អង្គការអន្ដរជាតិមួយវាយតម្លៃថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសកាន់តែងាយប្រឈមនឹងការបែកបាក់ ដោយសារការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងស្ថានភាពនយោបាយ បន្ទាប់ពីការរំលាយបក្សប្រឆាំងកាលពីឆ្នាំមុន ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចច្រាលចោលរបាយការណ៍នេះ។
ក្នុងរបាយការណ៍ស្ដីពី «សន្ទស្សន៍រដ្ឋងាយប្រឈមនឹងការបែកបាក់សម្រាប់ឆ្នាំ២០១៨» ចេញផ្សាយកាលពីសប្ដាហ៍មុន អង្គការមូលនិធិដើម្បីសន្ដិភាព បានចាត់ថ្នាក់កម្ពុជានៅលេខរៀងទី៥៣ ក្នុងចំណោមប្រទេស១៧៨ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះបីលេខ និងទទួលបានពិន្ទុ ៨៤ ក្នុងចំណោមពិន្ទុពេញ១២០ បើធៀបនឹងឆ្នាំ២០១៧ ដែលកម្ពុជាទទួលបានចំណាត់ថ្នាក់ទី៥០។
បើតាមរបាយការណ៍ កម្ពុជាស្ថិតនៅកម្រិតព្រមានខ្ពស់នៃប្រទេសដែលងាយប្រឈមការបែកបាក់ ដែលអាក្រក់ជាងបណ្ដាប្រទេសជាច្រើនក្នុងតំបន់ ឬប្រសើរជាងប្រទេសហ្វីលីពីន ទីម័រខាងកើត និងភូមាតែប៉ុណ្ណោះ។
អង្គការមូលនិធិដើម្បីសន្ដិភាព បានពន្យល់ថា ការធ្លាក់ចុះនៃចំណាត់ថ្នាក់នេះ គឺដោយសារតែបញ្ហាភាពស្របច្បាប់នៃរដ្ឋ ដំណើរការបោះឆ្នោត និងភាពមិនស្របច្បាប់នៃក្បាលម៉ាស៊ីនដឹកនាំប្រទេស និងបញ្ហាសិទ្ធិមនុស្សធ្លាក់ចុះ ខណៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមវិញ គឺរដ្ឋាភិបាលកម្ពុជាធ្វើបានល្អប្រសើរ។
សន្ទស្សន៍នៃរដ្ឋងាយប្រឈមការបែកបាក់ ផ្ដោតសំខាន់លើលក្ខខណ្ឌចំនួន៤ គឺភាពរឹងមាំរបស់រដ្ឋ កត្ដាសេដ្ឋកិច្ច សង្គម និងនយោបាយ ព្រមទាំងសូចនករជាច្រើន ដូចជា ស្ថានភាពសន្ដិសុខ ការធ្លាក់ចុះនៃសេដ្ឋកិច្ច សេវាសាធារណៈ ភាពស្របច្បាប់នៃរដ្ឋ បញ្ហាសិទ្ធិមនុស្ស និងនីតិរដ្ឋ សម្ពាធនៃបញ្ហាភូមិសាស្ដ្រ និងអន្ដរាគមន៍ពីខាងក្រៅជាដើម។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ទាត់ចោលរបាយការណ៍អង្គការអន្ដរជាតិមួយនេះ ដោយថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រូវ ស្របទៅតាមគោលនយោបាយដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកថា៖ «ខ្ញុំយល់ថា រាជរដ្ឋាភិបាល ដែលជាប់ឆ្នោតតាមរយៈឆន្ទៈប្រជាពលរដ្ឋ ធ្វើអ្វីស្របទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រែក្លាយកម្មវិធីនយោបាយនេះ ឲ្យទៅជាសកម្មភាពជាក់ស្ដែង។ អញ្ចឹងយើងធ្វើមិនតម្រូវទៅតាមការវាយតម្លៃរបស់អង្គការណា ឬជនណាទេ»។
ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើសិនការបោះឆ្នោតថ្នាក់ជាតិខែកក្កដាខាងមុខ មិនត្រូវបានទទួលស្គាល់ទេនោះ កម្ពុជានឹងប្រឈមបញ្ហាជាច្រើន ដូចជា ការតវ៉ាលទ្ធផលបោះឆ្នោត អស្ថិរភាពជាតិ និងអសន្ដិសុខសង្គមជាដើម។
លោកថា៖ «អ្វីដែលសំខាន់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា គឺវាទាក់ទងនឹងរឿងនយោបាយតែម្ដង នៅពេលដែលភាពមិនច្បាស់លាស់នៃការបោះឆ្នោត មិនត្រូវបានដោះស្រាយ។ វាអាចប៉ះពាល់ដល់សេដ្ឋកិច្ច ទោះពីជាសេដ្ឋកិច្ច ៦,៩ភាគរយក៏ដោយ ប៉ុន្ដែ វាអាចនឹងថយចុះមែន បើសិនបើមានការបោះឆ្នោតមិនត្រឹមត្រូវ សេរី និងយុត្ដិធម៌ វាមិនមានការតវ៉ាប្រឆាំង ឬមួយការមិនទទួលស្គាល់អំពីការបោះឆ្នោត វាធ្វើឲ្យមានអស្ថិរភាពនយោបាយ»។
ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១២មេសា ធនាគារពិភពលោកបានព្រមានជាថ្មីថា ទោះបីកំណើនសេដកិច្ចរបស់កម្ពុជានៅបន្ដភាពរឹងមាំរបស់ខ្លួនជាមួយនឹងសន្ទុះ៦,៩ភាគរយនៅឆ្នាំ២០១៨នេះក៏ដោយ ប៉ុន្ដែ ភាពច្បាស់លាស់នៃការបោះឆ្នោតថ្នាក់ជាតិខាងមុខ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដល់កំណើនសេដ្ឋកិច្ចនេះ។
ក្នុងដំណើរបញ្ចប់ទស្សនកិច្ចមកកម្ពុជាកាលពីថ្ងៃទី១៤មីនាកន្លងទៅ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ក៏បានលើកឡើងផងដែរថា ដំណើរវិវត្តន៍ចុងក្រោយនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានឈានដល់ផ្លូវបំបែក និងរឹតត្បិតបំផុត ខណៈរដ្ឋាភិបាលនៅតែបន្ដលើកពីស្ថិរភាពជាតិ និងការអភិវឌ្ឍ ដើម្បីរាំងខ្ទប់សិទ្ធិនានានោះ៕