លោក ហ៊ុន សែន ប្រាប់មេដឹកនាំវៀតណាមថាមានគេយកបញ្ហាព្រំដែនបង្កជម្លោះ

ប្រភពរូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ប្រាប់មេដឹកនាំវៀតណាមថា ក្រោយការបោះឆ្នោតខាងមុខ នឹងមានគណបក្សនយោបាយមួយ ចង់យកបញ្ហាព្រំដែន បង្កជម្លោះជាមួយវៀតណាម។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ព្រំដែនមួយក្នុងខេត្តកណ្តាល ដែលនាយករដ្ឋ​មន្ត្រី​វៀតណា​ម​ លោ​ក ង្វៀន សួនហ៊្វុក ចូលរួមផងដែរនោះ លោក ហ៊ុន សែន ថ្លែងថា វៀតណាមមិនត្រឹ​មតែជួ​យរំដោះ​កម្ពុជាឲ្យ​ផុ​តពី​​រប​បប៉ុលពត​ប៉ុណ្ណោះទេ លោកថា វៀតណាមថែម​ទាំងចំ​ណាយថ​វិកា ជួយសា​ង​​សង់ស្ពា​ន​ជាប់​ព្រំ​ដែន កម្ពុជា វៀតណាម សម្រួ​លដល់​កា​​រធ្វើ​​​ចរាចរណ៍​ទំនិញ ទៅ​មកជា​ដង្ហើម​សេ​ដ្ឋកិច្ចនៃ​ប្រទេ​សទាំ​ងពី​​​​រទៀតផង។

លោក​ ហ៊ុន សែន ថ្លែងទៀតថា សមិទ្ធផលស្ពាននៅជាប់ព្រំដែននេះ ជាគោលនយោបាយ​របស់គ​ណ​ប​ក្ស​​ប្រ​ជាជនបានដាក់ចេញ ដោយថាដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់សន្តិភាពនិងអភិវឌ្ឍន៍។

ប៉ុន្តែលោក ហ៊ុន សែន ថ្លែងបែបព្រមានលាយឡំសម្តីបែបឌឺដង ដោយមិនបញ្ចេញឈ្មោះថា គណ​ប​ក្សនយោបាយមួយ គេនឹងយកបញ្ហាព្រំដែននេះ បង្កជម្លោះជាមួយប្រទេសវៀតណាម។

លោកថា៖ «តើប្រជាជនយើងចង់ផ្លាស់ប្តូរទំនិញនិងទេសចរណ៍ដោយទៅមករកគ្នាតាមរយៈនៃប្រព័ន្ធផ្លូវដឹកជញ្ជូន ឬក៏ត្រូវជីកលេដ្ឋានដើម្បីត្រៀមបាញ់គ្នាដូចអតីតកាល នេះជាបញ្ហាជ្រើសរើសរបស់ប្រជាជននាពេ​លខាងមុខ។ នាពេលខាងមុខពិតណាស់មានអ្នកដែលចង់រក្សាសន្តិភាពនិងចង់បានសន្តិភាព ដើម្បី​ធានា​កា​រអភិវឌ្ឍ តែក៏មានអ្នកចង់បាននូវជម្លោះក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាង»។

បើទោះជាលោកនយករដ្ឋមន្ត្រីថ្លែងមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែកាលអំឡុងឃោ​សនារកសំ​ឡេងឆ្នោត​ឆ្នាំ​២០១៣ គណបក្សសង្គ្រោះជាតិ បានធ្លាប់លើកឡើងថា ការបោះបង្គោ​លព្រំដែន​ជាមួយវៀ​តណាម បានជាង​៨៣ភាគរយកន្លងទៅនេះ ពួកគេថា កម្ពុជា ចាញ់ប្រៀប វៀតណាម ធ្វើឲ្យកម្ពុជា​បត់បង់​ទឹ​ក​ដី​មួ​យ​ចំនួ​នទៀតទៅប្រទេសជិតខាងមួយនេះ ប៉ុន្តែតំណាង​រាស្ត្របក្សប្រឆាំង ដែលរិះគន់​បញ្ហាព្រំ​ដែនមា​ន​ លោ​ក អ៊ុំ សំអាន និងលោក ហុង សុខហួរ ត្រូវបានរដ្ឋាភិ​បាលចា​​ប់ដាក់ព​ន្ធនាគាររ​ហូតពេ​​​លនេះ។

ទោះជាយ៉ាងណាប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលបានចុះជួបសកម្មជនរបស់ខ្លួននៅខេត្តកំពត កាលពីថ្ងៃអាទិត្យម្សិលមិញ បានលើកឡើងថា បើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតខាងមុខលោកថា នឹងគ្មានសង្គ្រាមកើតឡើងទេ ហើយថា គណបក្សនេះនឹងជំរុញការអភិវឌ្ឍន៍កាន់តែមានតម្លាភាព។

លោកថា៖ «ការបោះឆ្នោត នាំមកនូវសេចក្ដីសង្ឃឹម។ ការបោះឆ្នោ​ត មានសារៈសំខាន់ខ្លាំងណាស់ ព្រោះ​ការបោះឆ្នោ​តគឺជាការផ្លាស់ប្តូរអ្នកដឹកនាំបានដោយសន្តិវិធី និងបញ្ចៀសសង្គ្រាម។ ការជម្រុ​ញ​ឲ្យអ្នកន​យោបាយ ខិតខំ​ប្រកួតប្រជែងគ្នាធ្វើអំពើល្អ ដែលជាប្រយោជន៍ជាតិ ប្រយោជន៍ប្រ​ជាពលរដ្ឋខ្លួន។ ការ​ពង្រឹ​ងនូវប្រ​ព័ន្ធដឹកនាំបែបប្រជាធិបតេយ្យ ដើម្បីទប់ស្កាត់នូវអំណាចផ្ដាច់ការ។ ក៏ប៉ុន្ដែ ​យើងត្រូវរៀ​បចំ​​កា​របោះឆ្នោតនោះឲ្យមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្ដិធម៌»។

មន្ត្រីជាន់ខ្ពស់ផ្នែកអង្គេត នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កង សាវាង្ស លើកឡើងថា សង្គ្រាមនៅកម្ពុជា នឹងមិនអាចកើតឡើងទេ ដោយថាការប្តូរមេដឹកនាំនៅកម្ពុជាពេលនេះ ធ្វើឡើងតា​មរយៈការ​បោះឆ្នោត បែបប្រជាធិបតេយ្យ មិនដូចពីអតីតកាលទេ។

លោក កង សាវាង្ស ជំរុញឲ្យអ្នកនយោបាយគួរបង្ហាញសារនយោបាយទៅពលរដ្ឋាថា ពេលខ្លួនឈ្នះឆ្នោត នឹ​ងធ្វើ​​​អ្វី​​ខ្លះ​​ដើម្បីការពារជាប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិ ជាជាងគំរា​មពីសង្គ្រា​មបើ​ខ្លួន​ចាញ់​ឆ្នោ​តនោះ។

លោកថា៖ «បង្ហាញទៅ ពីគោលនយោបាយ របស់ខ្លួនថា ល្អត្រង់ណា អីត្រង់ណា ជាជាងការគំរាមកំហែង។ ការប្រើពាក្យថា សង្ក្រាម វាស្មើនឹងការគំរាមកំហែងមួយ។ ប៉ុន្តែមកដល់សម័យកាលនេះ​ហើយខ្ញុំមើល​មិនឃើ​​ញ គណបក្សទាំងឡាយដែលចូលរួមការបោះឆ្នោតហ្នឹង ចាញ់ឆ្នោត នឹងមានសង្គ្រា​ម អីហ្នឹង ខ្ញុំ​មើល​មិ​នទាន់ឃើញទេ»។

កាលពីថ្ងៃទី២០ខែកុម្ភៈ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានអំពាវនាវ​ឲ្យពលរដ្ឋ​ទៅ​បោះ​ឆ្នោ​ត​ជ្រើ​សរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដោយកុំមានកា​រព្រួយបារម្ភពីការគាបសង្កត់ ការ​គ​​ម្រា​​​​មកំ​ហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ