ACU ហៅការប្រព្រឹត្តកំហុសមន្ត្រីម្នាក់នៅក្រសួងមហាផ្ទៃថាប៉ះពាល់កិត្តិយសរដ្ឋាភិបាលធ្ងន់ធ្ងរ

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថា មន្ត្រីនគរបាលម្នាក់នៅក្រសួងមហាផ្ទៃ ដែលត្រូវបាន​ចាប់​​ខ្លួន ដោយសារតែដើ​រប្រមូល​លុ​​យ​ពីក្រុម​ហ៊ុន​នានាក្នុងរាជធានីភ្នំពេញគ្មានច្បាប់​អនុញ្ញា​តិ​នោះថា ​បា​​​ន​​​ធ្វើឲ្យ​ប៉ះ​ពា​​ល់​យ៉ាងធ្ងន់ធ្ងរ ដល់គោលន​យោបា​យធ្វើកំ​ណែ​ទម្រង់របស់រដ្ឋាភិបាល។

កាលពីថ្ងៃទី២១ខែមីនា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីនគរបាលស័ក្តិ៣ម្នាក់ ឈ្មោះ ហ៊ុយ ហឿន ធ្វើការ​នៅនា​យក​ដ្ឋា​​​​​ន​​ប្រ​ឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ។

អង្គភាពប្រឆាំងអំពើពុករលួយអះអាង​ថា មន្ត្រីនោះបា​នប្រ​ព្រឹ​ត្ត​​​​​ប​ទល្មើសជាក់ស្តែ​ដើរប្រមូលលុយ​ពីក្រុមហ៊ុន​សហគ្រា​សនិង​បុគ្ក​​ល​ឯកជននានា ក្នុងរាជធានីភ្នំពេញ ប្រ​​មាណជា​១០០​កន្លែង​ គ្មាន​ច្បាប់​អនុញ្ញាតិ។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ខែមីនា អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា អំពើរបស់​ជន​​​​​ស​​ង្ស័យពាក់ព័ន្ធបទល្មើសវិតិក្រមដោយថា «ក្នុងនាមខ្លួន​ជា​​​មន្ត្រី​​សាធារណៈបានទា​មទា​រ​ប្រាក់​ជា​សិ​ទ្ធិ​ដែល​ច្បាប់មិនអនុញ្ញាត»។

អ​ង្គ​ភា​ពបានចាត់ទុកទង្វើរបស់មន្ត្រីនគរបាលរូបនោះថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រសួងមហាផ្ទៃនិង​អ​គ្គ​ស្ន​ង​​កា​រដ្ឋាននគរបាលជាតិដែលបានខិតខំអនុវត្តកម្មវិធីកំណែទម្រង់និង​ទប់ស្កា​ត់នូ​វអំ​​ពើ​ខុសច្បា​ប់​​ជា​ច្រើន។

ប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថាទង្វើនោះក៏ «ធ្វើឲ្យប៉ះពាល់ដល់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ម​ហា​ជននិងអ្នកវិនិយោគបរទេស លើការដឹកនាំរបស់រដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ»។

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីនគរបាលស័ក្តិ៣ដែលត្រូវចាប់ខ្លួននោះ បានតម្រូវ​ឲ្យក្រុ​​ម​ហ៊ុ​​​ន​​បង់​​​ជា​​​ប្រា​​​ក់​ប្រចាំខែ ឬប្រ​ចាំ​ឆ្នាំក្នុងមួយកន្លែងពី​២​ម៉ឺនរៀល រ​ហូ​​​​ត​ដល់១០០០ដុល្លារ។

អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ថា ជនស​ង្ស័​យ​​​បា​ន​​​ប្រ​​​​ព្រឹត្តបែបនេះ ជា​ទ​ម្លា​​ប់ប្រហែ​​លជា​១​០​​​ខែ​​ម​ក​​​​​ហើយ ទើបស្ថាប័នខ្លួន ឈានដល់ការនាំខ្លួន នៅកន្លែងទារប្រាក់ នាំមកកសាងសំ​ណុំរឿ​ងប​ញ្ជូនទៅ​តុ​លា​​​​ការ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលតុលាការ​ធ្លាប់ចាប់​ដា​​ក​ព​ន្ធ​នាគារ ដោយសាតែចូលរួមទាមទារឲ្យតម្លើងប្រាក់ខែកម្មករនោះ បាន​ស្វាគមន៍​ទៅនឹ​ងចំណា​ត់កា​រ​នេះ​។ ប៉ុន្តែលោកថា អ្វីដែលអង្គភាពជំនាញមួយនេះ អាចជួយលើកមុខរ​ដ្ឋាភិបាល បានច្រើនជាងនេះ លោ​ក​​​ថា ​ត្រូវចាត់វិធានការរទៅលើមន្ត្រីពុករលួយធំៗ ដែលឃុតឃិតគ្នា បង្កឲ្យមានអយុត្តិ​ធម៌​ក្នុ​​ងសង្គម។

លោកថា៖ «ចំនុចសំខាន់មួយទៀត យើងត្រូវពិនិត្យមើលទៅលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌ធំៗ ដូចជា​ជា​ប្រព័ន្ធតុលាការហ្នឹង [ACU] គួរតែស៊ើបអង្កេតបញ្ឈប់ជាបន្ទាន់ នូវការប្រព្រឹត្តអំពើពុករលួយធំៗ ដែលជាជំងឺដ៏រាំ​រ៉ៃ ជា​ច្រើ​នទសវត្សរ៍មកហើយសម្រាប់ប្រទេសកម្ពុជាយើង»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងដែរថា ចំណាត់ការនេះ អាច​ជាសារគំរាមមួយ ទប់ស្កាប់អំពុករលួយដែលកំពុងកើតមាននៅកម្ពុជា។

ប៉ុន្តែលោកជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមួយនេះ ​ត្រូវចា​ត់វិធានា​ការច្រើ​នទៀ​ត​ទៅ​​លើអំពើពុករលួយធំៗ ដូចជាអ្នកលក់សម្បត្តិរដ្ឋ អ្នកឃុបឃិតគ្នា នាំចូ​លរថយន្ត​ទំនើ​ប​ៗគេចពន្ធតា​​ម​ច្រ​​​​ក​ទ្វារអន្តរជាតិធំៗជាដើម ដែលលោកគិតថា វិធានការនេះ អាចជួយប្រមូលថវិកាជាតិផង និងជួយលើ​កប្រ​ជា​ប្រិ​​​យភាពរដ្ឋាភិបាលបានទៀត។

លោកថា៖ «បើប្រៀបធៀបនឹងករណីធំៗ ដូចជាការបើកដៃឲ្យឈ្មួញដឹកឈើ ឬជនបរទេសដូច​ជាយួន​អី​ហ្នឹង មក​​កាប់ឈើនៅស្រុកខ្មែរនៅតាមព្រំដែន ខ្ញុំគិតថាបទល្មើសសេដ្ឋកិច្ច ដែលប្រព្រឹត្តដោយប៉ូ​លិសសេដ្ឋ​កិច្ចហ្នឹ​ង ​វាជាកម្រិតមួយហើយខ្ញុំមិនថាតូចទេ។ ក៏ប៉ុន្តែ វាជាបទល្មើសធំដែរ ពីព្រោះថា ឲ្យតែបញ្ហា​ពុករលួ​យ វាជាប​ញ្ហា​​​ធំ​ហើយ។ ហើយវាជារឿងបំផ្លាញជាតិ បំផ្លាញមុខមាត់រដ្ឋាភិបាលនៅលើឆាកអន្តរជាតិ ក៏ដូចជា​ធ្វើ​ឲ្យ​ប៉ះពា​ល់ដល់មុ​ខមាត់អ្នកវិនិយោគនៅកម្ពុជាដែរ»។

ទោះជាយ៉ាងណា អង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ចាប់ខ្លួនអតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក តុប ចាន់សេរីវុធ ធ្លាប់បាប់ខ្លួនអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង នារតី និង​មន្ត្រីមួយ​ចំនួន​ទៀត ដែល​ថា ​ជា​ប់​​ពា​ក់ព័ន្ធនឹងអំពើពុករលួយមកប្រឈមមុខច្បាប់ផងដែរ។

ប៉ុន្តែ​អ្នកតាមដានបញ្ហាសង្គម អះអាងថា អំពើពុករលួយធំៗ ច្រើនទៀតដែលស្ថាប័ននេះមិនទាន់ធ្វើបាន ដូចជា អ្នក​ឃុ​ប​​ឃិតគ្នាប្រព្រឹតប​ទល្មើ​ស​​ព្រៃឈើ ការលក់ខ្សាច់ទៅក្រៅប្រទេស ការរំលោភដីធ្លី និងករណីផ្សេង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ