វិភាគ៖ ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប. នឹងជះ​ឥទ្ធិពល​ដូចម្ដេច​ទៅ​លើ​គណបក្ស​កាន់​អំណាច?

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

គិត​មក​ដល់​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧​នេះ សកម្មជន​ការពារ​សិទ្ធិ​ ៤​រូប នៃ​សមាគម​អាដហុក មាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ាន់ដា និង​អ្នក​ស្រី លឹម មុន្នី និង​អគ្គ​លេខាធិការរង​គ.ជ.ប. លោក នី ចរិយា ដែល​ជា​អតីត​មន្ត្រី​អាដហុក​ផង​នោះ បាន​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត ៩​ខែ​មក​ហើយ បន្ទាប់​ពីពួកគេ​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ដ៏​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។

ដោយ​ផ្អែក​តាម​នីតិវិធី​ច្បាប់ មេធាវី​ការពារ​ក្ដី​ ​លោក សំ សុខគង់ បាន​និយាយ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ ៥​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​ជន​ត្រូវ​ចោទ។ លោក សំ សុខគង់ បាន​លើក​ឡើង​ដូច្នេះ បន្ទាប់​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​នាក់​បន្ថែម​ទៀត ក្រោម​ហេតុ​ផល​ថា ដើម្បីមាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ស្វែង​រក​ភស្តុតាង​ដាក់​បន្ទុក​បន្ថែម​ទៀត។

សកម្មជន​សិទ្ធិ​មនុស្ស​ ៤​រូប និង​អគ្គ​លេខាធិការ​រង​ គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​លោក កឹម សុខា ត្រូវ​បាន​លើក​ឡើង​ទោស​កាល​ពី​ដើម​ខែ​ធ្នូ។ ក្ដី​រំពឹង​ថា​នឹង​ដោះ​លែង​អ្នក​ទាំង ៥​រូប​នោះ កាន់​តែ​លេច​ធ្លោ​ឡើង​ថែម​ទៀត បន្ទាប់​ពី​លោក កឹម សុខា បាន​ជួប​ពិភាក្សា​ដោយ​បិទ​ទ្វារ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃ​ទី​០៧ ខែ​ធ្នូ នៅ​ឯ​វិមាន​រដ្ឋ​សភា។ មួយ​ថ្ងៃ​ក្រោយ​មក អ្នក​ពាក់​ព័ន្ធ​ម្នាក់​ទៀត គឺ​មេ​ឃុំ​ ស៊ាង ចែត ក៏​ត្រូវ​បាន​ដោះ​លែង​​ដែរ។ ជាងនេះ​ទៅ​ទៀត ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគ​ច្រើន លោក ស ខេង បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា បើ​តាម​លោក​ដឹង ប្រហែល​ជា​មុន​ដំណាច់​ខែ​ធ្នូ​កន្លង​មក នឹង​មាន​ការ​ដោះ​ស្រាយ​ករណី​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គ​លេខាធិការ​រង គ.ជ.ប.។

ទោះជាយ៉ាងណា រហូត​មក​ដល់​ពេល​នេះ គ្មាន​ទេ​ជំនួប​ពិភាក្សា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច និង​មេដឹកនាំប​ក្ស​ប្រឆាំង ដើម្បី​ឈាន​ទៅ​ដោះ​លែងអ្នក​ជាប់​ឃុំ​ទាំង ៥​រូប​នោះ ហើយ​ភាព​មិន​ច្បាស់​លាស់​រឹត​តែ​លេចធ្លោ​ថែម​ទៀត បន្ទាប់​ពីគម្រោង​ជួប​ពិភាក្សា​នៅ​សប្ដាហ៍​នេះ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​ភ្លាមៗ មួយ​ថ្ងៃ​ក្រោយពី​​ខុទ្ទកាល័យ​លោក ស ខេង ​ជូន​ដំណឹង​ទៅ​​ខាង​​គណបក្ស​ប្រឆាំង កាល​ពី​សប្ដាហ៍​មុន។

ភាព​ជាប់​គាំង​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​រូប​នេះ នឹង​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​ខាត​បង់​ ឬ​ក៏​ចំណេញ​ប្រជាប្រិយភាព ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូលមក​ដល់?

ជុំ​វិញ​ការ​ចោទ​សួរ​ដូច្នេះ អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី បាន​ចាត់​ទុក​ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​មន្ត្រី គ.ជ.ប. ថា​ជា​ការ​បន្ត​ឱប​ដុំ​ភ្លើង​មួយ​ដុំនៅ​ជាប់​នឹង​ខ្លួន​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដែល​អ្នក​វិភាគ​រូប​នេះ​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយ​ភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ផង​ដែរ។

បើ​តាមអ្នក​វិភាគ​រូប​នេះ គណបក្ស​កាន់​អំណាច​គួរ​តែ​ពិចារណា​បោះ​បង់​ដុំ​ភ្លើង​មួយ​ដុំ​នេះ​ចោល បន្ទាប់​ពី​ការ​លេច​ធ្លាយ​សារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​បុរស​ម្នាក់​ហៅ​ខ្លួន​ឯង​ថា តា និង​នារី​ម្នាក់​ហៅ​ខ្លួន​ឯង​ថា ចៅ ដែល​សារ​ឆ្លើយ​ឆ្លង​នោះ ត្រូវបាន​គេ​សង្ស័យ​ថា ជា​ការ​សន្ទនា​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា។

ក្រៅ​ពី​បោះ​ចោលដុំ​ភ្លើង​មួយ​ដុំ​នេះ លោក​បណ្ឌិត មាស នី ប្រាប់​ថា រដ្ឋាភិបាល​គួរ​តែ​​ងាក​ទៅ​ផ្ដោ​ត​លើ​បញ្ហា​ប្រទេស​ជាតិ ដូចជា ករណី​តួលេខ​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​របស់​កម្ពុជា ទៅ​ក្រៅ​ប្រទេស​វិញ។

លោក មាស នី មាន​ប្រសាសន៍​ថា​៖ “តាម​ខ្ញុំ​មើល​ទៅ ការ​បន្ត​ការ​ឃុំ​ឃាំង​នេះ វា​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក កាន់​តែ​អាក្រក់​ថែម​ទៀត។ ខ្ញុំ​មិន​ដឹង​ថា រដ្ឋាភិបាល​នៅ​ឱប​ដុំ​ភ្លើង​មួយ​ដុំ​ហ្នឹង​ទុក​ធ្វើ​អី​ទៀត។ បើ​យើង​មើល​ទោស​ទណ្ឌ​អី​ទៅ ក៏​វា​មិន​ត្រូវ​ជាប់​យូរ​បែប​ហ្នឹងទេ បើ​យើង​ប្រៀប​ធៀប​ជាមួយ​នឹង​ថ្លៃ​ខ្សាច់ប៉ុន្មាន​រយ​លាន​ដុល្លារ ដែល​មិន​មាន​នរណា​ខ្វល់​ខ្វាយ ហើយ​តាម​អ្វី​ដែលលេចច​នូវ​សំឡេង​ឆ្លើយ​ឆ្លើយ​គ្នា​រវាង​ថ្នាក់​ដឹកនាំ​ខ្មែរ​ជាន់​ខ្ពស់​ទាក់​ទង​នឹង​លុយ​រាប់​លានដុល្លារ​ទៀត ក៏​គ្មាន​នរណា​ខ្វល់​ខ្វាយលូក​ដៃ​ទៅ​ស្រាវ​ជ្រាវ​រកលុយ​ហ្នឹង​ឲ្យ​ឃើញ​មក ហើយ​ទុក​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស និង​គ.ជ.ប.​ហ្នឹង ឲ្យ​នៅ​ត្រាំត្រែងវេទនា”។

អ្នក​វិភាគ​រូប​នេះ បាន​បន្ថែម​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​នេះ​បន្ត​ទៀត នឹង​ឆ្លុះ​បញ្ចាំង​ឲ្យ​​ឃើញ​អំពើ​អយុត្តិធម៌​កាន់​តែ​យូរ​ថែម​ទៀត​សម្រាប់​អ្នក​ទាំង ៥​រូប​នោះ ហើយ​លោក​មើល​មិន​ឃើញ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ប្រយោជន៍​អ្វី​នោះ​ឡើយ​ពី​ការ​បន្ត​ឃុំ​ខ្លួន​បែប​នេះ។

ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹងចូល​មក​ដល់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត មាស នី បាន​សង្កត់​ធ្ងន់​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ហើយ​ថា ករណី​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​នេះ វា​ជា​រឿង​នយោបាយ ដែល​ចាប់​ផ្ដើម​ឡើង​ដោយ​នយោបាយ​កម្ពុជា។

លោក​បន្ថែម​ថា​៖ “ដូច្នេះ បើ​រឿង​នេះ​ទុក​យូរ​បន្ត​ទៀត ខ្ញុំ​គិត​ថា អ្នក​ប៉ះ​ពាល់​ធ្ងន់​ជាង​គេ គឺ​រដ្ឋាភិបាលដែល​ចេះ​តែ​បណ្ដោយ​ឲ្យ​អំពើ​អយុត្តិធម៌​ហ្នឹង​ចេះ​តែ​នៅ​មាន​កើតឡើង​ដូចជា​ករណី​លោក កែម ឡី ករណី​លោក ជា វិជ្ជា បែរ​ជា​រក​មិន​ឃើញ។ ផ្ទុយ​ទៅ​វិញបែរ​ជា​មក​ធ្វើ​រឿង​កូន​ក្ដាម​កូន​ខ្ចង”​។

ប៉ុន្តែ សម្រាប់​លោក គឹម សុខ ដែល​ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា​មួយ​រូប​ទៀត​នោះ បាន​មើល​ឃើញ​ថា មិន​ថា​បន្ត​ឃុំ​ខ្លួន ឬ​ដោះ​លែង​អ្នក​ទាំង ៥​រូប​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ​ទេ គណបក្ស​ប្រជាជន​កម្ពុជា ប្រាកដ​ជា​ខាត​បង់​ប្រជាប្រិយភាព​ទៅ​ហើយ​នៅ​ក្នុង​ករណី​នេះ។​

លោក​ គឹម សុខ ប្រាប់​ថា​៖ “នៅ​កម្ពុជា​យើង​មាន​ទម្លាប់​មួយ​ គេ​ថា កាល​ណាអ្នក​នយោបាយ​ត្រូវ​រូវ​គ្នា បញ្ហា​នានា​ដែល​គេ​ចាប់​ឃុំ​ខ្លួននៅ​ពេល​ដែល​មាន​ការ​ប្រទាំង​ប្រទើស​នយោបាយ​ហ្នឹង ត្រូវ​បាន​ដោះ​លែង​។ ដូច្នេះ គណបក្ស​កាន់​អំណាច គេ​មិន​ដោះ​លែង​នៅ​ក្នុង​ពេល​ហ្នឹង ដោយសារ​តែ​កាល​ណា​គេ​ដោះ​លែង នឹង​ត្រូវ​ប្រជា​រាស្ត្រ​​ចំអក ឬ​សង្កត់​ថា អូ​រឿង​ហ្នឹង​គឺ​ជា​រឿង​នយោបាយពិត​ប្រាកដ​មែន”​។

បើ​យើង​ក្រឡេក​ទៅ​មើល​​លទ្ធផល​នៃ​ការបោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក វា​ស្ដែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ប្រជា​ប្រិយភាព​របស់​គណបក្ស​កាន់​អំណាច​បាន​ធ្លាក់​ចុះ​រួច​ទៅ​ហើយ ដោយ​នៅ​ពេល​នោះ អាសនៈ​នៅ​ក្នុង​សភា​របស់​គណបក្ស​នេះ បាន​ធ្លាក់​ចុះ​ពី ៩០អាសនៈ មក​នៅ​ត្រឹម ៦៨​អាសនៈ​ប៉ុណ្ណោះ បើធៀប​នឹង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក។

ទាំង​លោក មាស នី និងលោក គឹម សុខ បាន​ព្រមាន​ថា គណបក្ស​នេះ​អាច​នឹង​បាត់​បង់​សំឡេង​ឆ្នោត​បន្ថែម​ទៀត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ នោះ​ក៏​ព្រោះ​តែ​ហេតុការណ៍​ទាក់​ទង​នឹង​នយោបាយ​សំខាន់ៗ កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា រាប់​ចាប់​តាំង​ពី​ការ​ឃុំ​ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស​ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត រហូត​ដល់​ឃាតកម្ម​ទៅ​លើ​អ្នក​វិភាគ​ដ៏​ល្បី​ល្បាញ គឺ​លោក កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ