លោក ហ៊ុន ម៉ាណែត ប្រឈម​មុខ​នឹង​ការខឹងសម្បារបស់ពលរដ្ឋខ្មែរកាណាដា​

កូនប្រុសច្បងរបស់នាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ(រូបថតពីហ្វេសប៊ុក​របស់​លោក​)

នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ បានប្រឈមមុខដោយផ្ទាល់នឹងការខឹងសម្បារបស់ប្រជាពលរដ្ឋខ្មែរនៅកាណាដា នៅពេលលោកចុះទៅវត្តមួយក្នុងក្រុងម៉ុងរ៉េអាល ដើម្បីជួបសំណេះសំណាល។

ក្នុងវីដេអូឃ្លីបមួយបង្ហោះលើប្រព័ន្ធសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែតនិងក្រុមការងារបានចាកចេញពីវត្តភ្លាមៗ ក្រោយពីប្រជាពលរដ្ឋពីរបីនាក់បានសម្តែងកំហឹងខឹងសម្បា។ ក្នុងវីដេអូនោះ ប្រជាពលរដ្ឋទាំងនោះបានលើកឡើងពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថាប្រជាពលរដ្ឋជួបការលំបាកនិងទុក្ខវេទនា។ លោក ហ៊ុន ម៉ាណែត បានឆ្លើយតបទៅវិញថាតើករណីណាខ្លះ ដែលពលរដ្ឋរងការលំបាកដោយសាររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។

ស្រ្តីម្នាក់ដែលមិនបង្ហាញឈ្មោះ បានលើកឡើងថា៖ “ខ្ញុំរត់ចោលស្រុក ព្រោះខ្ញុំខ្លាចសង្រ្គាមម្តងទៀត ដល់ទីបញ្ចប់ ខ្ញុំគិតថាស្រុកខ្មែរសប្បាយហើយ ពេលដែលខ្ញុំទៅលេងស្រុកខ្មែរ ខ្ញុំឃើញស្រុកខ្មែរយ៉ាប់ទៅៗ។ ខ្ញុំសូមឲ្យលោក ហ៊ុន ម៉ាណែត ហ្នឹង ព្យាយាមដកអំពើអាក្រក់ហ្នឹងចេញទៅ បើលោកល្អ លោកចាំស្តាប់មតិប្រជាពលរដ្ឋសិន តើឪពុកលោក(លោក ហ៊ុន សែន)សព្វថ្ងៃកំពុងតែធ្វើអី ផ្តាច់ការ កុម្មុយនីស្ត…”។

ពលរដ្ឋម្នាក់ទៀតលើកឡើងដោយភាពខឹងសម្បាថា៖ “យកប្រជាពលរដ្ឋមកលេងសើច ប្រជាពលរដ្ឋកំពុងតែវេទនា”។

វីអូឌីមិនអាចសុំការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត បាននៅឡើយទេ។

ក្នុងដំណើរទស្សនកិច្ចទៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដា លោក ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបង្ហាញភស្តុតាងនិងសាក្សី ដោយលោកសំដៅទៅរកពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនដែលលោកថាចោទរូបលោកថាជាជនផ្តាច់ការ រំលោភដីធ្លីនិងសម្លាប់មនុស្ស។ ក្នុងបទសម្ភាសន៍ជាមួយVOA លោក ហ៊ុន ម៉ាណែត បានលើកជាសំណួរថាហេតុអ្វីបានជាភ្ជាប់រូបលោកទៅនឹងឪពុករបស់លោក។ លោកបន្តថាគុណសម្បត្តិនិងគុណវិបត្តិមានដូចគ្នាចំពោះការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា តែលោកថារដ្ឋាភិបាលមានស្នាដៃធំៗជាច្រើន។ លោកមានប្រសាសន៍ថា៖“ប្រឆាំងជាមួយខ្ញុំ ដោយសារខ្ញុំជាកូនរបស់ឪពុករបស់ខ្ញុំ ខ្ញុំគ្រាន់តែចោទសួរទៅវិញ ខ្ញុំអត់បកស្រាយពីរឿងនយោបាយអីទេ។ ក្នុងនាមជាគុណធម៌នយោបាយ បើយើងធ្វើជាមួយនឹងអ្នកណាម្នាក់ តើយើងចាំបាច់ទៅរាលដាលដល់កូនចៅគេធ្វើអី អានេះដែលខ្ញុំចង់ឆ្ងល់ហើយខ្ញុំឆ្ងល់”

លោកបន្ថែមថា៖ “ខ្ញុំអត់ខ្លាច ឲ្យបងប្អូនយកមក បងប្អូនមានសិទ្ធិថាចោទខ្ញុំ ថាឥឡូវហ៊ុន ម៉ាណែត រំលោភដីធ្លីរបស់គេ។ ហ៊ុន ម៉ាណែត ជាជនកុម្មុយនីស្ត ខ្ញុំសូមឲ្យបងប្អូនមានលើកចុះ ប៉ុន្តែសុំរកភស្តុតាងហើយរកសាក្សីទៅ ថាតើនៅកម្ពុជាហ៊ុន ម៉ាណែត បានទៅរំលោភដីប៉ុន្មាន តើហ៊ុន ម៉ាណែតហ្នឹង ទៅសម្លាប់មនុស្សណាខ្លះ ដូចដែលគេចោទ”?

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាលោកបានចេញមុខដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋនិងបំពេញការងារមនុស្សធម៌ផងដែរ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)កាលពីខែមករា ឆ្នាំ២០១៥ បានចេញរបាយការណ៍មួយកម្រាស់ជាង៧០ទំព័រដែលនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបានចាត់ទុកការដឹកនាំ៣០ឆ្នាំរបស់លោក ហ៊ុន សែន ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។

កន្លងទៅ មេដឹកនាំគណបក្សប្រឆាំងបានហៅការដឹកនាំរបស់លោក ហ៊ុន សែន បែបកុម្មុយនីស្តនិងរិះគន់ថាមិនមានការគោរពសិទ្ធិមនុស្សនិងដើរតាមលទ្ធិប្រជាធិបតេយ្យ។ បញ្ហារំលោភសិទ្ធិមនុស្ស ការបណ្តេញចេញ បញ្ហាដីធ្លី ឃាតកម្មលើសកម្មជន ការបំបិទសិទ្ធិសេរីភាពអ្នកនយោបាយ សកម្មជនបក្សប្រឆាំង និងអំពើពុករលួយ ត្រូវបានចុះផ្សាយជាបន្តបន្ទាប់នៅលើទំព័រកាសែតទាំងក្នុងស្រុកនិងអន្តរជាតិមួយចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ