បទយកការណ៍៖ តម្បាញ​ប្រពៃណី​ជួយ​ជំរុញ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​លើ​កោះ​ឧកញ៉ា​តី

ស្ត្រីតម្បាញក្រម៉ាសូត្រនៅលើកោះឧកញ៉ាតី​

ស្ថិត​នៅ​ចំ​កណ្ដាល​ទន្លេ​មេគង្គ និង​អាច​ឲ្យ​យើង​មើល​ឃើញ​អគារ​ខ្ពស់​ៗ​រាជ​ធានី​ភ្នំពេញ កោះ​ឧកញ៉ា​តី ដែល​ជា​ផ្នែក​មួយ​នៃ​ដែន​ដី​រដ្ឋបាល​ស្រុក​ខ្សាច់កណ្ដាល​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល​នោះ បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​តាម​នាវា​តូចៗ​ដែល​បើក​បរ​ឡើង​បញ្ច្រាស​ទឹក​ទន្លេ​មេគង្គ​ដ៏​ថ្លា​យង់។

ក្រៅ​ពី​ដំណាំ​បន្លែ និង​ផ្លែ​ឈើ​ហូប​ផ្លែ​ដ៏​ស្រស់​បៃតង​ រមណីយដ្ឋាន​កែច្នៃ «ចម្ការ​ស្នេហ៍»​នៅ​លើ​កោះ​នេះ បាន​ស្រូប​ទាញ​មនុស្ស​ចូល​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​ជាប្រចាំ​ផង​ដែរ ប៉ុន្តែ តម្បាញ​ហូល​ផាមួង​លក្ខណៈ​ប្រពៃណី​នៅ​លើ​កោះ​នេះ បាន​ផ្ដល់​សម្រស់​មួយ​ផ្នែក​ទៀត​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទៅ​ទស្សនា​ទីនោះ។

អង្គុយត្បាញក្រម៉ាសូត្រនៅលើកោះឧកញ៉ាតី​ នៅ​ក្នុង​ «រមណីយដ្ឋាន​ចម្ការស្នេហ៍​» អ្នកស្រី ព្រីង ចន្ធី បានរៀប​រាប់ថា បុគ្គលិកត្បាញផាមួង និងក្រម៉ាសូត្រ មានចំនួន ១២នាក់ ដោយអ្នកស្រីថា ក្នុងមួយខែបុគ្គលិក​ម្នាក់ អាចផលិតបានក្រម៉ាសូត្រប្រហែល ២០ និងផា​មួង​ប្រហែល​ជា​ចំនួន ​​​៤ សម្រាប់ដាក់លក់ឲ្យភ្ញៀវ​ទេស​ចរណ៍ជាតិ និងអន្តរជាតិ​ ប៉ុន្តែ អ្នកស្រី​ថា ផលិត​ស្ទើរ​តែមិនគ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​ភ្ញៀវ​នោះ​ឡើយ។

វាដាច់ពេក លក់អត់ទាន់ ត្បាញអត់ទាន់ ភាគច្រើននិយាយរួមទៅទាំងខ្មែរ ទាំងបរទេស ទាំងអស់តែម្តង[ទិញផាមួយង និង​ក្រម៉ា​សូត្រ​]

អ្នកត្បាញក្រម៉ាសូត្រនៅលើកោះឧកញ៉ាតី​ នៅ​ក្នុង​ «រមណីយដ្ឋាន​ចម្ការស្នេហ៍​» អ្នកស្រី ព្រីង ចន្ធី

​ស្ត្រី​អ្នក​តម្បាញ​បែប​ប្រពៃណី​រូប​នេះ បាន​ឲ្យ​ដឹង​ថា ក្រ​ម៉ាសូត្រ​មួយ ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ ៣០ដុល្លារ រីឯ​​ផាមួង១ ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃ ​២០០ដុល្លារ។ អ្នក​ស្រី​ឲ្យ​ដឹង​បន្ថែម​ថា ក្រម៉ា និង​ផាមួង​​ផលិត​ចេញ​ដោយ​ដៃ​អ្នក​ស្រុក​នៅ​ទីនោះ បាន​ក្លាយ​ជា​ផលិត​ផល​ដ៏​ពេញ​និយម​សម្រាប់​អតិថិជន​មាន​ជីវភាព​ធូធារ។

ថ្វី​បើ​ផលិត​ផល​​នេះ​មាន​តម្រូវការ​ទីផ្សារ​ល្អ ប៉ុន្តែ វា​មិន​បាន​ទាក់​ទាញ​មនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ចាប់​យក​របរ​ប្រពៃណី​មួយ​នេះ​នោះ​ទេ ដោយ​​អ្នក​តម្បាញ​ភាគ​ច្រើន​នៅ​ក្នុង​សហគមន៍​នោះ សុទ្ធ​តែ​មនុស្ស​មាន​វ័យ​ចំណាស់។

អង្គុយត្បាញផាមួង អ្នកស្រី សាយ​ សុខ បានអះអាងថា បច្ចុប្បន្ននេះ​ នៅលើ​កោះឧកញ៉ាតី អ្នកត្បាញ​ភាគ​ច្រើន សុទ្ធ​តែមនុស្សវ័យចំណាស់ចាប់ពី ៤០ឆ្នាំឡើងទៅ ដោយមិនសូវ​មានក្មេងជំនាន់ក្រោយនោះទេ​។ ករណីនេះ អ្នកស្រីបង្ហាញការព្រួយបារម្ភ​បាត់បង់​​អ្នក​ជំនាញធ្វើសិប្បកម្មដោយដៃនៅថ្ងៃអនាគត។

ក្មេងឥឡូវ​ចំណង់​ចំណូល​ចិត្ត​ចង់តែធ្វើការ វាអត់ចូលចិត្តខាងហ្នឹងផង…ជំនាន់ខ្ញុំ វាច្រើន បើជំនាន់ក្រោយចប់ហើយ ដល់​អញ្ចឹង​ទៅ វា​បាត់​បង់យូរៗទៅ

អ្នកត្បាញផាមួង អ្នកស្រី សាយ​ សុខ

មិន​ត្រឹម​តែ​បាត់​បង់​អត្ត​សញ្ញាណ​តំបន់​នោះ​ទេ ការ​បាត់​បង់​របរ​ប្រពៃណី​មួយ​នេះ ក៏​នឹង​អាច​ប៉ះ​ពាល់​ដល់​ភាព​ទាក់​ទាញ​ខាង​ផ្នែក​ទេសចរណ៍​ទៅ​កាន់​ដី​កោះ​មួយ​នេះ​ផង​ដែរ។

អ្នកគ្រប់គ្រងតម្បាញនៅក្នុង​«រមណីយដ្ឋាន​ចម្ការស្នេហ៍​» ស្ថិតនៅកោះឧកញ៉ាតី លោក ហឺ សំអាត  មានប្រសាសន៍ថា រៀងរាល់ថ្ងៃមានភ្ញៀវ​ទេសចរណ៍ជាតិ និងអន្តរជាតិទៅលេង​កំសាន្តនៅ​ក្នុង​ «រមណីយដ្ឋាន​ចម្ការស្នេហ៍​» នោះ ដោយសារ​ភាព​ទាក់​ទាញ​មួយ​ផ្នែក​បាន​មក​ពី​ការ​ទស្សនា​តម្បាញ​ក្រម៉ា និង​ផាមួង​ដោយ​ផ្ទាល់​នៅ​ទីនោះ។

លោក សំអាត អំពាវ​នាវ​ទៅ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ជួយ​គាំ​ទ្រ​ផលិត​ផល​អ្នក​ស្រុក​នៅ​ទីនោះ ដោយ​មិន​ត្រឹម​តែ​ទទួល​បាន​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជួយ​លើក​ស្ទួយ​ឧស្សាហកម្ម​ទេសចរណ៍​មូលដ្ឋាន​ផង​ដែរ។

ខ្ញុំចង់ឲ្យពួកគាត់គាំទ្ររបស់ខ្មែរយើងឲ្យបានច្រើន​ ព្រោះរបស់ខ្មែរធ្វើដោយដៃពិតៗ ព្រោះការប្រើប្រាស់ក៏វាល្អ មានគុណភាពខ្ពស់ជាងបរទេស

អ្នកគ្រប់គ្រងតម្បាញនៅក្នុង​«រមណីយដ្ឋាន​ចម្ការស្នេហ៍​» ស្ថិតនៅកោះឧកញ៉ាតី លោក ហឺ សំអាត

ស្ថាបនិកកី​តម្បាញ​ខ្មែរ​​ លោកស្រី​ ចេន សុភាព ស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ឲ្យ​ជួយលើកម្ពស់សិប្បកម្ម​ដែលធ្វើដោយដៃ និងជើង​នេះ ដោយថា ដើម្បី​ឲ្យភ្ញៀវជាតិ និង​អន្តរជាតិគាំទ្រលើផលិតផលរបស់ខ្មែរ។

សូមឲ្យខាងថ្នាក់ដឹកនាំគាត់ជួយពិនិត្យឡើងវិញ​ ផលិតផលដែលចម្លងស្ទើរតែដូច​យើងទាំងស្រុងចូលមក​ស្រុក​យើង…ទីពីរសំណូមពរឲ្យថ្នាក់ដឹកនាំគាត់ជួយគាំទ្របន្ថែម​ទៅលើវិស័យសូត្រ ផលិតផលដែលជា​សម្លៀកបំពាក់របស់ខ្មែរ ឲ្យបានបន្ថែម​ទៀត ដើម្បី​​ឲ្យ​ខ្មែរ​យើងក្នុងស្រុក​កាន់តែមានឱកាស​ បានប្រើប្រាស់​ផលិតផលខ្លួនឯងច្បាស់ ហើយក៏មានឱកាសឲ្យបរទេស អន្តរជាតិ គេស្គាល់​ផលិត​ផល​យើងដែរ ឃើញថារាល់ថ្ងៃថ្នាក់ដឹកនាំគាត់ខំប្រឹង​ខ្លាំងហើយ ប៉ុន្តែ​ គ្រាន់តែថា សន្ទុះបុកចូលមក​ពីខាង​ក្រៅវាខ្លាំងពេក​

ស្ថាបនិកកី​តម្បាញ​ខ្មែរ​​ លោកស្រី​ ចេន សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ