ស្ថានទូតអាមេរិកនៅភ្នំពេញបានដំឡើងប្រព័ន្ធផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យថ្មីរបស់ខ្លួន ដោយថា ប្រព័ន្ធនេះនឹងកាត់បន្ថយយ៉ាងច្រើននូវការប្រើប្រាស់ភ្លើងអគ្គិសនីរបស់ស្ថានទូត ហើយជាជំហានមួយក្នុងការកាត់បន្ថយការបំពុលបរិយាកាស។
សេចក្តីប្រកាសព័ត៌មានស្ថានទូតអាមេរិនៅថ្ងៃនេះ បានស្រង់ប្រសាសន៍របស់លោកឯកអគ្គរដ្ឋទូត Heidt ដែលបាននិយាយថា៖
«យើងបានសំរេចធ្វើគំរោងនេះ ពីព្រោះយើងចង់ការពារបរិស្ថានរបស់យើងទាំងអស់គ្នា។ ស្ថានទូតអាមេរិកមានមោទនភាពក្នុងការធ្វើការវិនិយោគនេះទៅលើអនាគតនៃបរិស្ថាននៅកម្ពុជា។ នៅសហរដ្ឋអាមេរិក គេមានសុភាសិតថា គិតជាសាកល ហើយធ្វើនៅតាមកន្លែងមូលដ្ឋាន។ វាគឺជាអ្វីដែលស្ថានទូតអាមេរិកកំពុងធ្វើ នៅទីនេះនិងក្នុងពេលនេះ»។
សេចក្តីប្រកាសដដែលស្រង់ប្រសាសន៍លោកឯកអគ្គរដ្ឋទូតបន្ថែមទៀតថា លោកសង្ឃឹមថា គំរោងនេះនឹងលើកទឹកចិត្តដល់ស្ថាប័នដទៃទៀតឲ្យដំឡើងផ្ទាំងសូឡាស្រូបយកថាមពលព្រះអាទិត្យផងដែរ។
ស្ថានទូតអាមេរិកនៅភ្នំពេញបានដំឡើងផ្ទាំងសូឡាស្រូបថាមពលព្រះអាទិត្យថ្មីចំនួន ៩៤០ផ្ទាំង ដែលត្រូវចំណាយថវិកាអស់ប្រហែល ១លានដុល្លា នៅលើដំបូលនៃស្ថានទូតអាមេរិក។ ផ្ទាំងស្រូបថាមពលព្រះអាទិត្យទាំងនេះអាចផ្តល់ជាភ្លើងអគ្គិសនីសំរាប់រយៈពេល ១៩ឆ្នាំ ហើយស្ថានទូតអាចសន្សំប្រាក់បានប្រហែល ៦៥ ០០០ ដុល្លាក្នុងមួយឆ្នាំ ពីការចំណាយលើថាមពលអគ្គិសនី៕