អាជ្ញាធរជាតិអប្សរា អោយដឹងថា ខ្លួនបានសង្គ្រោះភ្ញៀវទេសចរ ដែលជួបគ្រោះថ្នាក់ដោយឧបទ្ទវហេតុផ្សេងៗ បានចំនួន៤០ករណីនៅក្នុងខែមករាដើមឆ្នាំ២០១៨នេះ។
យោងតាមរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ដែលវីអូឌី ទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា នៅក្នុងខែមករាដើមឆ្នាំ២០១៨នេះ ក្រុមការងារជួយសង្រ្គោះភ្ញៀវបានចំនួន៤០ករណីដែលរងរបួសដោយរអិលឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពស់ចឹកជាដើម។ របាយការណ៍បន្ដថា ការជួយសង្រោះនេះ ខ្លួនបានសហការជាមួយសមត្ថកិច្ចបេតិកភណ្ឌ ដោយសង្គ្រោះជាបឋមបានទាន់ពេលវេលានៅកន្លែងកើតហេតុ ក្នុងករណីស្រាលៗរួចបានបញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។
លិខិតបញ្ជាក់ថា បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និង ខ្លះទៀតមានបញ្ហាសុខភាពផ្ទាល់ខ្លួន។
បើតាមរបាយការណ៍ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានរើសសម្ភារភ្ញៀវដែលភ្លេចឬជ្រុះនៅតាមប្រាសាទចំនួន២៨ករណីមាន ទូរសព្ទដៃ អាយផេត កាបូបស្ពាយ កាបូបលុយ និងម៉ាស៊ីនថតជាដើម និងប្រគល់ជូនម្ចាស់វិញបាន២៥ករណី។
ក្រៅពីការសង្គ្រោះ ការរើសរបស់ភ្ញៀវ ក្រុមភ្នាក់ងារទេសចរណ៍ក៏បានហាមឃាត់ភ្ញៀវទេសចរណ៍ ដែលប្រព្រឹត្តិមិនសមរម្យបានចំនួន១០០ករណីរួមមាន ការបង្ហោះត្រូន (Drone) ជនបរទេសថតរូប អាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ ឡើងកន្លែងហាមឃាត់និងគ្រោះថ្នាក់ លួចដុំថ្មប្រាសាទ ស្លៀកពាក់ស៊ិចស៊ី ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ថតរូបម៉ូដែល លួចថតវីដេអូដើម្បីផ្សព្វផ្សាយធ្វើអាជីវកម្មជាដើម៕