សមត្ថកិច្ច​បង្ហាញ​​ខ្លួន​ជន​សង្ស័យ​៨​នាក់​ពាក់​ព័ន្ធទៅ​នឹង​ការ​បោះ​គ្រាប់​បែក​នៅភ្នំពេញ

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធទៅនឹងការបោះគ្រាប់បែកដៃបំផ្ទុះ នៅខណ្ឌចំការមន កាលពីយប់ថ្ងៃទី៦ កញ្ញាដែលបានបណ្តាលឲ្យមនុស្ស៣នាក់រងរបួស និងខូតខាតរថយន្តមួយចំនួន។

ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថៃសុក្រនេះ ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ បានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធទៅនឹងការទម្លាក់គ្រាប់បែកដៃបំផ្ទុះនោះ ក្នុងនោះមានជនជាតិវៀតណាម៣នាក់ ដែលមេក្លោងនៅពីក្រោយនៃការទម្លាក់គ្រាប់បែកដៃនេះជាស្ត្រី ហើយដើមហេតុដែលបង្កឲ្យមានការទម្លាក់គ្រាប់បែកដៃបំផ្ទុះនេះគឺកើតចេញពីរឿងគំនុំ។

លោកជួន សុវណ្ណ បានឲ្យដឹងបន្ថែមថាជនដៃដល់ដែលបានទម្លាក់គ្រាប់បែកដៃនោះឈ្មោះ សាក់ ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ដែលមានមេក្លោងឈ្មោះ សុខ គឹមលី ភេទស្រីអាយុ ៤១ឆ្នាំ។ អ្នកទាំងពីររួមជាមួយមនុស្សចំនួន៦នាក់ផ្សេងទៀតក៏ត្រូវបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃនេះដើម្បីបន្តនីតិវិធីផងដែរ។

អ្នកនាំពាក្យស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានតាមសារអេឡិចត្រូនិចតេលេក្រាមថានៅពេលនេះជនសង្ស័យទាំង៨នាក់ដែលបានបញ្ជូនខ្លួនមកតុលាការនោះកំពុងស្ថិតក្រោមការសួរចម្លើយ និងពិនិត្យសំណុំរឿងរបស់ ព្រះរាជអជ្ញារង ហ៊ឹង ប៊ុនថន។

គួរបញ្ចាក់ផងដែរ កាលពីថ្ងៃទី៦ កញ្ញាកន្លងទៅមានហេតុការណ៍ទម្លាក់គ្រាប់បែកដៃ ដែលបើតាមវីដេអូនៅក្នុងបណ្តាញសង្កមបានបង្ហាញថា ជនមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់បែកដៃមួយគ្រាប់នៅចំកណ្តាលរាជធានីភ្នំពេញ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស ខណៈពួកគេកំពុងធ្វើដំណើរក្បែរកន្លែងកើតហេតុ។

ក្រោយពីករណីបំផ្ទុះគ្រាប់បែកនេះ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថ្កោលទោស ដោយថាករណីនេះជាចេតនាធ្វើឲ្យសាធារណមតិជាតិនិងអន្តរជាតិមានការយល់ច្រឡំអំពីសភាពការណ៍សន្តិសុខរបស់ប្រទេសកម្ពុជា ដែលកំពុងរក្សាបាននូវប្រក្រតីភាព និងស្ថិរភាពយ៉ាងល្អប្រសើរ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ