លោក កឹម សុខា៖ បើគំរាមកាន់តែខ្លាំង នោះសង្គ្រោះជាតិកាន់តែកើនអ្នកគាំទ្រ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា (ហ្វេសប៊ុកលោក កឹម សុខា)

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថ្លែងថា បើគេកៀបនិងគំរាមគណបក្សលោកកាន់តែខ្លាំង លោកថា​បក្សប្រឆាំងនឹងមានអ្នកគាំទ្រកាន់តែកើនឡើងច្រើនជាងមុន។ នេះបើតាមហ្វេសប៊ុករបស់លោក កឹម សុខា។​

ថ្លែងទៅកាន់ថ្នាក់ដឹកនាំក៏ដូចជាសកម្មជនមូលដ្ឋានរបស់ខ្លួនខេត្តរតនគិរីនៅថ្ងៃសុក្រនេះ ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិលោក កឹម សុខា លើកឡើងថា ​ការយាយីនិងការធ្វើទុកបុកម្និញ​មកគណបក្ស​ប្រឆាំងកន្លងមក លោកថា វានឹងធ្វើ​ឲ្យបក្ស​នេះកាន់តែកើន​ការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង។

លោកថា «ខ្ញុំយល់ថា បើគេកៀប គេកេង និងគេគំរាមយើងកាន់តែខ្លាំង បក្សប្រឆាំងកាន់តែកើនការគាំទ្រច្រើន។ដូច្នេះខ្ញុំសូមឲ្យបងប្អូនបន្ដការតស៊ូដោយអត់ធ្មត់ ដោយអហិង្សាតទៅទៀត ដើម្បីសម្រេចនូវគោលដៅរបស់យើង ដែលប្រជាពលរដ្ឋខ្មែរបានផ្ដល់សេចក្ដីសង្ឃឹមនោះ»។

ការលើកឡើងនេះទំនងជាធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបាន​អនុម័តច្បាប់​ស្តីពី​គណបក្ស​នយោ​បាយទាំងចម្រូង​ចម្រាស ដោយគ្មាន​វត្តមាន​បក្ស​ប្រឆាំង។ បើតាមមន្ត្រីបក្ស​ប្រឆាំងលើកឡើងថា ការមិនចូលរួមអនុម័តច្បាប់នេះ ដោយសារគណបក្ស​សង្គ្រោះ​ជាតិ​បាន​​ចាត់​ទុក​ថា​ច្បាប់​នេះនឹង​បង្ក​ឲ្យ​មាន​ការ​បែក​បាក់ឯកភាព​ជា​តិ ផ្ទុយពី​គោលការណ៍នៃ​លិទ្ធិប្រជា​ធិបតេយ្យ សេរីពហុបក្ស ខុសពី​ឆន្ទះ​រាស្ត្រនិង​ក្នុង​គោល​បំណង​បំផ្លាញ​គណបក្ស​គូ​ប្រជែងជា​មួយ​បក្ស​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ