ក្រុមបញ្ញាជនកម្ពុជាជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ស្ដីពីសញ្ជាតិឲ្យបានតឹងរឹង

ក្រុមបញ្ញាជនកម្ពុជាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ស្ដីពីសញ្ជាតិឲ្យបានតឹងរឹង ដោយថាដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលចូលមករស់នៅប្រទេសកម្ពុជាបន្តទៀត ខណៈការបោះឆ្នោតជិតមកដល់។

សំណើនេះត្រូវបានជូនរដ្ឋសភាកាលពីម្សិលមិញ ដោយជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ស្ដីពីសញ្ជាតិឲ្យបានម៉ឺងម៉ាត់។

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម លើកឡើងថាច្បាប់ស្ដីពីសញ្ជាតិ រដ្ឋាភិបាលនៅមិនទាន់អនុវត្តបានម៉ឺងម៉ាត់នៅឡើយ ហើយថាការហូរចូលជនអន្តោប្រវេសន៍នេះអាចធ្វើឲ្យផលប៉ះពាល់ខ្លាំង ពេលបោះឆ្នោតថ្ងៃខាងមុខ ខណៈដែលវៀតណាមខ្លះមិនចេះខ្មែរតែមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ ស្របពេលដែល គ.ជ.ប បានប្រកាសថា ជនបទេសទាំងអស់អាចមានសិទ្ធិបោះឆ្នោតឲ្យតែពួកគេមានអត្តសញ្ញាណប័ណ្ណ។

លោកមានប្រសាសន៍ថា៖ “យល់ឃើញថានៅពេលចុះឈ្មោះបោះឆ្នោតខាងមុខ ប្រសិនគ្រាន់តែមានអត្តសញ្ញាណប័ណ្ណមួយមុខគត់ យោងទៅតាមច្បាប់បោះឆ្នោតហ្នឹង អត្តសញ្ញាណប័ណ្ណតែមួយគត់ទើបអាចបោះឆ្នោតបាន ចុះបញ្ហាស្រុកខ្មែរ ប៉ុន្មានអ្នក ជាពិសេសជនជាតិវៀតណាមមានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតច្រើនជាងពលរដ្ឋខែ្មរ ពលរដ្ឋខែ្មរខ្លះអត់ទាន់មានសំបុត្រកំណើតប្រើទេ ឯជនជាតិវៀតណាមមានកំផ្លេរ ។ ចឹងយើងចង់ឲ្យរដ្ឋាភិបាលគិតកន្លែងហ្នឹងអត់អាចយកមកប្រើការបានទេ

លោកបន្តថាជនអន្តោប្រវេសន៍អាចមករស់នៅប្រទេសកម្ពុជាបាន គឺត្រូវមានគោរពតាមលក្ខខណ្ឌច្បាប់ស្ដីពីសញ្ជាតិ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៦និងត្រូវតែមានព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។

ក្រៅពីនោះលោក រស់ សារ៉ុម បន្តថាដាក់ញត្តិនៅរដ្ឋសភា ដើម្បីស្នើឲ្យស្ថាប័ននេះបង្កើតអនុម័តច្បាប់មួយ ដោយអនុញ្ញាតឲ្យពលករដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត នៅតាមប្រទេសដែលពួកគេកំពុងរស់នៅនោះ និងស្នើឲ្យរដ្ឋាភិបាលឈប់ជ្រៀតជ្រៀតលើស្ថាប័នតុលាការបន្តទៀត។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថា រដ្ឋសភានឹងបញ្ជូនញត្តិនេះទៅរដ្ឋាភិបាល ដើម្បីឲ្យធ្វើការឆ្លើយតបទៅលើសំណើនេះ។ លោកមានប្រសាសន៍ថា៖ “យើងនឹងបញ្ជូនទៅរដ្ឋាភិបាល ហើយរដ្ឋាភិបាលតែងបញ្ជូនមកវិញ តែបញ្ជូនចម្លើយមកវិញ ប៉ុនមិនដឹងប៉ុន្មានពេល ប៉ុន្មានម៉ោងទេ ប៉ុន្មានថ្ងៃ ខ្ញុំក៏មិនដឹងមិនហ៊ានធានាទេ

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦  អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានមានប្រសាសន៍ថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជាមានចំនួនប្រមាណជាង១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេគឺ៩៩.៤៩ភាគរយ។

លោក សុខ ផល ឲ្យដឹងថាជនជាតិវៀតណាមចំនួន៧៦ ៣៩៨នាក់បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះមានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ ប័ណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត។

លោកបន្ថែមថា ជនបរទេសស្នាក់នៅយូរគ្មានឯកសារដែលជាជនជាតិវៀតណាមមានចំនួន១៤ ២៤៦នាក់។

ទោះជាយ៉ាងណា លោក សុខ ផល ស្នើឲ្យក្រសួងមហាផ្ទៃបញ្ជូនពួកគេទៅស្រុកកំណើតវិញ និងធ្វើការទប់ស្កាត់មិនឲ្យពួកគេយកឯកសារមិនប្រក្រតីទាំងនោះទៅចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ