ត្រីជាច្រើនងាប់នៅខេត្ដព្រះវិហារ ខណៈពលរដ្ឋសង្ស័យលើការបង្ហូរសំណល់ពុលចូលស្ទឹង

ត្រីជាច្រើនពាន់ក្បាលបានងាប់ជាបន្តបន្ទាប់ និងសត្វជាច្រើនទៀត រួមទាំងពលរដ្ឋមួយចំនួន កំពុងរង​ផលប៉ះពាល់​​ដល់សុខភាពក្នុងខេត្តព្រះវិហារ ខណៈពលរដ្ឋដាក់ការសង្ស័យថា បញ្ហា​នេះ​អាចបណ្តាលមកពីក្រុមហ៊ុនចិនដាំអំពៅបង្ហូរកាកសំណល់ពុល​ចូលទៅ​ក្នុង​ទឹក​ស្ទឹង​សែន។

មន្ដ្រីអង្គការពន្លកខ្មែរក្នុងខេត្ដព្រះវិហារលោក លួត សាំង ប្រាប់ VOD នៅថ្ងៃនេះថា​ ត្រី​ជា​ច្រើន​ពាន់ក្បាលបានងាប់​បណ្ដែតទឹកស្ទឹងសែន ​និងពលរដ្ឋ​មានអាការៈ​រមាស់ ​ដែល​សង្ស័យ​ថាទឹកស្ទឹងនោះអាចមានជាតិពុល ដោយសារកាក​សំណល់របស់​ក្រុមហ៊ុន​ចិន​ដាំ​អំពៅ​​ហូរចូលក្នុងទឹកស្ទឹកសែន។

លោកបន្ដថា ក្រុមហ៊ុនចិនដាំអំពៅនោះឈ្មោះ ហេង សួរ បានប្រើប្រាស់ថ្នាំលើដំណាំអំពៅ ដើម្បីឲ្យដំណាំនោះ​មិនក្រៀមស្វិតនៅរដូវប្រាំងនិងការពារអំពៅមិនឲ្យខូចគុណភាព។

លោកបន្ថែមថា ទឹកស្ទឹងសែននោះ សត្វនិងមនុស្សមិនអាចប្រើប្រាស់បាននោះទេ។

លោកបន្ដថា៖ «ភ្លៀងកក់ខែ វាហូរដីជីវជាតិដីនៅខាងលើហូរចូលស្ទឹង ទាំងអស់ ហើយ​វា​អត់​មានអាងស្ដុកទឹកជាតិគីមីហូរចូលស្ទឹងទាំងអស់ ធ្វើឲ្យត្រីងាប់ ហើយមនុស្សប្រើប្រើប្រាស់ចេញ រមាស់។​ […] ហូរាប់រយតោន ប្រជាជនប្រមូល អ្នកខ្លះវាលិចទៅវិញត្រីតូចត្រី​ធំងាប់ច្រើនមែនទែន​ ដាំអំពៅ​ដាក់​​ជាតិគីមី»។

ពលរដ្ឋនៅស្រុកត្បែងមានជ័យ ដែលប្រកបរបរនេសាទនៅតាមស្ទឹងសែន ​លោក ថាច វុទ្ធី និងអ្នកស្រី ថាច កួយ ឲ្យដឹងស្រដៀងគ្នាថា សត្វ​និង​មនុស្ស​នៅតំបន់នោះ បានរង​ផលប៉ះ​ពាល់ដល់​​​សុខភាពខ្លាំង និង​ប្រឈម​នឹង​អត់​ទឹក​ប្រើប្រាស់ បើសិន​គ្មានការ​អន្ដរាគមន៍​ពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធនោះទេ។

ពួកគាត់បន្ដថា ករណីនេះ បានកើតឡើងចាប់ពីថ្ងៃទី១៨ខែមីនា​ឆ្នាំ២០១៧នេះ ហើយថា ពួកគាត់មិនហ៊ានប្រើប្រាស់ទឹកស្ទឹងសែន ដែល​នៅក្បែ​ក្រុមហ៊ុនដំាអំពៅ ហេង សួរ នោះទេ។

ពួកគាត់បន្ដថាទឹកក្នុងស្ទឹ​ងនោះ មានពណ៌លឿង ហាក់មានជាតិគីមី ដែលប៉ះពាល់​សុខភាព​ដល់ពលរដ្ឋ ស្ថិតនៅស្រុ​ក​ត្បែងមានជ័យ ស្រុកជ័យសែន និងស្រុករវៀង ខេត្ដព្រះវិហារ។

ពួកគាត់បន្ដថា៖ ​«ទឹកហូរមុជទឹកមិនកើតទេ​សុំទឹកគេប្រើ។ កាកសំណល់ពីក្រុមហ៊ុន​ដែលហូរតាមទឹក វាភ្លៀងធ្លាក់មកចូលក្នុងស្ទឹង​វាងាប់អស់ វាឡើងមកពងតាំងពីត្រីប្រា​តែវាងាប់អស់»។​

VOD មិនអាចទាក់ទងអ្នកគ្រប់គ្រងក្រុមហ៊ុនចិន ហេង សួរ ដើម្បីសុំការឆ្លើយតបករណីនេះ​បានទេ​ ខណៈអភិខេត្ដព្រះវិហារ លោក អ៊ុន ចិន្ដា ទូរសព្ទចូលច្រើនដងគ្មានអ្នកទទួល។

ប្រធានមន្ទីរសុខាភិបាលខេត្ដព្រះវិហារលោក គង់ ឡូ មានប្រសាសន៍ថា មន្ដ្រីជំនាញកំពុង​ចុះពិនិត្យនៅព្រឹកថ្ងៃនេះ ប៉ុន្ដែ​លោក​បដិសេធ​ជាតិពុល​ពីកាក​សំណល់​ដែលហូរចេញ​ពីក្រុមហ៊ុនចិនដាំអំពៅហូរចូលទឹក​ស្ទឹង។

លោកថា៖ «យើងមិនទាន់ដឹងទេ។ ឥឡូវនេះ លោកអភិបាលខេត្ដ លោកបាន​ឲ្យ​ខាង​មន្ទីរបរិស្ថាន ជាមួយនឹងមន្ទីរសុខាភិបាលហើយ នឹងខាងអាជ្ញាធរ​ស្រុកចុះពិនិត្យ​មើល​មិនទាន់​ដឹង​ថា​យ៉ាងម៉េចទេ»។

យ៉ាងនេះក្ដី បើតាមពលរដ្ឋនៅតំបន់នោះ និងមន្ដ្រីអង្គការពន្លងខ្មែរ ឲ្យដឹងថា ករណីនេះ កើតឡើង​ពីរឆ្នាំមកហើយ បន្ទាប់ពីមានក្រុមហ៊ុនចិនអភិវឌ្ឍរោងចក្រស្កអំពៅ និងដាំដំណាំអំពៅនៅខេត្ដព្រះវិហារ ប៉ុន្ដែអាជ្ញាធរមូលដ្ឋានខ្លះអះអាងថា បញ្ហានេះកើតឡើងពីអាកាសធាតុក្ដៅ និងជាតិពុលពីជីវជាតិព្រៃឈើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ