បទយកការណ៍៖ ពលរដ្ឋនៅភ្នំពេញចាប់អារម្មណ៍តែគណបក្សធំពីរ

បក្សនយោបាយ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

មានស្រុកកំណើតនៅខេត្តកំពង់ចាម​ និងបច្ចុប្បន្នធ្វើការ​នៅម្តុំផ្សារដើមគ​ អ្នកស្រី ហេង សុខលី​ បាន​និយាយ​ថា គាត់​នឹង​ទៅបោះឆ្នោតនៅស្រុកកំណើតដើម្បីរើសមេឃុំថ្មី  ដោយថា ច្រើនអាណត្តិមក​ហើយមេឃុំចាស់របស់បក្សកាន់អំណាច មិនមានសមត្ថិភាពរកទីផ្សារ​សម្រាប់​លក់​កសិផល​ដែលកសិករផលិតបាននោះទេ។

អ្នកស្រីនិយាយថា «គណបក្សប្រជាជនគាត់ឡើងប៉ុណ្នឹងដែរ[កាន់អំណាច] ប៉ុន្តែគាត់មើលដូចជា ស្រូវចុះថោកបើដំឡូង១គីឡូតែមួយរយអត់អ្នកទិញទៀត មើលដូចស្រូវ ដូចជី មួយប៊េឡើងជិត១០ម៉ឺន ដលើពេលស្រូវលក់បាន៦០០រៀល អត់មានគេមកទិញ បើពេលសង្គ្រោះជាតិជាប់ យើងអ្វីៗក៏វាឡើងថ្លៃដូចជាស្រូវអង្ករវាឡើង​»

អង្គុយក្រោមសំយ៉ាបផ្ទះ លោក ណែវ សំនិត​ រស់នៅភ្នំពេញ​ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា នៅអំឡុង​ពេលឃោសនាបោះឆ្នោត លោក​បានស្តាប់សារនយោបាយរបស់បក្សធំពីរគឺបក្សប្រជាជនកម្ពុជា​ និង​បក្សសង្គ្រោះជាតិ ដោយលោកថា ច្រើនអាណត្តិមក​ហើយ បក្សកាន់អំណាច មិនបានធ្វើតាម​អ្វីដែល​មានចែងក្នុងសារនយោបាយនោះទេ។ ករណីនេះ​លោកថានឹង​ទៅបោះឆ្នោតជ្រើសរើស ក្រុម​ប្រឹក្សាឃុំ សង្កាត់ថ្មី​ នៅថ្ងៃទី៤មិថុនាខាងមុខ ដោយថា​ដើម្បី​ធ្វើឲ្យសង្គមជាតិមានការរីកចំរើន។

លោកនិយាយថា «គោលនយោបាយរបស់គណបក្សទំាងពីរ បើតាមខ្ញុំវិភាគខ្លួនឯងទៅគណបក្សង្គ្រោះជាតិល្អជាង បើគណបក្សប្រជាជន គាត់បានតែសន្យា គាត់ធ្វើអ្វីគាត់ចោល គាត់កុហកច្រើន ជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនជាងមានច្បាប់ បើថាប្រជាជនខ្មែរយើងខុសច្បាប់ទៅស្រុកគេ គេវៃធ្វើបាប នាយករដ្ឋមន្ត្រីគាត់អត់អើពើ ដ៏ពេលគេមកស្រុកខ្មែរវិញ គេមានសិទ្ធិដើប៉ាតណា ប៉ាតណីពេញប្រទេស បើជនបរទេសពួកសក់ក្រហមមិនអីទេ គេមកជួយយើង បើសក់ខ្មៅដូចយើងដែរ គេមកជញ្ជួកឈាមយើង ហើយដល់ពេលអញ្ចឹងទៅក្នុងប្រទេសកម្ពុជាយើងអស់អាលីង….ដូចជា ព្រៃឈើ សត្វព្រៃ សម្បត្តិធម្មជាតិ អ្វីៗដែលមានគឺអស់ សូម្បីតែជនបរទេសគេមកការពារឲ្យខ្លួនយើងសោះ របស់យើងសោះក៏គេខុសដែរ យើងគិតតែប៉ុណ្នឹងទៅបានហើយ»

គណបក្សប្រជាជនកម្ពុជា បានដាក់គោលនយោបាយចំនួន៩ចំណុច គឺលើកកម្ពស់លទ្ធិប្រជាធិបេតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពប្រជាជនគ្រប់រូប មិនប្រកាន់ជាតិសាស និងឋានៈក្នុងសង្គម អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គ្រប់គ្រាន់ និងល្អ មានសន្តិសុខស្បឿង ទឹក អគ្គិសនី ផ្តល់សេវាសង្គមនានាជូនប្រជាជនឆាប់រហ័សប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត លើកកម្ពស់ស្ត្រី កុមារ ជនពិការ ចាស់ជរា ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះផ្សេងទៀត មានភាពជាដៃគូល្អប្រសើរជាមួយសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងផ្នែកឯកជន គ្មានអំពើពុករលួយ និងធានាសន្តិសុខ សុវត្ថិភាពសង្គម។

ចំណែកគោលនយោបាយរបស់ គណបក្សសង្រ្គោះជាតិដែលពលរដ្ឋចាប់អារម្មណ៍ច្រើននោះគឺការ​ផ្តល់​ថវិកាទៅថ្នាក់​ឃុំឬសង្កាត់មួយ​ចំនួន៥០ម៉ឺនដុល្លារបើគណបក្សប្រឆាំងនេះឈ្នះ​ឆ្នោត​នៅឆ្នាំ២០១៨ ដែល​មានអំណាចក្នុង​ការចាត់ចែង​ថវិកា​ជាតិ ខណៈដែលថវិកាឃុំ សង្កាត់បច្ចុប្បន្នជាមធ្យម​ត្រឹម២ម៉ឺន​ដុល្លារ។

តាមអ្នកសារព័ត៌មានចុះសម្ភាសន៍ ពលរដ្ឋ២៧នាក់ ក្នុងចំណោមនោះមាន១៥នាក់​ថា គំា​ទ្របក្ស​ប្រឆំាង​​ ១០នាក់ថាគាំទ្របក្សកាន់អំណាច និង២នាក់ទៀតស្ថិតនៅក្នុងការពិចារណានៅឡើយ។

អ្នកស្រី អ៊ូ សុភា ដែលគំាទ្របក្សកាន់អំណាចបានរៀប​រាប់ប្រាប់អ្នកសារព័ត៌មានថា ជាង៣០ឆ្នាំក្រោមការ​ដឹកនាំរបស់​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងរីកចំរើនគ្រប់វិស័យ ដោយថា​មិន​ដូច​ការ​លើកឡើងរបស់អ្នកគំាទ្របក្សប្រឆំាងដែលលើកឡើងខាងលើ​នោះទេ។

អ្នកស្រី​និយាយ​ថា «ស្រុកខ្មែរយើងរីកចំរើនបានតែប៉ុណ្នឹង ដូចថាប្រជាជនយើងមានញំា មានគេង មានសព្វគ្រប់ មានផ្ទះនៅ មានទឹក មានភ្លើង ប៉ុណ្នឹងបានហើយ បើជាក់ស្តែងដូចគ្រួសារខ្ញុំ ខ្ញុំគិតថា វាបរបូរណ៍ហើយ ខ្ញុំស្រលាញ់ណាស់គណបក្សប្រជាជន ខ្ញុំបោះឲ្យហើយ»

លើសពីនេះទៀត គាត់បានអំពាវនាវទៅប្រជាពលរដ្ឋទំាងអស់បោះឆ្នោតថ្ងៃទី៤មិថុនាខាងមុខ ដើម្បី​គំាទ្រ​បក្ស​​កាន់អំណាចផង​ដែរ ដោយថា គណបក្សកាន់អំណាច​មានសមត្ថិភាពដឹកនាំ​ប្រទេស​ឲ្យមាន​សន្តិ​ភាព​​ និងរីកចំរើន​ពិតប្រាកដ​។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា បើគណបក្សរបស់លោកចាញ់ ឆ្នោត សង្គ្រាមនិងអាច​កើតមានឡើង។ ប៉ុន្តែបក្សប្រឆំាងបានច្រានចោលការលើកឡើងនេះ ដោយថា​បក្ស​ប្រឆំាងនិងអ្នកគំាទ្រ មិនមានអាវុធច្បាំងតបតជាមួយបក្សកាន់អំណាច​នោះទេ។

លោក ហេង ពន្លឺ បានរៀប​រាប់ថា ពេលប្រជុំ និងក្នុង​ថ្ងៃឃោសនាបោះឆ្នោតពួកគាត់ត្រូវ​បានអាជ្ញាធរ​បក្ស​កាន់​​​អំណា​ចផ្តល់ជាលុយធ្វើដំណើរ ចាក់សំាងក្នុងមួយនាក់ចន្លោះពី១ម៉ឺនដល់​៥ម៉ឺនរៀល។ ​

លោកពន្លឺថា គាត់នឹងបោះឆ្នោតគំាទ្រគណបក្សប្រជាជនកម្ពុជា​ ប៉ុន្តែលោកថា បើ​លទ្ធផលចេញមក​គណ​បក្ស​ប្រជាជនកម្ពុជាចាញ់​ លោកមិនចង់ឲ្យមានសង្គ្រាម ខ្មែរ​សម្លាប់ខ្មែរ​ដូចពី​សម័យ​អតីត​កាល​នោះ​ទេ។​

លោកនិយាយថា «គំាទ្រគណបក្សប្រជាជន ប៉ុន្តែគ្រាន់ថា ចាញ់អី ឈ្នះអី គឺកុំឲ្យមានសង្គ្រាមកើតឡើង ឲ្យប្រជាជនសុខសប្បាយតទៅទៀតទៅ រាល់ថ្ងៃប៉ុណ្នឹងវាសុខសាន្តហើយ ប្រទេសជាតិយើងសុខសាន្តជឿនលឿនទៅមុខហើយ»

ពល​រដ្ឋម្ចាស់ឆ្នោតមួយចំនួនក្នុង​រាជធានីភ្នំពេញ សុទ្ធតែបង្ហាញជំហរទៅបោះឆ្នោតជ្រើស​រើស​មេដឹកនាំរបស់ខ្លួនពេញចិត្តដូចគ្នា ដោយពួកគេចង់ឲ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវ​ចំណាយ​ពេលមួយ​ថ្ងៃ ​ដើម្បី​ទៅ​បោះឆ្នោតទំាងអស់គ្នា។

ប៉ុន្តែលោក ឌុក​ សារ៉ុម  ឯណោះវិញ ហាក់មិនចង់ឆ្លើយប្រាប់អ្នកសារព័ត៌មាននៅពេលសួរពីរឿង​ទៅបោះឆ្នោតឃុំ សង្កាត់ នោះទេ ដោយលោកថា ជាប់រវល់រកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។

លោកនិយាយថា «ខ្ញុំអាឡៃរកស៊ី អត់ដែលគិតពីបញ្ហាហ្នឹងផង និយាយទៅខ្ញុំរវល់ណាស់ រឿងការងារហ្នឹងខ្ញុំអត់សូវចាប់អារម្មណ៍ដែរ ព្រោះខ្ញុមិនមែនអ្នកកាន់បក្ស កាន់អំណាចអីផង ព្រោះខ្ញុំស្រលាញ់អ្នកណា ខ្ញុំបោះឲ្យពីហ្នឹង ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេនិយាយទៅនាំប៉ះពាល់ដល់ការងារ»

ការ​ឃោសនា​បោះ​ឆ្នោត ត្រូវ​បាន​កំណត់​ឲ្យ​ធ្វើ​រយៈ​ពេល១៤​ថ្ងៃ មុន​ថ្ងៃ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ​នៅ​ថ្ងៃ​អាទិត្យ​ ទី​០៤ មិថុនា​ខាង​មុខ​នេះ។

គួររំលឹកថា ព្រះ​មហា​ក្សត្រ​កម្ពុជា ​តាម​រយៈសាលិខិត​មួយ​ច្បាប់​របស់​ព្រះ​អង្គចុះ​ថ្ងៃ​ទី២០កុម្ភៈ ព្រះ​អង្គ​បា​ន​ជម្រុញ​ទៅ​កាន់​ពល​រដ្ឋ​គ្រប់​រូប​ឲ្យ​ទៅ​បោះ​ឆ្នោតនាពេល​ខាង​មុខ ដោយប្រើសិទ្ធិ​សេរីភាព​របស់​ខ្លួន និង​ទៅ​តាម​សតិ​សម្បជញ្ញៈ និង​សុំ​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភពី​ការ​គាបសង្កត់ ការ​គំរាម​កំហែង ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ឬ​បក្សណា​មួយ​ឲ្យ​សោះ។

កន្លងទៅអ្នកវិភាគ និងអ្នកឃ្លំាមើលសង្គមធ្លាប់លើកឡើងថា កម្ពុជា​នឹងមិនអាច​កើតមានសង្គ្រាម​ក្រោយ​ការបោះឆ្នោតនោះទេ ដោយពួកគេថា បើអ្នកនយោបាយចេះសម្របសម្រួលគ្នា និងគោរពលទ្ធផល​បោះឆ្នោត​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ