង​ឆ្លុះ​បញ្ចាំង​នូវ​ជ័យ​ជម្នះ​នៅ​ថ្នាក់​ជាតិ។

ប៉ុន្តែ លោក សូរ ចន្ថា បញ្ជាក់​ផង​ដែរ​ថា ជ័យ​ជម្នះ​របស់​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ក៏​អាស្រ័យ​ផង​ដែរ​ថា តើ​គណបក្ស​នយោបាយ​ដែល​ទទួល​ជ័យ​ជម្នះ​នៅ​មូលដ្ឋាន​នោះ បាន​អនុវត្ត​ទៅ​តាម​គោល​នយោបាយ​របស់​ខ្លួន ដូច​ដែល​បាន​សន្យា​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែរ​ឬ​យ៉ាង​ណា។

លោក សូរ ចន្ថា៖ “លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៧ គឺ​ជា​មូលដ្ឋាន​ដ៏​សំខាន់ ដែល​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​បោះ​ឆ្នោត២០១៨ ពីព្រោះ​ថា ភូមិ​ឃុំ ឃុំ-សង្កាត់​ហ្នឹង គឺ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​ប្រជែង​នយោបាយ។ ប្រសិន​បើ​មូលដ្ឋាន​ឃុំ​សង្កាត់ ត្រូវ​គណបក្ស​មួយ​គ្រប់​គ្រង ហើយ​អនុវត្ត​ទៅ​តាមផែនការ អនុវត្ត​តាម​គោល​នយោបាយ​ច្បាស់​លាស់​ដូច​តាម​ការ​សន្យា ខ្ញុំ​គិត​ថា ពលរដ្ឋ​គាត់​សប្បាយ​ចិត្ត ហើយ​គាត់នឹង​បន្ត​គាំ​ទ្រ​ត​ទៅ​ទៀត។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បក្ស​មួយ​ឈ្នះ​ឃុំ​សង្កាត់​ហ្នឹងច្រើន​ហើយ ប៉ុន្តែ មិន​បាន​អនុវត្ត​តាម​កិច្ច​សន្យា​​ មិន​អនុវត្ត​តាម​គោល​នយោបាយ​របស់​ខ្លួន បែរ​ជា​ទៅធ្វើ​បាប​រាស្ត្រ បែរ​ជា​ទៅ​គាប់​សង្កត់​ពលរដ្ឋ​ទៅ​វិញ នោះ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត ហើយ​លទ្ធផល២០១៨ ខ្ញុំ​គិត​ថា ពួក​គាត់​​មិន​គាំ​ទ្រ​នោះ​ទេ”។

ខណៈ​ដែល​គម្លាត​រវាង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ខុស​គ្នា​ត្រឹម​តែ​មួយ​ឆ្នាំ​នោះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់​ឃើញ​ថា ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ក្នុង​ឆ្នាំ​នេះ ភាគច្រើន​ពិត​ជា​អាច​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

បើទោះបី​ជា​យ៉ាង​នេះ​ក្ដី អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ឆ្នាំ​នេះ ក៏​មិន​ទាន់​ប្រាកដ​ថា ឆ្លុះ​បញ្ចាំង​បាន​១០០​ភាគរយ​នោះ​ទេ ដោយ​លោក​ថា វា​អាស្រ័យ​លើ​ការ​ប្រែ​ប្រួល​នៃ​ស្ថានការណ៍​នយោបាយ។

លោក ព្រាប កុល៖ “ខ្ញុំ​ថា ពិត​ជា​អាច ប្រសិន​ជា​យើង​មើល​គម្លាត​រវាង​ការ​បោះ​ឆ្នោត​នេះ​តែ​មួយ​ឆ្នាំ​ទេ អញ្ចឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ថា​ជា​កញ្ចក់​សម្រាប់​​ឆ្នាំ​២០១៨ គឺ​លទ្ធភាព​វា​អាច​មាន​ច្រើន​ ក៏​ប៉ុន្តែ ​វា​មិន​មែន​ធានា​ថា អញ្ចឹង​ ១០០​ភាគរយ​នោះ​ទេ ពីព្រោះ​ទិដ្ឋភាព​ ស្ថានការណ៍​នយោបាយ វា​អាច​ប្រែ​ប្រួល​នៅ​ក្នុង​រយៈ​ពេល​​ណាមួយ យើង​មិន​អាច​សន្មត់​បាន​មុន​ត្រូវ​១០០​ភាគ​ទេ”។

ជា​ឧទាហរណ៍​មួយ​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​ទទួល​បាន​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់​មូលដ្ឋាន​នៅ​ឆ្នាំ​នេះ លោក ព្រាប កុល យល់​ថា នោះ​វា​ឆ្លុះ​បញ្ចាំង​បាន​ថា គណបក្ស​នេះ​មាន​ភាគ​រយ​ច្រើន​ក្នុង​ការ​ទទួល​បាន​សំឡេង​គាំ​ទ្រ​ច្រើន​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។

លោក ព្រាប កុល៖ “ភាគរយ​ដែល​គាត់​អាច​នឹង​ឈ្នះ​នៅ​ឆ្នាំ​២០១៨ អាច​នឹង​មាន​ច្រើន ប្រសិន​ជា​គាត់​ទទួល​បាន​ការ​គាំ​ទ្រ​ភាគ​ច្រើននៅឆ្នាំ​២០១៧។ ខ្ញុំ​និយាយ​ថា ភាគរយ​ហ្នឹង គឺ​ខ្ញុំ​រក្សាចំណុច​មួយ​ដែល​ថា វា​អាច​មាន​រឿង​អី​កើត ដែល​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ផ្នត់​គំនិត​​របស់​ប្រជា​ពលរដ្ឋ”។

ដោយ​ត្រូវ​បាន​ចោទ​សួរ​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​កាន់​កាប់​អាសនៈ​ភាគ​ច្រើន​នៅ​តាម​ឃុំ​-សង្កាត់ តើ​វា​អាច​ឆ្លុះ​បញ្ចាំង​បាន​ទេ​ថា គណបក្ស​កាន់​អំណាច​នឹងនៅ​តែ​បន្ត​កាន់​កាប់​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នោះ សាស្ត្រាចារ្យ​​​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត អ៊ា សុផល បាន​បញ្ជាក់​តាម​សារ​អេឡិត្រូនិច​ថា បើទោះបី​ជា​លទ្ធផល​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ​២០១៧​នេះ អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ខក​ចិត្ត​ក៏​ដោយ ប៉ុន្តែ វា​មិន​អាច​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៨​នោះ​ឡើយ។

លោក អ៊ា សុផល ដែល​ជា​អ្នក​ជំនាញ​ផ្នែក​​សេដ្ឋកិច្ច​នយោបាយ កាទូត កិច្ចការ​ពិភព​លោក និង​អភិវឌ្ឍន៍​ នៅ​សាកល​​វិទ្យាល័យ​អកស៊ីដេនថល នៅ​ទីក្រុង​ឡូសអែនជឺឡែស​នោះ បាន​បញ្ជាក់​បន្ថែម​ថា នៅ​តាម​មូលដ្ឋាន ប្រជាជន​នឹង​បោះ​ឆ្នោត​គាំ​ទ្រ​មនុស្ស​ដែល​ពួកគេ​បាន​ស្គាល់​ផ្ទាល់​តែ​ម្ដង បើទោះបី​ជា​​ពួកគេ​ដឹង​ថា បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ក៏​ដោយ។ លោក​បន្ត​ថា នៅ​ឯ​ថ្នាក់​ជាតិ​ឯណោះ​វិញ ប្រជា​ពលរដ្ឋ​នឹង​បោះ​ឆ្នោត​ឲ្យ​បុគ្គល​ថ្នាក់​ជាតិ តាម​រយៈ​ការ​បោះ​ឆ្នោត​ឲ្យ​គណបក្ស។

ការ​លើក​ឡើង​របស់សាស្ត្រាចារ្យ​ដើម​កំណើត​ខ្មែរ​រូប​នេះ មិន​មែន​គ្មាន​មូលដ្ឋាន​នោះ​ទេ ប៉ុន្តែ គេ​អាច​ក្រឡេក​ទៅ​មើល​ការ​បោះ​ឆ្នោត​កាល​ពី​អាណត្តិ​​មុន នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១២ គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​កាប់​អាសនៈ​ជាច្រើន​នៅ​តាម​មូលដ្ឋាន ខណៈ​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សទ្ធិ​មនុស្ស​ ដែល​ក្រោយ​មក​ប្របាច់​បញ្ជូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ឈ្នះ​បាន​​សំឡេង​ភាគ​តិច។

បើទោះបី​ជា​គណបក្ស​ប្រឆាំង​​បន្ត​កាន់​កាប់​អាសនៈ​ភាគ​តិច​នៅ​ថ្នាក់​មូលដ្ឋាន ប៉ុន្តែ សំឡេង​គាំ​ទ្រ​របស់​គណបក្ស​នេះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ពួកគេ​ទទួល​​កាន់​តែ​ច្រើន ដែល​នាំ​ឲ្យ​អាសនៈ​ពួកគេ​ហក់​ឡើង​ដល់​ទៅ​ចំនួន ៥៥ នៅ​ក្នុង​រដ្ឋ​សភា ខណៈ​ដែល​គណបក្ស​កាន់​អំណាច​បែរ​ជា​​បាត់​បង់​សំឡេង​គាំ​ទ្រ​ដល់​ទៅ ២២​អាសនៈ ដោយ​ធ្លាក់​ពី ៩០​អាសនៈ មក​នៅ​ត្រឹម ៦៨​​អាសនៈវិញ។

លោក សូរ ចន្ថា ឲ្យ​ដឹង​ថា​ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ជម្លោះ​ដី​ធ្លី ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ អំពើ​ពុក​រលួយ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ជា​ដើម ត្រូវ​បាន​គេ​បន្ទោស​ថា ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ខុស។

ការ​ស្ទង់​មតិ​មួយធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ហៅ​កាត់​ថា IRI កាល​ពី​ដើម​​ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា អ្នក​ឆ្លើយ​តប​ ២១​ភាគរយ បាន​ឆ្លើយ​ថា រដ្ឋាភិបាល​បាន​ដើរ​លើ​ផ្លូវ​ខុស ប៉ុន្តែ ការ​ស្ទង់​មតិ​នៅ​ចុង​ឆ្នាំ​ដដែល IRI រក​ឃើញ​ថា អ្នក​ឆ្លើយ​តប​ដល់​ទៅ ៤៣​ភាគរយ ឆ្លើយ​ថា រដ្ឋាភិបាល​ដឹកនាំ​លើ​ផ្លូវ​ខុស។

ទស្សនៈ​ដែលថា រដ្ឋាភិបាល​ដឹកនាំ​លើ​ផ្លូវ​ខុស​នោះ កាន់​តែ​រីក​ធំ​ឡើង​នៅ​​ឆ្នាំ​២០១៤ តាម​រយៈការ​ស្ទង់​មតិ​មួយ​​​ធ្វើ​ឡើង​ដោយ​អង្គការ​មូលនិធិ​អាស៊ី​។ អង្គការ​នេះ​ បាន​រក​ឃើញ​ថា អ្នក​ឆ្លើយ​តប​ដល់​ទៅ ៥៩​ភាគរយ ឆ្លើយ​ថា រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច ដើរ​លើ​ផ្លូវ​ខុស។ អង្គការ​អន្តរជាតិ​នេះ​រក​ឃើញ​ថា បញ្ហា​គ្រឿង​ញៀន ការ​កាប់​ព្រៃ​ឈើ អំពើ​ពុក​រលួយ បញ្ហា​កសិកម្ម កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ កង្វះ​សេរីភាព ជាដើម គឺ​ដើមចម​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ