គ.ជ.បថា យុទ្ធនាការឃោសនា១៤ថ្ងៃបញ្ចប់ដោយគ្មានអំពើហិង្សា

រូបភាពពីគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា​ គ.ជ.បថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភារយៈពេល ១៤ ថ្ងៃ បានបញ្ចប់ដោយមានភាពស្ងប់ស្ងាត់ មានរបៀបរៀបរយល្អ និង​គ្មាន​អំពើ​ហិង្សា។

គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី ២៣ ខែ កុម្ភៈនេះ ដែលជាថ្ងៃឃោសនាចុងក្រោយថាយុទ្ធនា​ការឃោសនាបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ របៀបរៀបរយល្អ​ គ្មានអំពើហិង្សា និង គ្មានបណ្ដឹង​តវ៉ា​នោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ គ.ជ.ប ក៏បានលើកឡើងដែរថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភានោះ គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងបានធ្វើសកម្មភាពតាមរូបភាពផ្សេងៗ នៅ​តាមមណ្ឌលភូមិភាគដែលគណបក្សខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ ដូចជាការហែក្បួនផ្សព្វផ្សាយ ការប្រជុំឃោសនាផ្សព្វផ្សាយ ការចែក​ខិតប័ណ្ណ និង​ការចាក់មេក្រូ​ផ្សាយ​សារ​នយោបាយនៅតាមទីស្នាក់ការគណបក្សជាដើម។

ជាមួយគ្នានោះដែរ គ.ជ.ប ថាក្នុងយុទ្ធនាការនោះគណបក្ស ៤​ ដែលចូលរួម​ប្រកួត​ប្រជែងការបោះឆ្នោត​ព្រឹទ្ធសភា​មាន​​គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និង​គណបក្ស​យុវជន​កម្ពុជា គឺ​មាន​តែ​គណបក្សកាន់អំណាចទេ ដែលលេចធ្លោជាងគេ ដោយ​ធ្វើសកម្មភាពឃោសនាទូទាំង ៨ ភូមិភាគក្នុង ២៥ រាជធានីខេត្ត។

បើតាមការកំណត់របស់ គ. ជ. ប. យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤ ចាប់ផ្តើមពីថ្ងៃទី​ ១០ដល់ថ្ងៃទី២៣ខែកុម្ភៈ ហើយការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី ២៥ខែកុម្ភៈស្អែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ