គ.ជ.ប កំពុងពិភាក្សាជាមួយក្រសួងការងារពីថ្ងៃឈប់សម្រាកទៅបោះឆ្នោត

គ.ជ.ប កំពុងពិភាក្សាជាមួយនឹងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីថ្ងៃឈប់សម្រាកបន្ថែមសំរាប់កម្មករដែលនៅខេត្តឆ្ងាយ ដើម្បីធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោក ហង្ស ពុទ្ធា ប្រាប់VODនៅថ្ងៃនេះថា គ.ជ.ប បានបញ្ជូនអ្នកជំនាញទៅពិគ្រោះពិភាក្សាជាមួយនឹងក្រសួងការងាររួចហើយ ប៉ុន្តែលទ្ធផលមិនទាន់ច្បាស់ទេ ព្រោះត្រូវការពេលបន្តិច។ លោកថានឹងជម្រាបជូនឲ្យដឹងក្នុងសប្តាហ៍នេះ។

លោក ហង្ស ពុទ្ធា បញ្ជាក់ថា ត្រូវពិនិត្យលើទិដ្ឋភាពទាំងឡាយ និងទិដ្ឋភាពច្បាប់ក្រោយរបស់គ.ជ.ប ហើយមិនចង់ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័នឯកជន និងអនុវត្តការងារដោយមិនមានហេតុផល ដូច្នេះហើយទើបត្រូវពិភាក្សាជាមុនសិន។

កាលពីថ្ងៃទី៩ ឧសភា ២០១៧ សហជីពការងារកម្ពុជា បានស្នើសុំ គ.ជ.ប សហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយសម្រួលផ្តល់ថ្ងៃឈប់សម្រាកដោយមិនកាត់ប្រាក់ឈ្នួលចំនួនពីរថ្ងៃបន្ថែមទៀត គឺថ្ងៃទី៣និងទី៥ មុននិងក្រោយថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ មិថុនា ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ