គណបក្ស កែម ឡី បានដូរឈ្មោះជា គណបក្សខ្មែរតែមួយ

ស្លាកសញ្ញាបក្ស កែម ឡី ប្តូរទៅបក្សខ្មែរតែមួយ

គណបក្សកែម ឡី ដែលប្រកាសបង្កើតឡើងដោយប្អូនប្រុសបង្កើតគឺលោក កែម រិទ្ធិសិត ត្រូវបានប្ដូរ​ឈ្មោះ​ទៅជាគណបក្សខ្មែរតែមួយ ហើយបានដាក់សំណើទៅក្រសួងមហាផ្ទៃកាលពីម្សិលមិញដើម្បីចុះបញ្ជី។​

តាមពាក្យស្នើសុំចុះបញ្ជីបក្សនយោបាយដែលចុះថ្ងៃទី ២៣ ខែ មីនា ដែលមានហត្ថលេខាលោក កែម រិទ្ធិសិតជា​ប្រធានបក្ស បានស្នើសុំចុះបញ្ជីឈ្មោះ គណបក្ស ខ្មែរតែមួយ នៅក្រសួងមហាផ្ទៃ ហើយលិខិតនេះ​ត្រូវ​បាន​នាយក​ដ្ឋាន​កិច្ចការ​សមាគម​ និង​គណបក្ស​នយោបាយ​ ​​បោះ​ត្រា ទទួល​យក​​រួច​ហើយ ​។

គណបក្សកែម ឡី នេះត្រូវបានផ្លាស់ប្តូរទាំងឈ្មោះ និង រូបសញ្ញា ដោយប្តូរពីរូបបណ្ឌិតកែម ឡី ទៅជារូបមនុស្ស ៣នាក់ឈរពួកដៃគ្នាជារង្វង់ បន្ទាប់គណបក្សមួយនេះរងការរិៈគន់ថាបានបង្កើតឡើងផ្ទុយពីច្បាប់ ​ ដែលមិនអនុញ្ញាតឲ្យប្រើឈ្មោះ ឬ រូបបុគ្គលឡើយ។

ការបង្កើតគណបក្សនយោបាយមួយនេះឡើងដើមឡើយ ស្ថាបនិកលើកឡើង​ថា ដើម្បី​យក​ទស្សន​ទានល្អៗ របស់​លោក​​បណ្ឌិត​ កែម ឡី ទៅ​បន្តចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ បើទោះបីជាឃាតកម្មលើលោក បណ្ឌិត​ ត្រូវបានក្រុមគ្រួសារអះអាងថាអាជ្ញាធរមិនទាន់អាចស្វែងរកឃាដករពិតមកផ្តន្ទាទោសនៅឡើយ។

អ្នកវិភាគបញ្ហានយោបាយលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់​សម្លាប់ទាំងកណ្ដាល​ថ្ងៃត្រង់នៅ​ស្ដារ​ម៉ាត​មួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំ២០១៦។

អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះ ឈ្មោះ អឿត អាង ហៅខ្លួន​ឯង​​ថា ជួប សម្លាប់ ដែល​ត្រូវ​​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​គុកមួយជីវិត។ យ៉ាងនេះក្ដី សាច់ញាតិ និងភិរិយាលោក កែម ឡី មិន​ជឿ​ថា បុរសឈ្មោះ ជួប សម្លាប់ គឺ​ជា​ឃាតករ​ពិត​ប្រាកដ​ក្នុង​ករណី​ឃាតកម្ម​នេះទេ។

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីខែ មករាឆ្នាំ២០១៧ បាន​បង្ហាញថា ប្រភព និង​សាក្សី​ជាច្រើនក្នុងខេត្តសៀមរាប បានរៀបរាប់ឲ្យដឹងថា បុរសឈ្មោះ «អឿត អាង» ត្រូវ​បាន​គេ​ហៅ​ទៅ​ជួប​ប្រជុំ​ជាមួយ​មន្ដ្រី​ថ្នាក់​ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន ពោលគឺប្រហែល​មួយសប្ដាហ៍ មុនកើតឃាតកម្មលើលោក កែម ឡី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ