តុលាការកំពូលសាលាក្តីខ្មែរក្រហម​រក្សាឲ្យលោក នួន ជា និង ខៀវ សំផន ជាប់ទោស១ជីវិត

លោកខៀវ សំផន និង នួន ជា (ECCC)

តុលាការកំពូលនៃអង្គជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហមបានសម្រេចរក្សាសេចក្តីសម្រេចរបស់សាលាដំបូងទុកជាបានការដដែល ដោយឲ្យលោក នួន ជា និង ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជិវិត បើទោះបីតុលាការនេះរកឃើញថាសាលាដំបូងមានកំហុសមួយចំនួនក្នុងការកាត់សេចក្តីក្នុងសាលក្រមរបស់ខ្លួនក៏ដោយ។

កាលពីថ្ងៃទី៧ សីហា ឆ្នាំ២០១៦ តុលាការសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចផ្តន្ទាទោស លោក ខៀវ សំផន និង នួន ជា ឲ្យជាប់ពន្ធនាគារអស់មួយជិវិត ពាក់ព័ន្ធទៅនឹងភាពមានពិរុទ្ធ ក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលពាក់ព័ន្ធនឹងការជម្លៀសមនុស្សចេញដោយបង្ខំនិងការសម្លាប់ទាហាន លន់ នល់ ក្រោយពីមានការប្រកាសសាលក្រមមេធាវីការពារក្តីនិងសហព្រះរាជអាជ្ញាបានសម្រេចដាក់ពាក្យបណ្តឹងសារទុក្ខ ហើយរហូតមកដល់ពេលនេះគឺមានរយៈពេលជាងពីរឆ្នាំហើយ។

ប្រធានអង្គជំនុំជម្រះនៃតុលាការកំពូល លោកចៅក្រម គង់ ស្រ៊ីម បានប្រកាសថា ការសម្រេចរបស់សាលាដំបូងមានកំហុសមួយចំនួនលើអង្គហេតុនិងអង្គច្បាប់ ក្នុងនោះតុលាការកំពូលក៏បានច្រានចោលការផ្តន្ទាទោស នួន ជា និង ខៀវ សំផន ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលក្នុងនោះមានការសម្លាប់រង្គាល ការធ្វើមនុស្សឃាត និងការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយនៅទួលពោធិ៍ជ្រៃ ដោយអះអាងថា ភស្ភុតាងនៅសាលាដំបូងសម្រាប់ដាក់បន្ទុកគឺមិនគ្រប់គ្រាន់។ ក៏ប៉ុន្តែដោយសារតែឧក្រិដ្ឋកម្មទាំងនោះបានកើតឡើងក្នុងកំឡុងពេលដ៏យូរមួយ និងតួនាទីសំខាន់របស់ជនជាប់ចោទ តុលាការកំពូលនៅតែសម្រេចឲ្យ លោក នួន ជា និងខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិតដូចសាលាដំបូងដដែល។

លោកថ្លែងថា៖ «បដិសេធការសម្រេចដាក់ពិរុទ្ធភាពលើ នួន ជា និង ខៀវ សំផន ពីបទសម្លាប់រង្គាល បទមនុស្សឃាត និងបទធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយ ប្រកាសតំកល់ការសម្រេចទោសដាក់ពន្ធនាគារអស់មួយជីវិតលើ នួន ជា និង ខៀវ សំផន របស់អង្គជំនុំជម្រះរបស់សាលាដំបូង ប្រកាសបដិសេធបណ្តឹងសារទុក្ខរបស់សហព្រះរាជអាជ្ញាថាពុំអាចទទួលយកបាន បង្គាប់ថា នួន ជា និង ខៀវ សំផន ត្រូវស្ថិតក្នុងមន្ទីរឃុំឃាំងរបស់អវតក រង់ចាំការរៀបចំរួចរាល់ស្របតាមច្បាប់និងត្រូវផ្ទេរទៅកាន់ពន្ធនាគារដែលត្រូវអនុវត្តទោសនៅទីនោះ សាលដីកានេះធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦»។

ពុំមានការថ្លែងតវ៉ាអ្វីពី លោក នួន ជា និង ខៀវ សំផន នោះទេ បន្ទាប់ពីតុលាការប្រកាសសាលដីកានេះ តែសម្រាប់មេធាវីការពារក្តីរបស់អ្នកទាំងពីរ គឺលោកបានចាត់ទុកថាការកាត់ទោសកូនក្តីលោក ជារឿងភ្ញាក់ផ្អើល។ មេធាវីលើកឡើងថា តុលាការកូនកាត់មួយនេះ ទោះបីរកឃើញកំហុសមួយចំនួនរបស់សាលាដំបូង ក៏តុលាការនេះនៅតែរក្សាការជាប់ពន្ធនាគារដដែល។ លោក វិចទ័រកុប៉េ បានលើកឡើងថា ការមិនបានកោះហៅប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យមកធ្វើជាសាក្សីក្នុងសំណុំរឿងនេះ ដែលមេធាវីការពារក្តីអះអាងថា វត្តមានរបស់លោក ហេង សំរិន ក្នុងការធ្វើជាសាក្សី អាចធ្វើឲ្យកូនក្តីរបស់ខ្លួនមានជំនឿក្នុងការនិយាយឡើងវិញនៅក្នុងតុលាការ។

បើទោះជាយ៉ាងណា ក្នុងការប្រកាសសាលដីកានៅថ្ងៃនេះ លោកចៅក្រម គង់ ស្រ៊ីម ក៏បានប្រកាសថាសាលាដំបូងពិតជាមានកំហុស ដែលមិនបានកោះហៅ លោក ហេង សំរិន មកធ្វើជាសាក្សី តែទោះជាយ៉ាងនេះក្តីតុលាការកំពូលយល់ឃើញថា ការសម្រេចមិនកោះហៅ លោក ហេង សំរិន នេះគឺមិនបានប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនីតិវិធីរបស់តុលាការ ដែលអាចធ្វើឲ្យជនជាប់ចោទរួចទោសនោះទេ។

លោកថា៖ «អង្គជំនុំជម្រះតុលាការកំពូលពិចារណាឃើញថា ការប្រើប្រាស់ឆន្ទានុសិទ្ធិរបស់អង្គជំនុំជម្រះសាលាដំបូង ទាក់ទងទៅនឹងសាក្សី ហេង សំរិន ពុំមានលក្ខណៈសមហេតុផលនោះទេ។ ជាការកត់សម្គាល់ ចៅក្រមបីរូបដែលបានយល់ឃើញថា សាក្សី ហេង សំរិន ពុំគប្បីកោះហៅនោះ បញ្ជាក់ថាការកោះហៅនោះអាចបណ្តាលឲ្យមានការពន្យារពេលយ៉ាងច្រើន។ អង្គជំនុំជម្រះតុលាការកំពូលយល់ឃើញថា នេះគឺជាកំហុស ព្រោះតាមកំណត់ត្រាកន្លងមក ពុំមានការបង្ហាញថា សាក្សី ហេង សំរិន បានបដិសេធក្នុងការចូលខ្លួនមកជាសាក្សីឡើយ បើសិនជាមានការកោះហៅចូលជាសាក្សីនោះ»។

សំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរប្រឆាំងមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ខៀវ សំផន និង នួន ជា។ បទចោទនៅក្នុងសំណុំរឿង ០០២/០១ គឺផ្តោតលើបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ដែលបានប្រព្រឹត្តនៅក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់អតីតមន្ត្រីរដ្ឋការសម័យ លន់ នល់ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់ តែបទចោទទាក់ទងនឹងការសម្លាប់មន្ត្រីរដ្ឋការខ្មែរសាធារណរដ្ឋនេះត្រូវបានតុលាការកំពូលច្រានចោល តែតុលាការនេះនៅតែរក្សាការផ្តន្ទាទោសផ្សេងទៀតទៅលើអ្នកទាំងពីរ និងសម្រេចឲ្យពួកគេជាប់ពន្ធនាគារមួយជិវិតពួកគេនៅដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ