សង្គមស៊ីវិលទទូចឲ្យគណបក្សបង្កើតគោលនយោបាយយុវជនច្បាស់លាស់

កិច្ចពិភាក្សាមួយស្ដីអំពី “កូតាយុវជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧” (ហ្វេសប៊ុក YCUD)

អ្នកជំនាញមកពីអង្គការសង្គមស៊ីវិលបានទទូចឲ្យគណបក្សទាំងអស់ បង្កើតគោលនយោបាយច្បាស់​លាស់សម្រាប់យុវជន ដើម្បីឲ្យពួកគេអាចចូលរួមក្នុងការសម្រេចចិត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងកិច្ចពិភាក្សាមួយស្ដីអំពី “កូតាយុវជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧” នៅថ្ងៃអង្គារនេះ ក្រុមអ្នកជំនាញបានលើកឡើងដូចគ្នាថា ការចូលរួមរបស់យុវជនកាន់តែច្រើន នឹងធ្វើឲ្យមានផ្លាស់ប្ដូរផ្នែកគោលនយោបាយថ្នាក់ជាតិ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។ ប៉ុន្ដែពួកគេបានសំដែងក្ដីបារម្ភអំពីចំនួនយុវជនដែលបានចូលបម្រើការនៅថ្នាក់មូលដ្ឋាន​និងថ្នាក់ជាតិថា នៅមានកម្រិតទាបនៅឡើយ ដោយថា ពេលខ្លះយុវជនត្រូវបានអ្នកនយោបាយប្រើប្រាស់ជាឈ្នាន់ ដើម្បីទទួលបានសំឡេង នៅពេលបោះឆ្នោតប៉ុណ្ណោះ។

លោក ជាង សុខា អនុប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធដើម្បីឯកភាព និងអភិវឌ្ឍន៍ បញ្ជាក់ថា បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឆ្នាំ២០១៦ ចំនួនយុវជនដែលបានទៅចុះឈ្មោះបោះឆ្នោត អាយុចាប់ពី១៨ ទៅ ៣០ឆ្នាំ មាន៣៤ភាគរយ ពោលគឺជិត៣លាននាក់។ ប៉ុន្ដែលោកថា ចំនួនយុវជនដែលមានតួនាទីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត នៅមានកម្រិតនៅឡើយ។

លោកបន្ដថា ស្របពេលយុវជនចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យនយោបាយ ពួកគេក៏នឹងប្រឈមហានិភ័យផ្សេងៗ ដូចជា៖

-ការបោកប្រាស់របស់គណបក្សដើម្បីទទួលបានសំឡេងឆ្នោត

-យុវជនមានសមត្ថភាពពិតប្រាកដ មិនត្រូវបានគិតគូរក្នុងគោលនយោបាយ

-តំណែងសំខាន់ៗ ត្រូវបានរៀបចំឲ្យតែយុវជនដែលមានខ្សែធំ

-បញ្ហាអត់ការងារធ្វើ និងជំនាញ ជាដើម។

លោកថា៖ «យើងឃើញថា យុវជន គឺជាកម្លាំងមួយដ៏សំខាន់សម្រាប់នាំមកនាំការផ្លាស់ប្ដូរប្រទេសកម្ពុជា។ យើងឃើញថា នៅក្នុងប្រវត្តិសាស្ដ្រប្រទេសកម្ពុជា គឺប្រហែលមានតែពេលនេះទេ ដែលមានចំនួនយុវជនខ្ពស់ជាងគេ តែយើងអាចនិយាយបានថា វាអាចជាឪកាស ប៉ុន្ដែវាក៏អាចជាហានិភ័យរបស់ប្រទេសដែរ នៅពេលប្រទេសមួយមានកម្លាំងប្រជាពលរដ្ឋវ័យក្មេងកាន់តែច្រើន ហើយប្រសិនបើគ្មានប្រព័ន្ធជាក់លាក់ ក្នុងការវិនិយោគទៅលើពួកគាត់»។

លោកបន្ថែមថា ដើម្បីឲ្យមានការចូលរួមពីសំណាក់យុវជន គណបក្សនយោបាយទាំងអស់ត្រូវតាក់តែគោលនយោបាយឲ្យបានច្បាស់លាស់ ដូចជា បង្កើតគោលនយោបាយយុវជន ​អនុញ្ញាតឲ្យយុវជនចូលរួមបង្កើតគោលនយោបាយនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ បង្កើនចំនួនយុវជនជាបេក្ខជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបណ្ដុះបណ្ដាញធនធានយុវជនជាដើម។

លោកថា៖ «ដើរតួរ គ្រាន់តែជាឧបករណ៍សម្រាប់គាំទ្រនយោបាយតែប៉ុណ្ណឹង មិនមានដើរតួសំខាន់នៅក្នុងការតាក់តែគោលនយោបាយ។ អ៊ីចឹងហើយ នៅពេលអត់មានគោលនយោបាយពិតប្រាកដ យុវជនក៏មិនមានឪកាសក្នុងការប្រើប្រាស់នូវសមត្ថភាព ឬក៏គំនិតរបស់គាត់បានពេញលេញដែរ។ លើកលែងតែគោលនយោបាយនីមួយៗ ត្រូវបានតាក់តែ ហើយត្រូវបានចែកផ្សាយយ៉ាងទូលំទូលាយទៅដល់មហាជន ពេលនោះហើយដែលយុវជនត្រូវលើកទឹកចិត្តអំពីគោលនយោបាយនោះ ហើយមានការចូលរួមនៅក្នុងបក្សផងដែរ»។

លោកស្រី ម៉ី សម្ឆស្ស អគ្គលេខាធិការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ បានទទូចឲ្យគណបក្សនយោបាយទទួលយកអនុសាសន៍ពីយុវជន ដោយ​ យ៉ាងហោចដាក់ឲ្យមានតំណាងយុវជនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ បង្កើតគោលនយោបាយ និងលើកទឹកចិត្តយុវជនឲ្យក្លាយជាអ្នកដឹកនាំ និងមានតួនាទីក្នុងការសម្រេចចិត្ត។

លោក ហ៊ីង សុខសាន្ដ ប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិ  ឲ្យដឹងក្រោយកិច្ចប្រជុំថា លោកបានទទួលសំណើសុំចូលរួមជាច្រើនពីស្រទាប់យុវជន។ លោកអះអាងថា យុវជនអាចចូលរួមជាមួយគណបក្សសង្គ្រោះជាតិ តាមរយៈវិធីសាស្ដ្រ៤យ៉ាង គឺ តាមរយៈខុទ្ទកាល័យប្រធាន អនុប្រធានបក្ស ការិយាល័យតំណាងរាស្ដ្រគណបក្ស គណៈកម្មការប្រតិបត្តិ និងចលនាយុវជន។

លោកថា៖ «យើងមានច្រកបួនសំខាន់ណាស់ មានខុទ្ទកាល័យប្រធាន អនុប្រធានបក្ស  មានការិយាល័យតំណាងរាស្ដ្រគណបក្ស គណៈកម្មការប្រតិបត្តិរបស់បក្ស និងចលនាយុវជន ហើយខ្ញុំលើកតាំងពីកម្រិតជាតិកម្រិតអីហ្នឹង»។

បើតាមរបាយការណ៍របស់អង្គការខុមហ្វ្រែល ឆ្នាំ២០១២ យុវជនដែលបានជាប់ជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់មានចំនួន៦១៥នាក់ ក្នុងនោះស្រី្ដតែ២៩៣នាក់ប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់ ១១ ៤៥៩កន្លែងទូទាំងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ