អតីតមន្រ្តីបក្សប្រឆាំងថាសំណើសុំសួរសុខទុក្ខអ្នកជាប់ឃុំត្រូវបានបដិសេធ

រូបភាព៖ អ៊ូ ច័ន្ទរ័ត្ន (ហ្វេសប៊ុក)

អតីតមន្ដ្រីបក្សប្រឆាំងលោក អ៊ូ ច័ន្ទរ័ត្ន​ ថាសំណើរបស់លោក សុំជួបសួរសុខទុក្ខអតីតមន្រ្តី​បក្សសង្គ្រោះ​ជាតិ ១២ នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃស ត្រូវបានអគ្គនាយកពន្ធនាគារបដិសេធ។

កាលពីថ្ងៃទី ១៩ ខែ មីនា ក្រុមអតីតមន្រ្តីបក្សសង្គ្រោះជាតិ ៥នាក់ ដែលមានលោក អ៊ូ ច័ន្ទរ័ត្នជាតំណាង បាន​ផ្ញើលិខិតមួយទៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដោយស្នើសុំជួបសួរសុខទុក្ខ​អតីត​មន្ដ្រី​​បក្សប្រឆាំងជាប់ឃុំ ១២នាក់ នៅចុងខែមីនានេះ។

ទោះបីជាយ៉ាងណាលោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់វីអូឌី ថាសំណើរបស់លោកនោះត្រូវបានអគ្គនាយកដ្ឋាន​ពន្ធនាគារ បដិសេធកាលពីម្សិលមិញ ដោយថាលោកបានសរសេរតួនាទីនយោបាយខុស ដែល​ដាក់​ថាជា​តំណាងរាស្ត្រអាណត្តទី៥ ខណៈបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលទៅហើយ។

ឆ្លើយតបទៅនឹងការបដិសេធលើសំណើនេះលោកអ៊ូ ច័ន្ទរ័ត្ន បានបន្តថាលោក កំពុងរៀបចំធ្វើលិខិតជាថ្មី​ដើម្បីដាក់សម្របសម្រួលសុំការអនុញ្ញាត ឲ្យក្រុមរបស់លោក​ដែលជាអតីតមន្រ្តីបក្សប្រឆាំង​បានចូល​សួរ​សុខ​ទុក្ខ មិត្តភក្តិរបស់ខ្លួនដែលកំពុងជាប់ឃុំ។

លោក អ៊ូ ច័ន្ទរ័ត្នសង្ឃឹមថាការស្នើសុំជាថ្មីនោះនឹងមិនត្រូវបានបដិសេធទៀតទេ ដោយលោកថាក្រុម​លោក សុំចូលសួរសុខទុក្ខក្នុងនាមជាមិត្តភក្តិ មិនជាតំណាងរាស្ត្រ ឬក៏ជាសមាជិកបក្សនយោបាយ​ទៀត​នោះដែរ។

យោងតាមលិខិតស្នើសុំ អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ៥រូប បានស្នើទៅអគ្គនាយកដ្ឋាន​ពន្ធនាគារ នៃក្រសួងមហាផ្ទៃ ​ដើម្បីជួបសួរសុខទុក្ខអតីតតំណាងរាស្ដ្របក្សប្រឆាំង មានលោក អ៊ុំ សំអាន លោក មាស សុវណ្ណារ៉ា និងអ្នកជាប់ឃុំ១០នាក់ផ្សេងទៀត។

បើតាមលោក អ៊ូ ច័ន្ទរ័ត្នពួកអ្នកជាប់ឃុំទាំងនោះ មានខ្លះជាប់ទោស ៧ឆ្នាំ និងខ្លះទៀតមានទោស​ដល់​ទៅ ២១ឆ្នាំ ក្រោមការចោទពីបទ «ញុះញង់» និង «បង្កអំពើហិង្សានាំឲ្យមានអស្ថិរភាពសង្គម»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ