យុវជន​បារម្ភព័ត៌មានមិនពិត​កំពុងជះ​ឥទ្ធិពល​ដល់​ការ​គិតរបស់​ពល​រដ្ឋ

យុវជន​បារម្ភពីផល​ប៉ះពាល់​ដល់​សង្គម​ដោយ​សារ​ព័តមាន​មិន​ពិត​ ឬ​Fake News អាច​ជះឥទ្ធិពលអាក្រក់​ដល់​សង្គម ក៏​ដូច​ជា​ដល់​ការ​គិត​របស់​ពល​រដ្ឋ ខណៈដែលបណ្តាញទំនាក់​ទំនង​សង្គម​កំពុង​មាន​ប្រជា​ប្រិយ​ភាព​ទៅ​ប្រជា​ពល​រដ្ឋ​កម្ពុជា។

នៅព្រឹកថ្ងៃ​សុក្រម្សិលមិញ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ចំនួន​៤​ ដែល​រួម​មាន​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​កម្ពុជា សមាគមធាង​ត្នោត បណ្តាញ​យុវជន​កម្ពុជា និង​សង់​ត្រាល់​ បាន​បង្កើត​ព្រឹត្តិ​ការណ៍​អ៊ិន​ធើណែត​បើក​ទូលាយ​ឆ្នាំ​២០១៨ ដែល​បាន​ផ្តោ​តទៅ​លើការ​វិវត្តន៍​នៃ​ការ​ប្រើ​ប្រាស់​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់ប្រជា​ជន​ខ្មែរ។

ក្នុង​កម្មវិធីនោះ​កិច្ច​ពិភាក្សា​មាន​ការ​ចាប់​អារម្មណ៍​ជាង​គេ ​គឺ​ផ្តោត​ទៅ​លើ​ក្រម​សី​ល​ធម៌ និង​ព័ត៌មាន​មិន​ពិត​ដែល​បាន​ផ្សព្វ​ផ្សាយ​​នៅលើ​បណ្តាញ​សង្គម​។

​កញ្ញាពៅ ស៊ីនួន ថា​សព្វថ្ងៃ​ព័ត៌មាន​មិន​ពិត​ កំពុងកើត​មាន​ច្រើន ខណៈ​ដែល​ប្រជា​ជន​កម្ពុជា​ភាគ​ច្រើន​លែង​សូវមាន​ទម្លាប់​ក្នុង​ការ​ស្តាប់​វិទ្យុ ឬ​ទូរទស្សន៍។ កញ្ញា​បន្ថែម​ថាការ​រីក​រាល​ដាល​នៃ​ការ​សរសេរ​ព័ត៌មាន​មិនពិត​នេះ អាច​មក​ពី​ការ​គិត​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​នៅ​ខ្សោយ​ពុំសូវ​បានពិនិត្យ​ច្បាស់​លាស់​​ពី​ប្រភព​ព័ត៌មាន​ណាដែលអាច​ទុកចិត្ត​បាន និង​ចេះ​តែ​ចែករលែក​តគ្នា​ពី​មួយ​ទៅ​មួយ​។

កញ្ញាបារម្ភ​ថា​ប្រសិន​ជា​ព័ត៌​មាន​មិនពិត​មាន​កាន់​តែ​ច្រើន​នោះ កាន់​តែ​បង្កភាព​ភ័យខ្លាច​ដល់​សង្គម​កាន់​តែ​ច្រើន។

កញ្ញាថា៖ « យើងឥឡូវនេះគឺកំពុងរកសន្តិភាព ហើយក្នុងអំឡុងពេលនៃការបោះឆ្នោតហ្នឹង បើសិនជាមានអាfake news ហ្នឹងច្រើនគឺសុវត្ថិភាពធ្លាក់ចុះ វាអាចបង្កើតជា Violent (អំពើហិង្សា) ច្រើន »

មិន​ខុស​ពី​កញ្ញា​ស៊ីនួន លោក​ យឹម​ សុខជា បានព្រួ​យ​បារម្ភ​ចំពោះ​ការ​ចែក​​លែក​ព័ត៌មាន​មិន​ពិត​នេះនៅ​តាម​បណ្តាញ​សង្គម ដែល​លោក​ថាជា​ការ​បង្កើន​បញ្ហា​បន្ថែម​ដល់​សង្គម និង​ប៉ះពាល់​ដល់ការ​គិតរបស់​ពលរដ្ឋ​ជាខ្លាំង។

លោក​ថា៖ « ចំពោះខ្ញុំគឺបារម្ភមែទែន ក៏មានអារម្មណ៍ថាពេលដែលលេងហ្វេសបុកចឹងទៅ យើងអត់សូវដឹងយើងចេះតែ Share ៗទៅ។ យើងអត់ដឹងថាអាហ្នឹងវាយ៉ាងមិចៗចឹងធ្វើឲ្យប៉ះពាល់ដល់ ការរស់នៅក្នុងសង្គមជាតិយើងធ្វើឲ្យ វឹកវរអីអញ្ចឹង »

ជាសិស្ស​ថា្នក់​ទី​​១២ យុវជន​ម៉ាក តុង​លី ថា​លោកធ្លាប់​ឃើញ​ព័ត៌មាន​មិនពិត​នេះច្រើន និង​ធ្លាប់​បាន​ចែក​រំ​លែករឿង​ទាំង​នោះ​ផង​ដែរ តែ​បន្ទាប់​ពីយល់ថា​ព័ត៌មាន​ទាំងនោះ​បាន​បំពុល​សង្គម ក៏​ដូចជា​សេចក្តីថ្លៃ​ថ្នូរ​របស់មនុស្ស​ទើប​លោក​ឈប់​ និង​បាន​ព្រួយ​បារម្ភ​ពី​បញ្ហានេះ​វិញ។

លោក​ថា៖ «​​ ខ្ញុំបារម្ភដែលបងអារឿងមាន Fake news នេះច្រើនព្រោះអីសម្រាប់ពួកយើងទៅក្មេងយើងអាច ព្យាយាមស្វែងយល់ច្រើនតែសម្រាប់ចាស់ ដូចជាម៉ាក់ប៉ាខ្ញុំអីពេលខ្លះគាត់អត់ដឹង គាត់គិតថារឿងហ្នឹងរឿងពិត។ អញ្ចឹងប៉ះពាល់ខ្លាំងមែនទែន ដូចថាពេលខ្លះវាប៉ះពាល់ដល់កិត្តិយសអ្នកដែលគេ Fake  »

ព័ត៌មា​ន​មិន​ពិត​កំពុងធ្វើ​ឲ្យ​បរិយាកាស​សង្គម​ក្នុង​បណ្តាញ​សង្គម​នៅកម្ពុជា​ច្របូក​ច្របល់​ជាខ្លាំង ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ពិបាក​​ទុក​ចិត្ត​ និង​ព្រួយ​បារម្ភ​ចំពោះព័ត៌មាន​ទាំង​នេះ​អាច​ជះឥទ្ធិ​ពល​មិន​ល្អដល់​សង្គម​ ក៏​ដូចជា​ក្រុម​គ្រួសារ​របស់​អ្នក​ដែល​ព័ត៌មាន​មិន​ពិត។

អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិកលោក ស៊ុន ណារិន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​មានការ​ចែក​រំ​លែក​ព័ត៌មាន​មិន​ពិត​នេះ​ច្រើ​ន​ក្នុង​បណ្តាញ​សង្គម ដែលធ្វើ​ឲ្យ​ប្រជា​ជន​ទទួល​បាន​ព័ត៌មាន​ខុស​ ហើយ​វា​ការ​តែ​ខុស​ច្រើន​បន្ថែម​ទៀត​នៅពេល​ដែល​ព័ត៌មាន​នោះ​ត្រូវ​បាន​ចែក​ចាយបន្ត​។ លោកថា​ផល​វិបាក​ដែល​កើត​ពីព័ត៌មាន​មិន​ពិត​នេះគឺ​អាច​ប៉ះពាល់​ដល់​កេរ្ត៍​ឈ្មោះ​អ្នក​ដែល​ត្រូវបាន​សារព័តមាន​ទាំង​នោះ​វាយ​ប្រហារ ក៏​ដូច​ជា​អ្នក​ដែល​ទទួល​រឿង​នេះ​ជា​ប្រភព​នៃ​ឯក​សារ​ខ្លួន​ផងដែរ។

លោកថា៖ « មិនមែនមានតែព័ត៌មានមិនពិតទេ មានទាំងរូបភាពមិនពិត ឯកសារមិនពិតអីហ្នឹង យើងត្រូវមានការប្រុងប្រយ័ត្នបើមានការចែករំលែកច្រើនហ្នឹង។ ព័តមានអីហ្នឹងប្រជាពលរដ្ឋអាចផ្តល់ទៅអ្នកផ្សេងខុស គាត់ឃើញមួយភ្លែតហ្នឹងគាត់អត់មានបញ្ជាក់អីទៀតទេ គាត់ប្រាប់តៗគ្នាថារឿងហ្នឹងអញ្ចេសធ្វើឲ្យអ្នកផ្សេងហ្នឹងគាត់ចែករំលែកក៏ធ្វើឲ្យមានបញ្ហា »

បើ​តាម​លោក ស៊ុន ​ណារិន ព័ត៌មាន​ដែល​អាចទុក​ចិត្ត​បាន​គឺ​ជា​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​អាជីព មាន​វិជ្ជាជីវៈត្រឹម​ត្រូវ ឬ​អាច​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ទៅ​លើ​ការ​រចនា នឹង​ការ​ព័ណ៌នា​ក្នុង​​រឿង​ដែល​ពល​រដ្ឋបាន​ទទួល​នោះ។

​ស្ថិតិពីក្រសួងប្រៃសណីយ៍និងទូរគមនាគន៍កម្ពុជា បានអោយដឹងថានៅចុងឆ្នាំ២០១៣ ចំនួនអ្នកប្រើ​ប្រាស់​អ៊ិន​ធើណែត​នៅ​កម្ពុជា​មាន​ជាង ៣,៨ លាននាក់ ដែលស្ទើតែស្មើនឹងមួយភាគបួន នៃចំនួនប្រជាជនកម្ពុជាសរុប ។ ហើយនៅចុងឆ្នាំ២០១៦ ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតនៅប្រទេសកម្ពុជាមានចំនួនជាង ៤,១លាននាក់  ក្នុងចំណោមប្រជាជនសរុបជាង ១៦​លាន​នាក់​។ នៅដើមឆ្នាំ ២០១៨នេះ អ្នក​ប្រើ​ប្រាស់​ហ្វេស​បុកនៅ​កម្ពុជា​មាន​ជាង ៦,៨ លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ