លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅព្រឹកនេះ បានបញ្ជាឲ្យអាជ្ញាធរអន្តរាគមន៍ដូរឈ្មោះមករមណីយដ្ឋានបូកគោវិញ បន្ទាប់ពីមានប្រតិកម្មពីពលរដ្ឋ ទាក់ទងនឹងការដូរឈ្មោះរមណីយដ្ឋានជាតិនោះទៅជារមណីយដ្ឋាន សុខា ឋានសួគ៌។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញានេះថាលោក មិនបានដឹងពីការដូរឈ្មោះរមណីយដ្ឋានជាតិនោះទេ ហើយលោកបានបញ្ជាឲ្យអាជ្ញាធរខេត្តកំពតទៅដកហូត ស្លាកឈ្មោះនោះចេញឲ្យបានមុនម៉ោង ១១ ព្រឹកនេះ។
លោក ហ៊ុន សែន លើកឡើងថា៖ «ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាក សញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា លោកពុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះរមណីយដ្ឋានផ្សេងទេ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាតដែរ។
រមណីយដ្ឋានឋានសួគ៌បូកគោ ត្រូវបានដូរឈ្មោះទៅជារមណីយដ្ឋាន សុខា ឋានសួគ៌ ចាប់ពីថ្ងៃទី១ខែកញ្ញា ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការដូរនេះទេ៕