លោក ហ៊ុន សែន ថាអ្នកស្លាប់ដោយសាររន្ទះនៅអារ៉ែងអាចមកពីចាញ់បារមីលោក

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ជួបជាមួយកម្មករមកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ (២៣ ឧសភា ២០១៨) រូបភាព៖ FreshNews

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តលើកឡើងថា លោកមានបារមីខ្ពស់ ហើយថាអ្នកដែលជេរលោក អាចស្លា​ប់តាយ​ហោ​ង​​​​​គ្មា​​ន​​ដី​​កប់​ ដូចប៉ុល ពត និងបានប្រដូចករណីរន្ទះបាញ់សម្លាប់មនុស្សនៅអារ៉ែងថាអាចមកពីពួកគេជេរលោក ដោយ​សារ​មាន​និន្នា​​ការគាំទ្របក្សប្រឆាំង។

កាលពីសប្តាហ៍មុន ជនជាតិដើមភាគតិច​ជងតំបន់​អារ៉ែង​ ៥នាក់ស្លាប់ ​ និង២នាក់ទៀតរងរបួស ក្រោ​យ​ពីមា​នបាតុភូតធម្មជាតិរន្ទះ ​បា​​នកើ​ត​ឡើ​​​ង នៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ខណៈពួកគេប្រមូល​ផ្តុំគ្នាជួយសាងស​ង់ផ្ទះថ្មីមួយ​ របស់​អ្នក​ភូ​មិ​នៅទីនោះ ។

ប៉ុន្តែលោក ហ៊ុន សែន ក្នុងពិធីជួបកម្មករ នៅខេត្តកំពង់ស្ពឺ នាថ្ងៃពុធនេះ បានបន្តលើកឡើងថា អ្នកដែលជេ​រលោកខ្លាំង​ជាងគេ​គឺ ប៉ុ​ល​ ពត តែលោកថាទីបំផុត ប៉ុល ពត ស្លាប់គ្មានដីកប់។

លោ​ក ហ៊ុន សែន ថ្លែងទៀតថា មានការសន្ទនាតាមទូរសព្ទ ពាក់ព័ន្ធនឹងរន្ទះបាញ់សម្លាប់មនុស្សនៅអារ៉ែង ដោយ​អ្នកសន្ទនាថា រន្ទះបាញ់សម្លាប់តែមនុស្សល្អ មិនសម្លាប់មនុស្សអាក្រក់។

មេដឹកនាំរូបនេះ ប្រតិកម្មថា អ្នកស្លាប់ដោយរន្ទះបាញ់នោះ ជា​ស​​ក​ម្ម​​ជនបក្សប្រឆាំង ហើយថា អាចមកពីពួកគេជេរលោក ទើប​​មា​​ន​បាបកម្ម​ពីបាតុភូតធម្មជាតិបែបនេះ ​។

អ្នកគ្រូទេព្យខ្ញុំសុំផ្តាំទៅ ខ្ញុំស្លាប់ឮហើយ ការនិយាយគ្នានោះ ថាម៉ិចបានរន្ទះបាញ់ អ្នកនៅអារ៉ែង ព្រោះហ្នឹ​ងជា​សមា​​ជិកបក្សប្រឆាំងរន្ទះបាញ់ ។ ជួនកាលរាសីវាមិនដល់ វាអញ្ចឹងដែរណាស់ ហ៊ឺស!ជួនកាលជេរៗ ហ៊ុន សែន ស្រាប់តែភ្លូ​កឡា​ន​ងា​​ប់បាត់ទៅ ជួនកាលរន្ទះបាញ់ទៅ ជួនកាលខ្សែភ្លើងឆក់ ជួនកាលភ្លើងឆេះផ្ទះទៅ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក ប៉ា ច័ន្ទរឿន បង្ហាញការខកចិត្ត ទៅនឹងការលើកឡើង របស់មេដឹកនាំរដ្ឋាភិបាល នេះ ដោ​​យលោកថា មនុស្ស​ម្នា​ក់ៗ កើតមក តែងតែស្លាប់ទៅវិញ គ្រាន់តែថាអ្នកខ្លះស្លាប់ដោយបាតុភូតធម្មជាតិ ខ្លះស្លាប់ដោយជំងឺ និង​ខ្លះ​​ទៀត​ស្លា​ប់​ដោ​យប្រការផ្សេងៗ។ ប៉ុន្តែលោ​​ក​ថា​​ ក​រណី​ស្លាប់​សកម្មជនបរិស្ថា​ននៅតំបន់អារ៉ែ​ងជារឿងគួឲ្យសោកស្តាយ។

មនុស្សស្លាប់ទៅហើយទោះបីគេធ្វើទង្វើអ្វីក៏ដោយគួរតែអហោសិកម្មឲ្យគ្នាទៅ ហើយគួរតែមានចិត្ត​អាណិ​តអា​សូ​ចំ​ពោះ​​​​ពួកគាត់ និងចូលរួមរំលែកទុក្ខចំពោះគ្រួសារសាច់ញាតិក្រុមគ្រួសាររបស់គេ។ យើងមិនគួរប្រើពា​ក្យអីដែ​លវា​ប៉ះពាល់​ដល់​អារ​ម្មណ៍​ ឬក៏សេចក្តីថ្លៃថ្នូរក៏ដូចជាតម្លៃនៃអាយុជីវិតអ្នកដែលបានស្លាប់នោះទេ

លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម

ទោះជាយ៉ាងណាក្នុងពិធីនោះ មេដឹកនាំរដ្ឋាភិបាល លោក ហ៊ុន សែន បានអំពាវនាវជាថ្មីទៀត ឲ្យពល​រដ្ឋបោះឆ្នោត​គាំ​ទ្រ​​គ​ណ​ប​ក្ស​​ប្រជាជនកម្ពុជា ដោយសំអាងថា គណបក្សនេះបានកសាងប្រទេសចេញពីចំណុចសូន្យ រហូតមា​នការរី​កចម្រើនដូចបច្ចុប្បន្ន​និង​បា​​ន​​​វាយបកថា បក្សប្រឆាំងពេលនេះបាន ក្លាយជាសាកសពកប់ក្នុងដីបាត់ទៅហើយ មិនអាចមក​ចូ​​​ល​រួ​ម​បោះ​​ឆ្នោ​តបាន​ទៀត​ទេ​ ហើយ​ថា ​មានតែលោកម្នាក់គត់ ដែលអាចការពារសន្តិភាពបាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ