ក្រុមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មដើម្បីសុំឲ្យជប៉ុនដកខ្លួន និងផ្ដាច់ជំនួយបោះឆ្នោតដល់កម្ពុជា ប៉ុន្ដែ អ្នកនាំពាក្យ គ.ជ.ប ឆ្លើយតបថា ក្រុមនេះកំពុងបង្កការរំខានដល់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅចុងខែកក្កដាឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញ ក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំងប្រចាំនៅសហរដ្ឋអាមេរិក ថា គ្រោងរៀបចំធ្វើមហាបាតុកម្ម នៅមុខស្ថានបេសកកម្មអចិន្ដ្រៃយ៍ជប៉ុនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាថ្ងៃទី១ខែមិថុនាខាងមុខនេះ។
មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅអាមេរិក លោក ហ៊ីង សុខសាន្ដ បញ្ជាក់បន្ថែមប្រាប់ VOD នៅថ្ងៃនេះថា គម្រោងធ្វើបាតុកម្មនេះ គឺមានគោលដៅសំខាន់ ៣យ៉ាង គឺ ស្នើឲ្យជប៉ុនផ្ដាច់ជំនួយបោះឆ្នោតមកកម្ពុជា ស្នើជប៉ុនកុំទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត បើគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិ និងស្នើជប៉ុន ជំរុញឲ្យកម្ពុជាគោរពតាមកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។
លោក ហ៊ីង សុខសាន្ដ មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួននៅអាមេរិក
លោក ហ៊ីង សុខសាន្ដ រំពឹងទៀតថា បាតុកម្មនេះ នឹងមានអ្នកចូលរួមប្រមាណជា ៥០០នាក់ ហើយនឹងបន្ដការតវ៉ាបែបនេះនៅប្រទេសមួយចំនួនទៀត ដូចជា បណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប កូរ៉េខាងត្បូង និងអូស្ដ្រាលីជាដើម។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស កំពុងតែមានបំណងអាក្រក់ និងបង្កការរំខានដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ លោកថា ជប៉ុន នឹងមិនកាត់ផ្ដាច់ជំនួយបោះឆ្នោតពីកម្ពុជានោះទេ ហើយបើទោះបីជាជប៉ុន មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតក៏ដោយ ក៏វាមិនប៉ះពាល់ដល់ភាពស្របច្បាប់នៃរដ្ឋាភិបាលកើតក្រោយការបោះឆ្នោតនោះឡើយ។
លោកថា៖ « ខ្ញុំសូមជំរាបថា សភានៃប្រទេសកម្ពុជា លោកបានអនុម័តកញ្ចប់ថវិកាជាដុំរួចហើយ។ អញ្ចឹងកញ្ចប់ថវិកានេះ បើមានប្រទេសណាជួយមក ជាការសម្រួលបន្ទុកទៅរដ្ឋាភិបាលកម្ពុជា ប៉ុន្ដែ បើសិនជាអត់ជួយទេ គឺកញ្ចប់ថវិកានោះ គឺមានស្រាប់សម្រាប់ដំណើរការបោះឆ្នោត។ ដើម្បីជ្រើសរើសមេដឹកនាំប្រទេស មេដឹកនាំរដ្ឋមួយ មិនមែនឋិតនៅលើអ្នកនៅខាងក្រៅទេ គឺប្រជាពលរដ្ឋក្នុងប្រទេសខ្លួនឯង»។
ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា គម្រោងធ្វើបាតុកម្មនៅក្រៅប្រទេសនេះ ទំនងជាគ្មានឥទ្ធិពលអ្វីធំដុំមកលើរដ្ឋាភិបាលកម្ពុជានោះទេ។ ប៉ុន្ដែ លោកយល់ថា វានឹងជួយជំរុញទៅរដ្ឋាភិបាលជប៉ុន និងសហគមន៍អន្ដរជាតិ ឲ្យងាកមកចាប់អារម្មណ៍បន្ថែមទៀតលើបញ្ហានយោយបាយនៅកម្ពុជា ខណៈការបោះឆ្នោតកាន់តែខិតចូលមកដល់។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង
បន្ទាប់ពីអតីតបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស ត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្ដឹងរបស់ រដ្ឋាភិបាល ប្រទេសលោកសេរីមួយចំនួនបានព្រមានដាក់ទណ្ឌកម្ម និងកាត់ផ្ដាច់ជំនួយបោះឆ្នោតមកកម្ពុជា ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ពោលគឺនៅសល់តែជប៉ុនប៉ុណ្ណោះ ដែលបន្ដជួយដល់ស្ថាប័នបោះឆ្នោតនៅកម្ពុជា។
សហគមន៍អន្ដរជាតិ និងប្រទេសចំនួន ៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតខាងមុខផងដែរ ប្រសិនបើគ្មានការដោះលែងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតបក្សប្រឆាំង បានចូលរួមការបោះឆ្នោតឡើងវិញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕