មេធាវីការពារក្តី លោក គឹម សុខ ដាក់ពាក្យសុំឲ្យកូនក្តីបាននៅក្រៅឃុំ

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

មេធាវី​មួយដែលការពារក្តីឲ្យ លោក គឹម សុខ ​អ្នកឃ្លាំមើលនិ​ងអត្ថាធិប្បាយបញ្ហា​សង្គម បានដាក់​ពាក្យ​ទៅតុលាការ​ស្នើ​សុំ​ឲ្យកូនក្តីបាន​នៅក្រៅឃុំបណ្តោះអាសន្ន ដោយថាការឃុំខ្លួនកូនក្តីនេះបំពាននឹងក្រមនីតិវិធីព្រហ្មទណ្ឌ​។

លោក គឹម សុខ ដែលគេស្គាល់តាមរយៈការរិះគន់ចំណុច​ខ្វះខាត​រដ្ឋា​ភិបាល ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃសុក្រ ទី១៧ ​កុម្ភៈ បន្ទាប់​ពី​លោក​ចូលបំភ្លឺតាមបណ្តឹងរបស់មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្នុងលិខិត​ដែលលោក​មេធាវី ជួង ជូងី បាន​ដាក់ទៅប្រធាន​សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសុក្រ​ ទី២៤កុម្ភៈនេះ មានខ្លឹមសារថា កូនក្តីរបស់លោក គឺលោក គឹម សុខ ដែលត្រូវបានតុលាការសម្រេចឃុំ ខ្លួនបណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជា​សាធារណៈ» តាមមាត្រា៤៩៤,៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ មិនទាន់មានភស្តុតាងគ្រប់​គ្រាន់​ និងស៊ើបអង្កេតឲ្យបានច្បាស់លាស់នៅឡើយ។ ខ្លឹមសារក្នុងលិខិតឲ្យដឹងថា «សាលាដំបូងរាជធានីភ្នំ​ពេញ​ សម្រេចឃុំខ្លួនលោក គឹម សុខ ជាបណ្តោះអាសន្ន ដោយសំអាងហេតុថា កាតព្វកិច្ចទំាងឡាយ នៃការត្រួតពិនិត្យតាមផ្លូវតុលាការ មានលក្ខណៈមិនគ្រប់គ្រាន់​ ដោយធៀបនឹងគោលដៅដែលមានចែង​ក្នុង​មាត្រា​២០៣ និងមាត្រា២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ​»។

មាត្រា២០៣នៃក្រមនីតិវិធីព្រហ្មទណ្ឌមានខ្លឹមសារថា ជាគោលការណ៍ជនត្រូវចោទត្រូវមានសេរីភាព​មិនមែន​ជនត្រូវ​ចោទ ត្រូវតែជាប់ឃុំនោះទេ។

លោក​មេធាវី ជួង ជូងី សំអាងថា ករណីលោក គឹម សុខា គឺធ្វើការវិភាគតាមវិទ្យុ មិនប្រាកដថា ជាបទល្មើសនោះទេ ព្រោះលោក​មិន​​បាន​បង្ក​ឲ្យមានភាពច្របូកច្របល់​សណ្តាប់​ធ្នាប់សាធារណៈ និងចូលទៅបំភ្លឺតាមការកោះហៅរបស់តុលាការ​ជានិច្ច។ ករណីនេះលោកស្នើទៅតុលាការដោះលែងកូនក្តីឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន។ លោក​និយាយ​ថា «ផ្អែកតាមមាត្រា២០៤ មិនអាចឃុំខ្លួនលោក គឹម សុខ ជាបណ្តោះអាសន្នបានទេ។ ដូចនេះ តុលាការឃុំខ្លួនលោក គឹម សុខ ជាបណ្តោះអាសន្នគឺបំពានមាត្រា២០០៤​នៃក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​»​។

ទោះជាយ៉ាងណា VOD មិនទាន់សុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានទេនៅរសៀលថ្ងៃសុក្រនេះ​។

កាលពីពេលថ្មីៗនេះ មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោក គឹម សុខ ពីរ​សំណុំ​រឿង។ សំណុំរឿង​ទីមួយ ប្តឹង​លោក គឹម សុខ ថាបាន​អត្ថាធិប្បាយ​ចោទ​ប្រកាន់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និង​ទាម​ទារ​សំណង​ជំងឺចិត្ត​៥០​ម៉ឺនដុល្លារ។ បណ្តឹងមួយករណីទៀតប្តឹងថា លោក គឹម សុខ បាន ចោទ រដ្ឋាភិ​បាល​កម្ពុជា​ថាជាអ្នក​រៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ និងទារ​ប្រាក់​សំណង​​១០​​លាន​រៀល​ផងដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ