មេធាវីការពារក្តីឲ្យលោកកឹម សុខា ចំនួន៤រូបសុំលាឈប់ពីតួនាទីរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយមិនបញ្ជាក់មូលហេតុលម្អិតទេ។
មេធាវីម្នាក់ក្នុងចំណោមមេធាវីលោកកឹម សុខា គឺលោក ជូង ជូងឺ ថ្លែងថា មេធាវី៤រូបរួមទាំងរូបលោកផង គឺឈប់ចាប់ពីថ្ងៃនេះ។
លោក ថ្លែងថា៖« បាទឈប់ពីពេលនេះទៅតែម្តងបាទ! ឈប់៤នាក់។ អធ្យាស្រ័យផងខ្ញុំសុំមិនបកស្រាយច្រើនទេ»។
ពេលដែលសួរពីមូលហេតុនៃការលាឈប់ លោក ជូង ជូងី ថ្លែងថា លោកមិនបកស្រាយទេ ហើយក៏បិទទូរសព្ទ។ ចំណែកមេធាវី៣នាក់ផ្សេងទៀតដែលលាឈប់នោះ រួមមាន លោក សំ សុគង់ លោក ហែម សុជាតិ និង លោក កែត ឃី ទូរសព្ទចូលតែមិនមានអ្នកទទួលទេ។
បច្ចុប្បន្នលោក កឹម សុខា នៅសល់មេធាវី៣រូបផ្សេងទៀតរួមមាន លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេន។